សង្គមអន្តរជាតិ
អន្តរជាតិ
ប្រទេសណាខ្លះជាមហាអំណាចយោធាទាំង៥ នៅលើពិភពលោក?
× គេហទំព័រ globalfirepowerបានចាត់ថ្នាក់ប្រទេសចំនួន ៥ ថាជាមហាអំណាចយោធាដ៏ខ្លាំងក្លាបំផុត នៅលើពិភពលោក ដោយបានធ្វើការកំណត់ទៅលើកត្តាធំៗចំនួន ៥០ ដែលក្នុងនោះគឺមិនបានរាប់បញ្ចូលនូវកម្លាំងនៃអាវុធនុយក្លេអ៊ែរ ឥទ្ធិពលរបស់ប្រទេស និងចំនួនសរុបនៃអាវុធដែលខ្លួនមាននោះទេ។
ខាងក្រោមនេះ គឺជាប្រទេសទាំង ៥ ដែលគេចាត់ទុកថាជាមហាអំណាចយោធា សម្រាប់ឆ្នាំ២០១៤ នេះ
ទី១ សហរដ្ឋអាមេរិក៖ ថវិកាដែលត្រូវចំណាយលើវិស័យការពារជាតិ របស់សហរដ្ឋអាមេរិកគឺមានចំនួន ៦១២ ពាន់លានដុល្លារអាមេរិក ដែលថវិកានេះ ច្រើនជាងការបូកបញ្ចូលគ្នានៃថវិកាការពារជាតិ របស់មហាអំណាចយោធា ទាំង ៩ ផ្សេងទៀត។ សហរដ្ឋអាមេរិកមាននាវាដឹកយន្តហោះច្រើនជាងគេ រហូតដល់ទៅ ១៩ គ្រឿងដែលក្នុងនោះមាន ១២ គ្រឿងកំពុងប្រតិបត្តិការនៅជុំវិញពិភពលោក។អាមេរិកមានទាហានជួរមុខជាង ១,៤៣ លាននាក់ និងទាហានបម្រុង ជាង ៨៥ ម៉ឺននាក់ទៀត។
ទី២ រុស្ស៊ី៖ ក្រោយពីការដួលរលំនៃសហភាពសូវៀត កងកម្លាំងយោធារបស់ប្រទេសរុស្ស៊ី មានការកើនឡើងជាបន្តបន្ទាប់ ដែលក្នុងនោះ ការចំណាយលើថវិកាការពារជាតិមានប្រមាណជា ៧៦,៦ ពាន់លានដុល្លារ ទាហានជួរមុខ ៧៦,៦ ម៉ឺននាក់ ទាហានបម្រុងជាង ២,៤ លាននាក់ ហើយរុស្ស៊ីជាប្រទេសដែលមានរថក្រោះច្រើនជាងគេនៅលើពិភពលោក គឺប្រហែល ១៥៥០០ គ្រឿង ប៉ុន្តែភាគច្រើនជារថក្រោះចាស់ៗ ។
ទី៣ ចិន៖ ប្រទេសចិន បានចំណាយប្រាក់លើវិស័យការពារជាតិប្រហែល ១២៦ ពាន់លានដុល្លារ ហើយប្រទេសនេះបានបង្កើនថវិកាជារៀងរាល់ឆ្នាំដោយសារតែជម្លោះដណ្ដើមទឹកដី ជាមួយប្រទេសជិតខាង។ ប្រទេសចិនមានទាហានជួរមុខជាង ២,២៨ លាននាក់ និងទាហានបម្រុងជាង ២,៣ លាននាក់ទៀត ។ ចិនមានបច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍផ្នែកវិស័យយោធា ជាពិសេស បច្ចេកវិទ្យានៃយន្តហោះ F 35 ។
ទី៤ ឥណ្ឌា៖ ប្រទេសឥណ្ឌា គឺជាប្រទេសដែលនាំចូលអាវុធច្រើនជាងគេបំផុត នៅលើពិភពលោក ហើយថវិកាការពារជាតិរបស់ប្រទេសមានចំនួន ៤៦ ពាន់លានដុល្លារ។ ប្រទេសនេះមានទាហានជួមុខសរុប ១,៣២ លាននាក់ និងទាហានបម្រុង ២,១៤ លាននាក់។ ប្រទេសឥណ្ឌា មានកាំជ្រួចមីស៊ីលballisticរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារប្រទេសប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសចិនបានយ៉ាងងាយ។
ទី៥ ចក្រភពអង់គ្លេស៖ បើទៅបីជាអង់គ្លេសចង់កាត់បន្ថយកងទ័ពរបស់ខ្លួន ២០ ភាគរយក្នុងចន្លោះឆ្នាំ ២០១០ ដល់ ២០១៨ ក៏ដោយ ក៏ប្រទេសនេះ នៅតែជាមហាអំណាចមួយដ៏ខ្លាំង នៅលើពិភពលោក ហើយថវិកាការពារជាតិរបស់ប្រទេសនេះគឺមានប្រមាណជា ៥៤ ពាន់លានដុល្លារ។ អង់គ្លេសគ្រោងនឹងដាក់ឲ្យដំណើរការនាវាដឹកយន្តហោះ HMS Queen Elizabeth ដែលអាចផ្ទុកយន្តហោះចម្បាំង F -35B បាន ៤០ គ្រឿង ហើយធ្វើដំណើរនៅជុំវិញពិភពលោក ដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com