ជាតិ
តើ​ព្រះពុទ្ធ​ជា​នរណា?
17, May 2015 , 6:59 pm        
រូបភាព
ព្រះពុទ្ធ គឺជា​សាស្តា​នៃ​ព្រះពុទ្ធសាសនា ដែល​ប្រទេស​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​យើង​ផងដែរ យកមក​ប្រតិបត្តិ​តាម រហូតដល់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់ទុក​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ក្នុង​មាត្រា៤៣ ។


កាលដើមឡើយ​ព្រះពុទ្ធ មិនទាន់មាន​ឈ្នោះ​ថា​ព្រះ​ពុទ្ធនោះទេ គឺ​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ដូចជា​មនុស្ស​យើង​ដែរ។ កាល​នៅ​ជា​គ្រហស្ថ (មិនទាន់​ចេញ​សាង​ផ្នួស ហើយ​មិនទាន់បាន​ត្រាស់ដឹង) ព្រះអង្គ​មាន​នាម​ដើម​ថា សិទ្ធត្ថ (អាន​ថា សិត ធ័​ត ថៈ) ជា​បុត្រា​របស់ ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​សិរិ​មហាមាយា​ទេវី គ្រងរាជ្យ​ក្នុង​ក្រុង​កបិល​ភស្តុ នៃ​ប្រទេស​ឥណ្ឌា។ ព្រះអង្គ​ទ្រង់​ប្រសូត​តាំងពី​ឆ្នាំ៦២៤ មុន​គ្រិស្ត​ក​រាជ​មក​ម្លោះ ។

ព្រះជន្ម ១៦ ព្រះវស្សា ព្រះអង្គ​បាន​រៀប​អភិសេក ជាមួយ​ព្រះ​នាង​យសោធរា (ដែល​យើង​ហៅថា​ព្រះ​នាង​ពិម្ពា ជា​ស្រី្ត​មាន​សម្រស់​ល្អ​ជាងគេ​បង្អស់​នា​សម័យ​នោះ) ហើយ​មាន​បុត្រា​មួយអង្គ ព្រះនាម​ថា ព្រះ​រាហុល។

ព្រះជន្ម ២៩ព្រះវស្សា ព្រះអង្គ​ក៏​លួច​ចេញ​សាង​ផ្នួស ក្នុង​រាត្រី​ទាបភ្លឺ ។ ព្រះអង្គ​ទ្រង់​ចេញ​សាង​ផ្នួស ក្រោយពី​ព្រះអង្គ​ទ្រង់​ឃើញ​នូវ​ទេវទូត​ទាំង៤ (មនុស្ស៤ប្រភេទ​ដែល​ទេវតា​និ​មិ្ម​ត​ឲ្យ​ព្រះអង្គ​ឃើញ គឺ ទី១មនុស្ស​ចាស់ ទី២មនុស្ស​ឈឺ ទី៣មនុ​សស្ស​ស្លាប់ និង​ទី៤អ្នកបួស) ហើយ​ព្រះអង្គ​ក៏​កើត​សេចក្តី​សង្វេគ​នឹង​ដំណើរ​ជីវិត​សត្វលោក ដែល​តែងតែ​កើត ចាស់ ឈឺ ស្លាប់ វិលវល់​ក្នុង​វាល​វដ្ត​សង្សារ​ដោយ​ឥតឈប់ឈរ ។ ព្រះអង្គ​ក៏​យល់ថា​មានតែ​ភេទ​ជា​អ្នកបួស​ទេ​ដែល​អាច​ស្វែងរក​ផ្លូវ​រំលត់ទុក្ខ​បាន។

ក្រោយពី​ព្រះអង្គ​ទ្រង់​បាន​សាង​ព្រះ​ផ្នួស ព្រះអង្គ​ក៏​មិនទាន់មាន​ឈ្មោះថា​ព្រះពុទ្ធ​ដែរ រហូត​អស់​រយៈពេល៦ព្រះវស្សា​នៃ​ការ​បួស​របស់​ព្រះអង្គ​ក្នុងការ​ស្វែងរក​ធម៌ (ការ​ស្វែ​រ​រក​ផ្លូវ​នៃ​ការ​ត្រាស់ដឹង ដើម្បី​ក្លាយជា​ព្រះពុទ្ធ) ទើប​ព្រះអង្គ​បានសម្រេច​នូវ សព្វញ្ញូ​ត​ញ្ញាណ (ការសម្រេច​ដឹង​នូវអ្វីៗគ្រប់យ៉ាង​ក្នុង​ធម្មជាតិ) ទើប​ព្រះអង្គ​មាន​ឈ្មោះថា ព្រះពុទ្ធ ដែល​មានន័យថា​អ្នក​ត្រាស់ដឹង ក្នុង​ព្រះ​ជន្មាយុ៣៥ព្រះវស្សា ។

រយៈពេល៤៥ព្រះវស្សា​នៃ​ការ​ត្រាស់ដឹង ព្រះ​ក៏​ទ្រង់​ចូល​បរិនិព្វាន​ក្នុង​ព្រះជន្ម៨០ព្រះវស្សា ។ ក្រោយពី​ព្រះអង្គ​ទ្រង់​បរិនិព្វាន រាល់​ឱវាទ​អប់រំ​របស់​ព្រះអង្គ​ត្រូវបាន​សាវ័ក​យកមក​ចងក្រង​ទុកជា​មេរៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​យើង​ថា​ព្រះពុទ្ធសាសនា​នេះឯង ។

ដូច្នេះ​យើង​ឃើញថា ព្រះពុទ្ធ មាន​ដើមកំណើត​ជា​មនុស្ស​លោកធម្មតា មិនមែនជា​ព្រះ ឬក៏​ជា​អាទិទេព​ចុះ​ពី​ឋានសួគ៌​នោះទេ ។

សង្ខេប​មក ព្រះពុទ្ធ គឺជា​អ្នក​ត្រាស់ដឹង ដែល​ការ​ត្រាស់ដឹង​គឺ​មានន័យថា​ការដឹង​នូវអ្វីៗគ្រប់យ៉ាង​ក្នុង​ធម្មជាតិ​យើង​នេះ និយាយ​ឲ្យ​ងាយ​ល់ មានន័យថា អ្វីៗក៏​ព្រះអង្គ​ដឹង​ដែរ ។


© រក្សាសិទ្ធិដោយ thmeythmey.com