ជាតិ
តារា​សម្តែង យ៉ែម សំ​អូន សុំទោស​ភរិយា​ជា​សាធារណៈ​ចំពោះ​ទង្វើ​ឆេវឆាវ​របស់ខ្លួន
14, May 2015 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
រឿងរ៉ាវ​ក្នុង​គ្រួសារ​របស់​តារា​សម្តែង លោក យ៉ែម សំ​អូន និង យ៉ាន លីន​ដា ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ចំណងអាពាហ៍ពិពាហ៍​ជាច្រើន​ឆ្នាំ​របស់​អ្នក​ទាំងពីរ បានរ​ង្គោះ​រង្គើ បន្ទាប់ពី​មាន​ករណី​ហិង្សា​មួយ​បានកើត​ឡើង​ដែល​បណ្តាល​ឲ្យ ភាគី​ជា​ភរិយា​ទទួលរង​របួស​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។



នៅ​ថ្ងៃទី១៤ ខែឧសភា តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (SamOnn Yem ) តារា​សម្តែង យ៉ែម សំ​អូន បាន​សរសេរ​លិខិត​សុំទោស​ភរិយា និង​កូនស្រី​របស់ខ្លួន​ជា​សាធារណៈ។ បុរស​ដែល​បាន​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ជិត២០ឆ្នាំ​រូបនេះ បាន​សរសេរ​ដោយ​សារភាពថា ខ្លួន​បាន​បង្កបញ្ហា​ក្នុង​គ្រួសារ​ដែលជា​បញ្ហា​ដ៏​ធំ​ក្នុង​ជីវិត ដោយ​មិនបាន​ត្រិះ​រិះ​ពិចារណា ហើយ​ខ្លួន​បាន​ត្រៀមខ្លួន​សុំទោស​ជា​យូរ​មកហើយ ប៉ុន្តែ​ព្យុះ​ព័ត៌មាន​ច្រើន​ហួស​នាំ​ឲ្យ​គេ​ដកថយ​មួយរយៈ។

«ខ្ញុំ​សូមទោស​ដោយស្មោះ​អស់ពីដួងចិត្ត​ពី​សំណាក់​លោកឪពុក មាស យ៉ាន ​ព្រមទាំង​អ្នក​ម្ដាយ ម៉ិ​ន ពេជ្រ នូវ​កំហុស​របស់​កូន​ហើយ ដែល​ធ្វើ​ឲ្យ​លោក​ទាំងពីរ​ខឹង​យ៉ាងខ្លាំង​ចំពោះ​រឿងនេះ ហើយក៏​សូម​ការ​អភ័យទោស​ប្រពន្ធ​សំឡាញ់រ​បស់បង​ផងដែរ យ៉ាន លីន​ដា ដែល​​មាន​កំហុស​ទៅលើ​អូន ហើយ​និង សុំ​ទោស​កូនស្រី​សំណព្វចិត្ត​ប៉ា​ផងដែរ ក៏​ចង់​ប្រាប់ថា​ភាព​ឆេវឆាវ ដែល​បង​ប្រព្រឹត្ត​ខុស ហើយ​អូន​ក៏​ដឹង​បង​មិនមាន​ចេតនា​ធ្វើបាប​អូន​ទេ តែ​នេះ​ជាការ​ប្រកែ​ក​គ្នា​មួយ​ដែល​ធ្វើ​ឲ្យ​បង​មានការ​ជ្រុលជ្រួស ទៅលើ​រូប​អូន»។ នេះ​បើ​តាម​សម្រង់​ឃ្លា​ដ៏​វែង​របស់ យ៉ែម សំ​អូន នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ យ៉ែម សំអូន​។

តារា​សម្តែង យ៉ែម សំ​អូន បាន​បញ្ជាក់ថា ខ្លួន​ពិតជា​មាន​វិប្បដិសារី​ខ្លាំងណាស់​ក្នុង​ជីវិត ដោយ​អះអាង​ខ្លួន​ពិតជា​ស្រឡាញ់​ក្រុមគ្រួសារ​ខ្លួន ហើយ​គេ​សុំ​ពេលវេលា​ដើម្បី​បញ្ជាក់​ការពិត។

គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា ក្រោយ​ការកើតឡើង​អំពើហិង្សា សិល្បការិនី យ៉ាន លីន​ដា ដែលមាន​សញ្ជាតិ​អូស្ត្រាលី បាន​វិល​ទៅ​រួមរស់​ជាមួយ​កូនស្រី​ដែល​មាន​អាយុ​ជាង១០ឆ្នាំ ដែលជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ជាមួយ​លោក យ៉ែម សំ​អូន។ កាលពី​ថ្ងៃទី៦ ខែឧសភា លីន​ដា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (Linda Yan)បាន​លាតត្រដាង​រឿងរ៉ាវ​ដែល​កើតឡើង ហើយ​សន្យា​ប្រឹង​តស៊ូរ​ក្នុង​ជីវិត​ដើម្បី​ធ្វើជា​ម្តាយ​ដ៏​ល្អ​ម្នាក់។

រឿងរ៉ាវ​ដែល​បានកើត​ឡើង​នេះ យ៉ែម សំ​អូន ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង ខណៈ យ៉ាន លីន​ដា ត្រូវបាន​សាធារណជន​ជាច្រើនលើក​ទឹកចិត្ត​គាំទ្រ។ គេ​មិនទាន់​ដឹងថា ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​ឈានដល់​ដំណាក់កាល​លែងលះ ឬក៏​អាច​ផ្សះផ្សា​បាន​វិញ​នោះឡើយ៕






© រក្សាសិទ្ធិដោយ thmeythmey.com