ជាតិ
ក្រុម​មួក​ត្នោត​ខ្មែរ​ផ្សព្វផ្សាយ​មួក​ត្នោត​លើក​ទី២លើកកម្ពស់​វប្បធម៌​ខ្មែរ
04, May 2015 , 11:32 am        
រូបភាព
សៀមរាប៖ ក្រុមយុវជន​នៅក្នុង​ខេត្តសៀមរាប និង​ខ្លះ​មកពី​បណ្តា​ខេត្ត​ក្រុង​មួយចំនួន បាន​ជួបជុំគ្នា រៀបចំ​ក្បួន​ដង្ហែ​មួក​ស្លឹកត្នោត​ជា​ទ្រុងទ្រាយ​ធំ​នៅ​ទីក្រុង​សៀមរាប។ ក្បួន​ដង្ហែ ដើម្បី​ផ្សព្វផ្សាយ​ពី​មួក​ត្នោត​លើក​ទី២នេះ មាន​អ្នកចូលរួម​ប្រមាណ១០០នាក់ ក្នុង​គោលបំណង លើកកម្ពស់​វប្បធម៌​ខ្មែរ​តាមរយៈ​មួក​ស្លឹកត្នោត។



ក្បួន​កង់ និង​ម៉ូតូ ដែល​ក្រុមយុវជន​ប្រើប្រាស់ ដើម្បី​ផ្សព្វផ្សាយ​មួក​ត្នោត បាន​ឆ្លងកាត់​នៅ​ទីប្រជុំសំខាន់ៗ ក្នុង​ទីក្រុង​សៀមរាប។ ក្រោយពី​កាត់​តំបន់​ផ្សារ​ចាស់ និង​ឆ្លងតាម​ព្រះរាជដំណាក់​ហើយ​នោះ ក្បួន​មួក​ត្នោត បាន​សំដៅទៅ​ប្រាសាទអង្គរវត្ត។ ទីនោះ​ហើយ ដែល​ក្រុមយុវជន​មាន​គ្នា​ប្រមាណ១០០នាក់ បានធ្វើ​សកម្ម​ភាពចុះ​ចែក​មួក​ត្នោត ដល់​ភ្ញៀវទេសចរ​ទូទៅ ក្នុងនោះ​មាន​ទាំង​ខ្មែរ និង​បរទេស។

កាលពី​ឆ្នាំ២០១៤កន្លងទៅ សកម្មភាព​បែបនេះ​ធ្លាប់ធ្វើ​ម្តង​រួចមកហើយ។ បន្ទាប់ពី​មើលឃើញ​ពី​ភាពជោគជ័យ នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន យុវជន​ដែល​ភាគច្រើន​គេ​ស្គាល់​ថា ជា​និស្សិត​នៅ​សាលា​បញ្ញា​សាស្ត្រ បាន​ផ្តួចផ្តើម​ឲ្យ​មាន​សកម្មភាព​លើក​ទី២ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី៣ ឧសភា។ មួក​ស្លឹកត្នោត​ចំនួន១០០០មួក បាន​ចែក​ទៅដល់​ភ្ញៀវទេសចរ ក្នុង​បំណង​ឲ្យ​ពួកគេ​ស្គាល់ និង​ដឹងថា វា​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិខ្មែរ។

យុវជន សឿ សេរី​រ័ត្ន តំណាង​ក្រុមយុវជន​មួក​ត្នោត​ខ្មែរ បាន​ឲ្យ​ដឹងថា ក្រុម​របស់លោក​បង្កើត​ឡើង​ដោយ​មិត្តភក្តិ​ចំនួន៧នាក់។ ការបង្កើត​ក្រុម​មួក​ត្នោត​នេះ ក្រោយពី​ពួកគេ​ជា​យុវជន​មើលឃើញថា និន្នាការ​ពាក់មួក​ត្នោត មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់។ សេរី​រ័ត្ន បន្ថែមថា វា​មាន​សារសំខាន់​បំផុត នៅពេល​ប្រជាពលរដ្ឋ​ងាក​មក​ចូលរួម គាំទ្រ​មួក​ត្នោត​ខ្មែរ ឡើងវិញ ដើម្បី​វប្បធម៌ ក៏ដូចជា​បង្កើត​មុខរបរ​ដល់​អ្នក​ផលិត​ជាដើម។

កញ្ញា ហែម គ​ន្ធា អ្នកស្ម័គ្រចិត្ត​ចូលរួម​ផ្សព្វផ្សាយ​មួក​ត្នោត បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី២ហើយ ដែល​នាង​បាន​ចូលរួម​ផ្សព្វផ្សាយ​មួក​ត្នោត។ កញ្ញា​រម្លឹកថា ដោយ​សង្កេតឃើញ​ពី​ការលែង​ចាប់អារម្មណ៍​នឹង​មួក​ត្នោត​របស់​ភ្ញៀវទេសចរ នាង​និង​មិត្តភក្តិ​ឯទៀត បាននាំគ្នា​គិតថា នឹងធ្វើ​សកម្មភាព លើកកម្ពស់​ការប្រើប្រាស់​មួក​ត្នោត​ឡើងវិញ។ នាង​បន្ថែមថា ក្រោយ​សកម្ម​ភាពជា​ហូរហែរ​រយៈពេល​ពេញ​មួយឆ្នាំ ឃើញថា​មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​ពេញនិយម​ពាក់មួក​ត្នោត​ឡើងវិញ ជាពិសេស​អំឡុងពេល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ ដែល​ក្នុងនោះ មាន​ទាំង​ថ្នាក់ដឹកនាំ​ប្រទេស ក៏​ចូលរួម​ពាក់មួក​ត្នោត ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​ផងដែរ។

ការចែក​មួក​ចំនួន១០០០មួក គឺធ្វើឡើង​ដោយ​គិតថ្លៃ។ ក្រុមយុវជន​ដែលមាន​គ្នា​ប្រមាណ១០០នាក់ ដែល​ចូលរួម​ដង្ហែ​មួក​ត្នោត​កាលពី​ថ្ងៃអាទិត្យ​នោះ បាន​រៃអង្គាស​គ្នា​តាមរយៈ​ការទិញ​អាវយឺត​ដែលមាន​រូប​មួក​ត្នោត។ ថវិកា​ដែល​បានមកពី​ការលក់​អាវយឺត​នោះ​ហើយ ដែល​អាច​ឲ្យ​ពួកគេ​មានលទ្ធភាព ធ្វើ​សកម្មភាព​នេះ​បាន។

គួរ​បញ្ជាក់ដែរថា ក្រោយពី​បញ្ចប់​ការចែក​មួក​ដល់​ភ្ញៀវ​នៅ​អង្គរវត្ត​ហើយ ក្រុម​មួក​ត្នោត​ខ្មែរ ក៏បាន​ស្រែក​ពាក្យស្លោក​មួយចំនួន ក្នុងន័យ​ផ្សព្វផ្សាយ និង​បំផុស​ដល់​ពលរដ្ឋ​ខ្មែរ ឲ្យ​ងាក​មកប្រើប្រាស់​មួក​ត្នោត​ឡើងវិញ ជាពិសេស​ពេល​ពួកគាត់ មក​កម្សាន្ត​ក្នុង​ទឹកដី​អង្គរវត្ត។ សម្រាប់​បរទេស ពួកគេ​បាន​ពន្យល់ថា មួក​ត្នោត​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ ដូច្នេះ​ពួកគេ​គួរ​ពាក់មួក​ត្នោត​ទាំងអស់គ្នា ដើម្បី​ឲ្យ​តម្លៃ​វប្បធម៌ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com