ជាតិ
នាយ​ពែ​កមី​សុំ​ព្រះរា​ជទាន​ទោសក្រោយ​សម្តែង​ឈុត​មួយ​ដោយ​យក​លុយ​ទៅ​គាប​នឹង​ជើង
09, May 2015 , 11:17 pm        
រូបភាព
នាយ ពែកមី និងភរិយា ធ្វើ​ឃ្លីបវីដេអូដើម្បី​សុំព្រះរាជទានទោស​ពីព្រះមហាក្សត្រ និងសុំទោសជន​រួម​ជាតិ​
នាយ ពែកមី និងភរិយា ធ្វើ​ឃ្លីបវីដេអូដើម្បី​សុំព្រះរាជទានទោស​ពីព្រះមហាក្សត្រ និងសុំទោសជន​រួម​ជាតិ​
ដោយ: រួបរួម
ក្រោយ​ការណែនាំ​ពី​ភរិយា តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព ពែ​កមី បាន​ថត​ឃ្លី​ប​វីដេអូ​មួយ​ដែលមាន​រយៈពេល​ជាង១នាទី​ដើម្បី​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​ជនរួមជាតិ ព្រោះ​ខ្លួន​បាន​សម្តែង​ឈុត​មួយ​ដោយ​យកលុយ​ក្រដាស​មួយ​ម៉ឺន​រៀល​ទៅ​គាប​នឹង​ជើង​ដោយ​អ​ចេតនា។



ជាមួយនឹង​សក់​សំពីងសំពោង អង្គុយ​ក្បែរ​ភរិយា នាយ ពែ​កមី បាន​និយាយថា ការសម្តែង​របស់ខ្លួន​នៅ​ឈុត​កំប្លែង​មួយ​ក្នុង​រឿង «សាច់​ឯង» នៅ​កម្មវិធី​រាត្រី​កម្សាន្ត​របស់​ទូរទស្សន៍ CTN កាលពី​ល្ងាចថ្ងៃទី៩ ខែ​ឧសភា គឺជា​កំហុស​មួយ​ដែល​ខ្លួន​មិនបាន​ចាប់អារម្មណ៍​ទាល់តែសោះ។

តារា​កំប្លែង​រូបនេះ បាន​បញ្ជាក់ថា៖ «ពេលមកដល់​ផ្ទះ​ប្រពន្ធ​ខ្ញុំបាទ​ថា បង​ឯង​ខុស​ធ្ងន់​ណាស់ បង​ឯង​មិនគួរ​យកលុយ​ក្រដាស​មួយ​ម៉ឺន​ដែលមាន​រូប​ព្រះករុណា ព្រះ​ឆាយា​លក្ខណ៍​ព្រះ​កូ​ណា មក​គាប​នឹង​ជើងទេ បង​ឯង​ខុស​ធ្ងន់។ ពេលលឺ​អ៊ីចឹង​បាន​ខ្ញុំ​ភ័យ​ខ្លួន ខ្ញុំ​អត់​ដឹង អត់​ចាប់អារម្មណ៍ ប្រពន្ធ​ប្រាប់​បាន​ភ័យ​ខ្លួន»។

ពែ​កមី​រំពឹងថា ខ្លួន​នឹង​ទទួលបាន​ព្រះរាជ​អភ័យ​ព្រះមហាក្សត្រ និង​ការយោគយល់​ពី​សំណាក់​ជនរួមជាតិ ព្រោះខ្លួន​សម្តែង​ដើម្បី​បម្រើ​ការសប្បាយ ដោយមិន​ដឹងថាខុស ប៉ុន្តែការសម្តែងនោះ ខ្លួន​ទទួល​ស្គាល់ថា ខុស៕


© រក្សាសិទ្ធិដោយ thmeythmey.com