ជាតិ
កម្មវិធីទូរទស្សន៍មួយយកការនឹកម្តាយរបស់ក្មេងស្រីទៅលេងសើច
×
អេឡែនបានបែកម្តាយបង្កើតរបស់ខ្លួនអស់រយៈពេល១៣ឆ្នាំ។ អារម្មណ៍នាងរំភើបយ៉ាងខ្លាំងនៅពេលដែលពិធីករ-ពិធីការិនីនៃកម្មវិធី «ពេញចិត្ត ឬអត់?» របស់ទូរទស្សន៍ MyTV បានអះអាងថា ពួកគេរៀបចំឲ្យក្មេងស្រីកាត់អាមេរិករូបនេះ ជួបម្តាយរបស់ខ្លួននៅចំទិវាសិទ្ធិមាតា «Mother’s Day»។
ទឹកភ្នែកក្មេងស្រីដ៏សែនកម្សត់បានហូរចេញមក ខណៈពិធីការនីបានបន្តនិយាយថា ម្តាយនាងប្រហែលជាមកយឺតបន្តិចដោយសារតែផ្លូវពីព្រលានយន្តហោះ ទៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងខណ្ឌឫស្សីកែវ មានចម្ងាយឆ្ងាយ។
តាមពិតក្តីសង្ឃឹមរបស់ក្មេងស្រីរូបនេះ បានត្រឹមតែជាក្តីស្រមៃមួយដែលមិនអាចទៅរួចប៉ុណ្ណោះ ខណៈកម្មវិធីគ្រាន់តែរៀបចំពិធីលេងសើចមួយ ដោយឲ្យតារាកំប្លែង «រ៉ូលីន» ដើរជំនួសម្តាយរបស់ អេឡែន។ ក្មេងស្រី អេឡែន បានត្រឹមតែសើចហួសចិត្ត ហើយគេមិនដឹងថា នាងមានអារម្មណ៍ពិតប្រាកដបែបណានោះឡើយ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានស្នើឲ្យភាគីទូរទស្សន៍ MyTVចេញមុខធ្វើការសុំទោសចំពោះ កុមារី អេឡែន។ អ្នកទាំងនោះបានសរសេរការយកក្តីសង្ឃឹមរបស់កុមារម្នាក់មកលេងសើច គឺជាអំពើមួយដ៏ខុសឆ្គង៕
ទស្សនាវីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com