កីឡាជាតិ
លោក Ohara៖ ជ័យជម្នះ​លើ​ក្រុម​MCL Japanese Selection មិនមែនជា​លទ្ធផល​ឡើយ
18, May 2015 , 10:16 am        
រូបភាព
ដោយ:
លោកគ្រូ​បង្គោល​បណ្ដោះអាសន្ន​ជនជាតិ​ជប៉ុន Ohara Kazunori នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​លើកឡើង​ក្រោយ​ចប់​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​MCL Japanese SelectionTeam (កីឡាករ​ជប៉ុន​ប្រកប​អាជីព​នៅ​កម្ពុជា) ល្ងាច​ថ្ងៃទី១៧ ខែ ឧសភា ម្សិលមិញ​ថា ជ័យជម្នះ៤ ទល់ ១ មិនមែនជា​លទ្ធផល​នោះទេ នេះ​ជាការ​ធ្វើតេស្ត​សមត្ថភាព​កីឡាករ​ប៉ុណ្ណោះ។



លោកគ្រូ​បង្វឹក​រូបនេះ​បន្តថា​ជ័យជម្នះ​មែនទែន​គឺ​ពេល​ប្រកួត​ផ្លូវការ​ហើយ​ពេលនេះ​កូនក្រុម​លោក​នៅមាន​បញ្ហា​មួយចំនួន​ត្រូវ​កែតម្រូវ​ឡើងវិញ​ផងដែរ។លោក​មាន​គម្រោង​ប្រកួត​មិត្តភាព២ ឬ ៣ ប្រកួត​ទៀត​មុន​ប្រកួត​លើកដំបូង​វគ្គ​ជម្រុះ​ពូ​ល​E ប្រចាំ​ទ្វីបអាស៊ី​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៨ នៅ​ប្រទេស​រុស្ស៊ី2018 FIFA World Cup Russia។

លោ​កថា​ក្រុម​លោក​នៅមាន​បញ្ហា​បន្តិច​ពេល​លេង​លើ​ស្មៅ​សិប្ប​និមិត្ត​ព្រោះ​ទីលាន​កំពុង​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​ធ្វើឡើង​នៅលើ​ស្មៅ​ធម្មជាតិ។ប៉ុន្ដែ​លោក​នឹង​ព្យាយាម​ឲ្យ​កីឡាករ​ដែល​នៅសល់២៥ នាក់​នេះ​ផ្សាំ​នឹង​ទីលាន​ស្មៅ​សិប្ប​និមិត្ត។

៤ គ្រាប់​របស់​កម្ពុជា​ទាត់​បំប៉ោង​សំណាញ់​ទី​ក្រុម​MCL Japanese SelectionTeam រកបាន​ដោយ​កីឡាករ​គូ​ច សុ​កុម្ភៈ របស់​ក្លិប​ណាហ្គា​វើ​ល, ឃួន ឡា​បូ​រ៉ាវី​របស់​ក្លិប​បឹងកេត​អង្គរ, ទៀប វឌ្ឍនៈ​របស់​ក្លិប​ណាហ្គា​វើ​ល និង​វ៉ា សុខ​ថន របស់​ភ្នំពេញ​ក្រោ​ន។

នេះ​ជា​ប្រកួត​មិត្តភាព​ក្រៅផ្លូវការ​ទី៣ហើយ​សម្រាប់​ក្រុម​កម្ពុជា​ខណៈ២ លើក​មុន​ធ្លាប់​ប្រកួត​ឈ្នះ​ក្រុម​Tiger Cambodia (អតីត​ត្រាយ​អាស៊ី​ភ្នំពេញ) កាលពី​ថ្ងៃទី៩ ខែ ឧសភា នៅ​ទីលាន​របស់​ក្រុម​វេ​ស្ទើ​ន​ម្ដុំ​ទួលគោក ដោយ​លទ្ធផល ២ទល់ ១ ហើយ​នៅ​ថ្ងៃទី ១៣ ខែឧសភា ក្រុម​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ជើងឯក​Hun Sen Cup 2015 ខេត្តស្វាយរៀង៣ ទល់ ០ នៅ​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោយ​ការជួសជុល​នេះ ទាក់ទាញ​អ្នកទស្សនា​បាន​ជាង១ម៉ឺន​នាក់៕











© រក្សាសិទ្ធិដោយ thmeythmey.com