សង្គមអន្តរជាតិ​
អន្តរជាតិ
ពិភពលោក​ទាំងមូល​ផ្តល់ជំនួយ​ថវិកា​និង​បច្ចេកទេស​ដល់​នេ​ប៉ាល់
27, Apr 2015 , 4:44 pm        
រូបភាព

ខណៈពេលដែល​អ្នកស្លាប់​កើនឡើង​ដល់​ជាង៣ពាន់​នាក់ បណ្តា​ប្រទេស​ជាច្រើន និង​ស្ថាប័ន​អន្តរជាតិ ចាប់ផ្តើម​បញ្ជូន​ក្រុម​សង្គ្រោះ និង​ជំនួយ​សង្គ្រោះបន្ទាន់​ទៅកាន់​ប្រទេស​នេ​ប៉ាល់។ អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប អាស៊ាន អង្គការ​រូបិយវត្ថុ​អន្តរជាតិ រួមទាំង​ក្រម​ហ៊ុន​ឯកជន​ជាដើម បានប្រកាស​ជួយ​ប្រជាជន​នេ​ប៉ាល់ ដើម្បី​ប្រឈមមុខ​ជាមួយ​គ្រោះមហន្តរាយធម្មជាតិ​នេះ។


មានសំឡេង



គិតដល់​ត្រឹម​ថ្ងៃ​ចន្ទ​នេះ មនុស្ស​ស្លាប់​កើនឡើង​ដល់​ជាង ៣ពាន់​នាក់ និង​ជាច្រើន​នាក់​ផ្សេងទៀត​បន្ត​បាត់​ខ្លួន។ ក្រុម​ជួយសង្គ្រោះ​ជាតិ និង​អន្តរជាតិ កំពុង​ស្វះស្វែង​ជួយសង្គ្រោះ​អ្នក​រស់រានមានជីវិត ប៉ុន្តែ​ក្រុម​នេះ​ប្រឈមមុខ​គ្រោះថ្នាក់ និង​ឧបសគ្គ​ជាច្រើន​ផងដែរ ដោយសារ​ពួកគេ មិនអាច​ចូលទៅ​កាន់​តំបន់​ដាច់​ស្រ​យ៉ា​ល ឬ​តំបន់ភ្នំ ហើយ​រលក​រញ្ជួយ​នៅ​បន្ត​មាន​ឥទ្ធិពល ខណៈដី​ក៏​បន្ត​បាក់​ធ្លាក់​ផង​នោះ។

បញ្ហា​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​នេ​ប៉ាល់ សម្លាប់​មនុស្ស​រាប់ពាន់​នាក់​នេះ បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​សោកសង្រេង​ជាខ្លាំង។ ស្ថាប័ន​អន្តរជាតិ ប្រទេស​ជា​មិត្ត រួមទាំង​ស្ថាប័នឯកជនធំៗ ប្រកាស​គាំទ្រ​ទាំង​ថវិកា និង​ស្មារតី ដោយ​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ និង​បញ្ជូន​ក្រុម​សង្គ្រោះ​របស់ខ្លួន​ទៅកាន់​ប្រទេស​នេ​ប៉ាល់។ ក្នុងចំណោម​នោះ​មានដូចជាៈ
-សហរដ្ឋអាមេរិក៖ ផ្តល់ជំនួយ​ថវិកា​ប្រមាណ ១លាន​ដុល្លារ​អាមេរិក​តាមរយៈ​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ។ ក្រោ​ពី​ជំនួយ​ថវិកា អាមេរិក​ក៏​បញ្ជូន​ក្រុម​សង្គ្រោះ​ទៅកាន់​នេ​ប៉ាល់​ផងដែរ។

-មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​ដឹក​ថ្នាំសង្កូវ ស្បៀងអាហារ​សម្រាប់​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ និង​ជនរងគ្រោះ រួមជាមួយ​ក្រុម​ឆ្លើយតប​ពិសេស៤០ក្រុម រួមទាំង​ក្រុម​សង្គ្រោះ​សម្រាប់​ស្វែងរក​អ្នក​បាត់​ខ្លួន ។

-រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​របស់ខ្លួន​ទៅកាន់​នេ​ប៉ាល់ ហើយ​ក្រុម នេះ​បាន​ទៅដល់​តំបន់​រងគ្រោះ​រួចរាល់​ហើយ។

-  អង់គ្លេស​បាន​បញ្ជូន​ក្រុម​មនុស្សធម៌៨ក្រុម និង​ជំនួយ​សង្គ្រោះបន្ទាន់​ក្នុង​ទំហំ​ទឹកប្រាក់ ៥ លាន​អឺរ៉ូ​ផង។

-ប៉ា​គី​ស្ថាន​ដែលជា​ប្រទេសជិតខាង​នេ​ប៉ាល់ បាន​បញ្ជូន​យន្តហោះ​ដឹក​ស្បៀង គ្រែពេទ្យ សម្រាប់​អ្នករងគ្រោះ​សម្រាក ក្រុម​អ្នកជំនាញ និង​ក្រុម​ទាហាន​ពេទ្យ​ជាច្រើន​ផ្សេងទៀត ទៅកាន់​ប្រទេស​នេ​ប៉ាល់។ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក៏​បញ្ជូន​សត្វ​ឆ្កែ​ហិតក្លិន ប្រព័ន្ធ​រ៉ា​ដា ក្រុម សង្គ្រោះ សម្ភារៈ​សង្គ្រោះ ព្រមទាំង​ស្បៀង២ពាន់​កញ្ចប់ និង​តង់​ចំនួន២០០ រួមជាមួយ ភួយ ៦០០ទៀត។  

-ណរ​វែ​ស បានប្រកាស​ផ្តល់​ថវិកា​មនុស្សធម៌ ៣.៩លាន​ដុល្លារ​ទៅដល់​នេ​ប៉ាល់។

-អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង អ៊ីស្រាអែល និង​សហភាព​អឺរ៉ុប ប្រកាស​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​នេ​ប៉ាល់ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​បង្ខំ​ផងដែរ។

-អាស៊ាន៖ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២៦នៅ​ម៉ាឡេស៊ី បណ្តា​មេដឹកនាំ​អាស៊ាន​បានប្រកាស​ផ្តល់​ការគាំទ្រ និង​ជំនួយ​ដល់​រដ្ឋាភិបាល​នេ​ប៉ាល់ ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​រញ្ជួយ​ដី ដែល​ស្លាប់​មនុស្ស​ច្រើនជាង ៣ពាន់​នាក់​នេះ។ បច្ចុប្បន្ន​ប្រទេស​ដូចជា​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី បាន​បញ្ជូន​ក្រុម​សង្គ្រោះ​និង​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​នេ​ប៉ាល់​រួចរាល់​ហើយ។

-ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ៖ លោកស្រី គ្រី​ស្ទៀ​ន ឡា​ហ្កា​ត នាយិការ​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ បានប្រកាសថា នឹង​បញ្ជូន​ក្រុម​សង្គ្រោះ និង​ត្រៀម​ផ្តល់ជំនួយ​សម្រាប់​នេ​ប៉ាល់​ដោះស្រាយ​បញ្ហា​ប្រឈម។ បច្ចុប្បន្ន​ស្ថា​ប័​នេះ កំពុង​ជជែក និង​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី​ជាដើម ពី​វិធានការ​និង​ដំណោះស្រាយ​ដើម្បី​ជួយ​ស្តារ និង​សង្គ្រោះ​នេ​ប៉ាល់​អោយ​ផុតពី​ទុក្ខលំបាក​ក្រោយ​គ្រោះមហន្តរាយធម្មជាតិ។ ដោយ ឡែក​ម្ចាស់ជំនួយធំៗមាន Oxfam , Save the children អង្គការ​សុខភាព​ពិភពលោក​និង យូ​នី​សេ​ហ្វ កំពុង​ស្វះ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​ទូទាំង​ពិភពលោក ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុម​សង្គ្រោះ និង​ជួយ​រដ្ឋាភិបាល​នេ​ប៉ាល់​ដោះស្រាយ​បញ្ហា​អាសន្ន។ ហើយ​ក្រុមហ៊ុន​ឯកជនធំៗរួមមាន Googleជាដើម ក៏​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​រដ្ឋាភិបាល​នេ​ប៉ាល់​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com