ជាតិ
ហនុមាន​ក្នុង​សតវត្ស​ទី១០ ជា​រូប​បដិមា​ទី៦ ដែល​កម្ពុជា​ទទួលបាន​ពី​អាមេរិក
13, May 2015 , 8:19 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ មន្ត្រី​សារមន្ទីរ The Cleveland Museum of Art សហរដ្ឋអាមេរិក បានប្រគល់​រូប​បដិមា​ហនុមាន​សតវត្ស​ទី១០ ឲ្យ​កម្ពុជា​វិញ នៅ​ថ្ងៃទី១២ ម្សិលមិញ​នេះ។ លោក សុខ អាន​បាន​ថ្លែងថា រូប​ប​ដិ​ហនុមាន​នេះ ជា​រូប​បដិមា​ទី៦ដែល​កម្ពុជា​បានទទួល​ពី​សហរដ្ឋអាមេរិក ក្នុង​រយៈពេល២ឆ្នាំ​កន្លងមកនេះ។



បើ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក សុខ អាន រូប​បដិមា​ហនុមាន​នេះ​គឺជា​រូប​ទី៦ដែល​យើង​បានទទួល​ពី​សហរដ្ឋអាមេរិក ក្នុង​រយៈពេល២ឆ្នាំ​កន្លងមកនេះ។
ក្នុង​ពិធី​ទទួល​ដែល​បាន​ប្រារព្ធ​ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ លោក សុខ អាន បាន​បញ្ជាក់ថា កាលពី​ខែ មិថុនា ឆ្នាំ២០១៣កម្ពុជា​បានទទួល​រូប​បដិមា Duryodhana មកពី Sotheby’s (New York)។ នៅ​ខែមិថុនា ឆ្នាំ២០១៤ កម្ពុជា​ទទួលបាន​រូប​បដិមា Bhima ពី​សារមន្ទីរ Norton Simon ( California)។ រូប​បដិមា​Balarama មកពី Christie’s (New York)។ រូប​បដិមា​បងប្អូន​ប្រុស២នាក់ Pandava មកពី​សារៈមន្ទីរ​Metropolitan (New York) និង​រូប​បដិមា​ហនុមាន​នៅថ្ងៃនេះ គឺជា​រូប​ទី៦ដែល​បានមកពី​សារមន្ទីរ Clevelandសហរដ្ឋអាមេរិក។

ដោយឡែក បើតាម​សេចក្ដីប្រកាស​រួមគ្នា រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​សារមន្ទីរ The Cleveland Museum of Art ការប្រគល់​រូប​បដិមា​ហនុមាន​ត្រឡប់មក​កម្ពុជា​វិញ​នេះ​គឺ​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​រៀបចំ​កសាង​ឡើងវិញ​នូវ​រូ​បដិមា​ហនុមាន​ជាច្រើន ដែល​ស្ថិតនៅ​ច្រក​ខាងកើត​នៃ​ប្រាសាទ​ចិន​នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ។

លោក William M. Griswold អភិបាល​នៃ​សារមន្ទីរ The Cleveland Museum of Artបាន​និយាយថា ការប្រគល់​រូប​បដិមា​នេះ​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​គម្រោង​កសាង​ប្រាសាទខ្មែរ​ឡើងវិញ​ហើយ​ទង្វើរ​នេះ​ក៍​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​សារមន្ទីរ The Cleveland Museum of Art នៅ​ថ្ងៃ​អនាគត​ដែរ។

គួរ​បញ្ជាក់ថា រូប​បដិមា​ហនុមាន​នៅ​សតវត្ស​ទី១០ ត្រូវបាន​សារមន្ទីរ Cleveland ទិញ​កាលពី​ឆ្នាំ ១៩៨។ បដិមា​នេះ ត្រូវបាន​យកចេញ​ពី​ប្រាសាទ​ចិន​នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ​ព្រម​ជាមួយនឹង​បដិមាផ្សេងៗទៀត​ដែល​ត្រូវបាន​ជន​ទុច្ចរិត​លួច​គាស់កកាយ​យក​ពី​កន្លែងផ្សេងៗគ្នា ក្នុងអំឡុង​ទសវត្ស​ទី ៧០ ៕



© រក្សាសិទ្ធិដោយ thmeythmey.com