ជាតិ
មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វប្បធម៌ និង​ទេសចរណ៍​កូរ៉េ
18, May 2015 , 3:16 pm        
រូបភាព
សៀមរាប៖ វិស័យ​ទេសចរណ៍ បានរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​មួយផ្នែកធំ​ជា​រៀងរាល់ឆ្នាំ។ ក្រៅពី​ភ្ញៀវទេសចរ​ចិន ដែល​គេ​ដឹងថា​ឈរ​នៅ​កំពូល ដែល​មក​ទស្សនា​កម្ពុជា ហើយ​នោះ បន្ទាប់មក​គេ​ឃើញ​មាន​ជនជាតិ​កូរ៉េ។ ដើម្បី​ស្វែងយល់​ពី​វប្បធម៌ និង​ប្រពៃណី​កូរ៉េ​ឲ្យ​កាន់តែ​ប្រសើរឡើង សិក្ខាសាលា​មួយ​ត្រូវបាន​រៀបចំឡើង ស្តីពី​វប្បធម៌ និង​ទេសចរណ៍​កូរ៉េ ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ដែល​កំពុង​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរណ៍​កូរ៉េ​នៅក្នុង​ប្រទេស​កម្ពុជា។



ដើម្បី​ស្វែងយល់​ពី​វប្បធម៌ ភាសា និង​ទំនៀម​ទំលាប់​ប្រពៃណី​ជនជាតិ​កូរ៉េ​ឲ្យ​កាន់តែច្បាស់​ថែមទៀត​នោះ មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ (ASEAN-Korea Center) បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី វប្បធម៌ និង​ទេសចរណ៍​កូរ៉េ ដល់​សិក្ខាកាម​ប្រមាណ១០០នាក់ ដែល​ខ្លះ​ជា​និស្សិត និង​មួយចំនួនធំ គឺជា​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ទីក្រុង​សៀមរាប។

អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ លោក Kim Young –Sun បាន​ឲ្យ​ដឹងថា កម្ពុជា​គឺជា​ទិសដៅ​មួយ​សំខាន់​សម្រាប់​ជនជាតិ​កូរ៉េ។  លោក​បញ្ជាក់ថា កាលពី​ឆ្នាំ២០១៤កន្លងទៅ មាន​ទេសចរ​កូរ៉េ​ជាង ៣៥ម៉ឺន​នាក់ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត។ លោក Young –Sun បាន​រម្លឹកថា រយៈពេល៦ឆ្នាំ​មកនេះ មជ្ឈមណ្ឌល អាស៊ាន-កូរ៉េ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពប្រសើរឡើង​រវាង​អាស៊ាន និង​កូរ៉េ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ទេសចរណ៍។ លោក​រំពឹងថា សិក្ខាសាលា​ខាងលើ នឹង​អាចរួមចំណែក ចែករំលែក​បទពិសោធ​ន៍​ជាច្រើន​លើ​វិស័យ​ទេសចរណ៍​កូរ៉េ ដល់​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​ទេសចរណ៍​ទាំងអស់ នៅ​ទីក្រុង​សៀមរាប។

រយៈពេល​បី​ខែ​ដើមឆ្នាំ២០១៥ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១,៣០៧,០០០ នាក់ គឺ​កើនឡើង ៣,១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤  ក្នុងនោះ ភ្ញៀវ​ជនជាតិ​កូរ៉េ​ឈរ​នៅ​លេខ​រៀង​ទី៣ ដែលមាន​ចំនួន ១៥៦,០០០នាក់។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ឪ​ក តារា​រិ​ទ្ធ។ លោក តារា​រិ​ទ្ធ រំពឹងថា ចំនួន​ភ្ញៀវ​ជនជាតិ​កូរ៉េ​នឹង​កើន​ឡើងជា​បន្តបន្ទាប់ តាមរយៈ​ការបង្កើន​ជើងហោះហើរ​ត្រង់​ពី​កូរ៉េ​មក​កម្ពុជា។

យ៉ាងណា បើទោះជា​ចំនួន​នៅតែ​បន្ត​កើនឡើង​ក៏ពិតមែន ប៉ុន្តែ​គេ​ក៏​មិន​ភ្លេច​គិតគូរ​ពី​ចំណង់​ចំណូលចិត្ត ភាពចាំបាច់ និង​វិធីសាស្ត្រ ដើម្បី​ទាក់ទាញ​ពួកគេ​នោះទេ។ តាមរយៈ​សិក្ខាសាលា​ស្តីពី វប្បធម៌ និង​ទេសចរណ៍​កូរ៉េ ដែល​ធ្វើ​រយៈពេល២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១៨ និង១៩ ឧសភា លោក តារា​រិ​ទ្ធ មាន​សុទិដ្ឋិនិយម​ថា នឹង​ផ្តល់នូវ​ចំណេះដឹង​ទាក់ទង​នឹង​ការសិក្សា​នានា និង​និន្នាការ​ទេសចរណ៍ វប្បធម៌ និង​ច​រិ​ក​លក្ខណៈ​ទេសចរណ៍  ដល់​អ្នក​ដែល​កំពុង​បម្រើ​ការងារ​លើ​វិស័យ​ទេសចរណ៍៕






© រក្សាសិទ្ធិដោយ thmeythmey.com