សង្គមអន្តរជាតិ​
អន្តរជាតិ
ទារក Sonies Awal ក្លាយជា​និមិត្តរូប​នៃ​ក្តីសង្ឃឹម​របស់​ប្រជាជាតិ​នេ​ប៉ាល់​ទាំងមូល
01, May 2015 , 1:53 pm        
រូបភាព
ដោយ: រួបរួម
ករណី​របស់​ទារ​កនេ​ប៉ាល់​អាយុ៥ខែ​ឈ្មោះ Sonies Awal ដែល​ស្ថិតនៅក្រោម​គំនរ​អាគារ​បាក់បែក​អស់​រយៈ២២ម៉ោង ដោយ​គ្មាន​របួសស្នាម​អ្វី​ធំដុំ គឺជា​មហា​សំណាង​ដែល​មិនគួរ​ឲ្យ​ជឿ។ ពេលនេះ ទារក Sonies Awal ត្រូវគេ​ចាត់ទុកថា ជា​និមិត្ត​រូបនេះ​ក្តីសង្ឃឹម​របស់​ប្រជាជាតិ​នេ​ប៉ាល់​ទាំងមូល ដែល​បាន​រងគ្រោះ​រញ្ជួយ​ដី​កម្រិត៧,៨រិច​ទ័​រ កាលពី​ព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ កន្លងមក។



មនុស្ស​នៅលើ​ពិភពលោក បានបង្ហាញ​នូវ​អារម្មណ៍​រំភើប​ផង និង​រន្ធត់​ផង បន្ទាប់​សារព័ត៌មាន Kathmandou Today បាន​ផ្សព្វផ្សាយ​ពី​រូបភាព​ទាក់ទង​នឹង​ការសង្គ្រោះ​ទារក Sonies Awal ចេញពី​គំនរ​បាក់បែក​មួយ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ដែល​បានសម្លាប់​មនុស្ស​ជាង៦០០០នាក់ បើ​គិត​ត្រឹម​ថ្ងៃទី១ ខែឧសភា។

ក្រោយ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នេះ បណ្តាញ​ទូរទស្សន៍ CNN បាន​ចុះ​ធ្វើ​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុមគ្រួសារ​របស់​ទារក Sonies Awal។ អ្នកស្រី Rasmila Awal ដែលជា​ម្តាយ បាន​រៀបរាប់ថា ខណៈពេលដែល​មានការ​រញ្ជួយ​ដី អ្នកស្រី បាន​ដើរ​ចេញពីផ្ទះ​ឆ្ពោះទៅ​ហាង​មួយ ដោយ​ទុក​កូន​ពីរ​នាក់​នៅផ្ទះ គឺ​កូនស្រី Soniya អាយុ១០ឆ្នាំ និង Sonies អាយុ៥ខែ។

មួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ ផ្ទះ​របស់​អ្នកស្រី និង​ផ្ទះ​ផ្សេងទៀត​នៅ​តំបន់ Muldhoka, Bhaktapur នៃ​ក្រុង Kathmandu បាន​ក្លាយជា​គំនរ​បែកបាក់ ស្របពេល​ដែល​លោក Sham Krishna Awal ជា​ស្វាមី បាន​ចេញទៅ​ប្រកបរ​បរជា​អ្នករត់​តាក់ស៊ី។

ក្រោយ​ព្រឹត្តិការណ៍​រញ្ជួយ​ដី លោក Sham Krishna Awal បាន​វិល​ត្រឡប់មកផ្ទះ​វិញភ្លាមៗដើម្បី​ជួប​គ្រួសារ ខណៈ​លោកស្រី Rasmila ស្ថិតក្នុង​ស្ថានភាព​ដ៏​អស់សង្ឃឹម។ ស្ត្រី​អាយុ៣៥ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់ CNN ថា៖ «ខ្ញុំ​បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ។ ខ្ញុំ​មាន​ក្តីសង្ឃឹម​តិចតួច​បំផុត​ដែលថា កូនៗនៅ​រស់រៀនមានជីវិត ពីព្រោះ​ខ្ញុំ​មិនបាន​លឺ​សំឡេង​អ្វី​នោះឡើយ»។ សំណាងល្អ ពីរ​ម៉ោង​ក្រោយ គ្រួសារ​របស់ Awal បានទទួល​ដំណឹង​ថា កូនស្រី​អាយុ១០ឆ្នាំឈ្មោះ Soniya ត្រូវបាន​រកឃើញ និង​រស់រៀនមានជីវិត។ ប៉ុន្តែ​ដំណឹង​របស់​កូនប្រុស Sonies នៅតែ​គ្មាន​ពន្លឺ។

យោងតាម​ការរៀបរាប់​ប្រាប់ CNN ក្រុមគ្រួសារ​បាន​ទូរ​សព្ទ​ហៅ​ក្រុម​ទាហាន​សង្គ្រោះ​នេ​ប៉ាល់។ ក្រុម​ទាហាន​បាន​ទៅដល់​ទីតាំងនៅ​ម៉ោង៦ល្ងាច ហើយ​បន្ត​រុករក​រហូតដល់​ម៉ោង៩ល្ងាច​នៅតែ​មិនឃើញ ដែល​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​កាន់តែ​ធ្លាក់ចុះ។

អ្នកជិតខាង​ដែល​នៅ​រស់រានមានជីវិត​បា​ន​ធ្វើការ​លួងលោម អ្នកស្រី Rasmila និង​ស្វាមី ដោយឡែក​ឡើង​ថា «បើ​ជោគវាសនា​មាន គេ [Sonies] ច្បាស់​នៅ​រស់រៀនមានជីវិត បើ​មិន​ដូច្នោះ ព្រះ​ជា​ម្ចាស់​ច្បាស់​នាំ​រូបគេ​ទៅ​ឆ្ងាយ»។

ជាមួយ​ក្តី​អស់សង្ឃឹម គេ​បានលឺ​សំឡេង​ចេញពី​គំនរ​បាក់បែក ដែលជា​ពន្លឺ​នាំ​ឲ្យ​ទាហាន​សង្គ្រោះ​នេ​ប៉ាល់​រកឃើញ​ទារក Sonies។ បច្ចុប្បន្ន គ្រួសារ​មួយ​នេះ មិនមាន​ផ្ទះ​ស្នាក់​នៅឡើយ ពីព្រោះ​អ្វី​ទាំងអស់​ត្រូវបាន​បំផ្លាញ​ដោយសារ​ការរញ្ជួយ​ដី ដែល​ក្នុងនោះ បងស្រី​ថ្លៃ​របស់លោក Sham Awal និង​កូន២នាក់ សុទ្ធតែ​បាន​ស្លាប់ភ្លាមៗកាលពី​ថ្ងៃ​សៅរ៍។

ទោះបីជា​យ៉ាងណាក៏ដោយ អ​ព្ហូ​ត​ហេតុដែល​កើតមាន​ចំពោះ​ទារក Sonies ត្រូវបាន​គេ​ចាត់ទុកថា ជា​និមិត្តរូប​នៃ​ក្តីសង្ឃឹម​របស់​ប្រជាជាតិ​នេ​ប៉ាល់​ទាំងមូល៕

ព័ត៌មានរូបភាពទាក់ទងនឹងទារក Sonies សូម​ចូល អាន រន្ធត់ និង​រំភើប ខណៈ​ទារក៤ខែ​ម្នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​ដោយ​គ្មាន​របួសស្នាម



© រក្សាសិទ្ធិដោយ thmeythmey.com