ជាតិ
ពីនេះ ពីនោះ
រឿងមហស្ចារ្យប្រចាំថ្ងៃទាំង៥ របស់ពលរដ្ឋជនជាតិរំដួល
× នៅប្រទេសរំដួលមានរឿងឆ្ងល់ រឿងមហស្ចារ្យ ឬអច្ឆរិយៈរាប់មិនអស់។ គឺពលរដ្ឋនៃប្រទេសនេះដែលធ្វើរឿងឆ្ងល់ៗ មិនឲ្យគេយល់បាន។ សារព័ត៌មានថ្មីៗ សូមបង្ហាញរឿងមហស្ចារ្យមួយចំនួនដែលពលរដ្ឋនៃប្រទេសរំដួលតែងធ្វើជាប្រចាំថ្ងៃ៖
១/ ឲ្យតែស្ងាត់បន្តិច បាញ់នោមដាក់របងផ្ទះគេ ទោះនៅកណ្តាលវាលក៏ដោយ។ ដូច្នេះម្ចាស់ផ្ទះត្រូវសរសេរស្លាកបិទតាមរបងផ្ទះដាក់ថា «ហាមនោម»។ ម្ចាស់ផ្ទះខ្លះទៀតសរសេររហូតដល់ «កន្លែងឆ្កែនោម» ក្នុងន័យប្រាប់ថា បើអ្នកណានោម គឺសត្វឆ្កែ។ តែគេនៅតែឃើញមនុស្សនៃប្រទេសរំដួលទៅនោមដដែល។ រឿងនោមដដែល ពលរដ្ឋរំដួលខ្លះឈប់ម៉ូតូ ចតឡាននៅចិញ្ចើមផ្លូវ បាញ់ចាំងដាក់ដើមឈើ ដែលដុះអមមហាវិថីក៏មានដែរ។ អ្នកខ្លះទៀតបាញ់ចាំងដាក់គុម្ពផ្កាក្នុងឧទ្យានសាធារណៈ។ និយាយរួម កន្លែងណាក៏នោមបាន។ បាញ់នោមគ្មានព្រំដែន។
២/ នៅកន្លែងដែលមានស្លាកសញ្ញាថា ហាមចត ហាមបត់ក្រោយ ចំណតរថយន្តក្រុង ជាដើមនោះ ពលរដ្ឋដ៏មហាអស្ចារ្យនៃប្រទេសរំដួល ត្រូវតែចត ត្រូវតែបត់ក្រោយ ត្រូវតែចតលើចំណតរថយន្តក្រុង។ ភ្លើងចរាចរណ៍ពណ៌ក្រហមដែលមានន័យថាឈប់ តែអ្នកបើកបររំដួល បកស្រាយថា «ទៅ»។ ទៅឲ្យលឿនទៀតផង ព្រោះខ្លាចគេបុក។
៣/ រឿងសំរាមវិញម្តង។ នៅតាមអាហារដ្ឋាន។ បើមានធុងសំរាមនៅក្រោមតុ ពលរដ្ឋរំដួល ឲ្យនិយមន័យថា «ត្រូវបោះសំរាមចោលក្បែរធុងសំរាម»។ ពលរដ្ឋរំដួលបោះចោលសំរាមគ្មានព្រំដែន៖ មុខផ្ទះអ្នកដទៃ បោះចូលលូ ដាក់នៅមាត់លូ ដាក់កណ្តាលថ្នល់ ចោលគ្រវែងពីផ្ទះជាន់លើ ។ល។ បើទីណាមានដាក់ស្លាក «ហាមចោលសំរាម» គឺនៅទីនោះហើយ ដែលមានសំរាមគរដូចកូនភ្នំនោះ។
៤/ រឿងចតឡានម្តង។ ឡានធំ ឡានថ្លៃ ម្ចាស់ឡានដែលជាជនជាតិរំដួល ដូចមានបុព្វសិទ្ធិពីព្រះឥន្ទ្រអ៊ីចឹង។ ពួកគេចតនៅកណ្តាលផ្លូវដើម្បីចុះទិញលៀសហាល ចតបញ្ច្រាសទិសដើម្បីឈប់ទិញទឹកអំពៅ ចតមុខច្រកចេញចូលផ្ទះអ្នកដទៃដោយមិនខ្វល់បន្តិចសោះឡើយ។
៥/ ការបំផ្លាញសម្បត្តិសាធារណៈ។ ពលរដ្ឋជនជាតិរំដួលឲ្យនិយមន័យនៃពាក្យ «សម្បត្តិសាធារណៈ» ត្រឹមតែថា មិនមែនជារបស់ខ្លួន។ ប៉ុន្តែពួកគេមិនបានយល់ថា សម្បត្តិសាធារណៈ គឺជាសម្បត្តិរួមឡើយ។ ដូច្នេះ បើមិនមែនជារបស់ខ្លួន គឺខ្លួនមិនរក្សា ហើយបំផ្លាញក៏បាន។ អគ្គិសនីរបស់រដ្ឋ មន្ត្រីរំដួលបើកភ្លើង ម៉ាស៊ីនត្រជាក់ កង្ហារចោល។ ស្លាកសញ្ញាចរាចរណ៍ ធុងសំរាម បង្គន់សាធារណៈ ត្រូវតែបាត់ បាក់បែក ជាបន្តបន្ទាប់។ កុំថាឡើយសម្បត្តិសាធារណៈក្នុងរូបភាពទូលាយអ៊ីចឹង ទោះសម្បត្តិរួមនៅក្នុងក្រសួង សាលារៀន ក្រុមហ៊ុនឯកជន ក៏ពលរដ្ឋរំដួលមិនអាចចូលរួមថែរក្សាឡើយ។
សរុបមកវិញ រឿងមហស្ចារ្យខាងលើនេះ មិនមែនមានន័យថា ពលរដ្ឋរំដួលមិនដឹង មិនយល់នោះទេ។ ពួកគេដឹងថា ភ្លើងចរាចរណ៍ពណ៌ក្រហម មានន័យថាឈប់ មិនត្រូវចោលសំរាមក្នុងលូ មិនឈប់រថយន្តបញ្ច្រាសទិស មិនត្រូវបាញ់នោមដាក់របងផ្ទះអ្នកដទៃ ។ល។ ប៉ុន្តែពលរដ្ឋរំដួលនៅតែបំពាន៕
© រក្សាសិទ្ធិដោយ thmeythmey.com