ជាតិ
នរណា​មិន​ក្តៅ!... នរណា​មិន​ឈឺ!...
19, May 2015 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
លិខិតមិត្តអ្នកអាន
ដោយ ធូ វាសនា អ្នកព្រៃ​ភ្នំ ខេត្តរតនគិរី
[email protected]


ឱ!ទឹកដី​ដ៏​ស្រស់ស្អាត​អើយ ហេតុ​អី​អភ័ព្វ​ម្លេះ? ឱ! មាតា​សុវណ្ណ​ភូមិ ដ៏​មហិមា​អើយ!! មិនដឹងថា​លោក​ត្រូវ​រងកម្ម ខ្លោចផ្សារ​ឈឺ​សាច់ ស្រក់ឈាម ហូរ​ទឹកភ្នែក​ដល់ពេល​ណា​ទៀត ទើប​អាច​ញញឹម ឡើងវិញ​ដោយ​មោទនភាព​លើ​ឆាក​ពិភពលោក​ម្តងទៀត​ហ្ន៎?



ប្រវត្តិសាស្ត្រ​រាប់រយ​ឆ្នាំនេះ ឃើញតែ​សង្គ្រាម​ហែកហួរ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ និង​ត្រូវបាន​សត្រូវ​ជិត​ឆ្ងាយ​ដណ្តើម​គ្នា​ពុះ​ច្រៀក​ជា​ពីរ ជា​បី ស្ទើរតែ​រលាយ រលត់​ចេញពី​ផែនទី​ពិភពលោក​បាត់ទៅហើយ។ ប្រវត្តិសាស្ត្រ ដែល​បាន​ក្លាយជា​ប្រវត្តិវិទ្យា​ច្រំដែលៗ បាន និង​កំពុងតែ​ធ្វើ​ឲ្យ​ទឹកដី​ខ្មែរ រហូតដល់​ប្រជាជាតិ​ខ្មែរ ត្រូវ​បាត់បង់ និង​ឈ្លោះ​ហែកហួរ​គ្នា​ជា​បន្តបន្ទាប់ ក៏​ព្រោះ​តែមាន​ជំងឺ​បែកបាក់​ផ្ទៃក្នុង មិន​ស្តាប់​យោបល់ អ្នកដទៃ ប៉ុន្តែ​ជឿ និង​ឲ្យ​តម្លៃ​លើ​ជនជាតិ​គេ​ជាង​ជនជាតិ​ខ្លួនឯង លាប​ពណ៌ ប្រមាថ​សត្រូវ ទុកចិត្ត​គេ​ពេក រហូត​មាន​ជំងឺ​តួឯក អាត្មានិយម អត្តនោម័ត និង​ផ្តាច់ការនិយម... ។ល។

គ្មាន​នរណា​មាន​បេះដូង​ជ័រ​ទេ។ គ្មាន​អ្នកណា​ល្ងង់ខ្លៅ​ជាង​អ្នកចេះដឹង​នោះទេ។ មនុស្ស​អាច​សំងំសុខ​បាន តែ​មិនអាច​សំងំ​បៀមទុក្ខ​សោក​បាន​រហូត​ទេ។ នរណា​ក៏​ដឹងថា​ខ្មែរ​ស្លូតបូត​ដែរ អោយ​តែមាន​ផ្លូវរស់ គឺ​ដកថយ​រហូត មិន​ចង់​មានរឿង​ទេ និង​មិន​បំពាន​គេ​ដាច់ខាត។ នរណា​ក៏​ដឹង​ដែរ​ថា ខ្មែរ​មាន​ចរិត​មានៈ រឹង​រួស កាច​សាហាវ​ខ្លាំងណាស់...នៅពេល​រង​ការប្រមាថ។ ប៉ុន្តែ​បច្ចុប្បន្ននេះ ខ្មែរ​មួយចំនួន​បាន​សម្ងំ​លាក់ខ្លួន​ក្នុង​ស្នូកអណ្តើក ដើម្បី​រស់នៅ​បានយូរ​អង្វែង ដោយ​ទំពារ​លេប​ផលប្រយោជន៍​បុគ្គល គ្រួសារ បក្សពួក​ស្តួចស្តើង បំភ្លេច​កាតព្វកិច្ច​ជា​ម្ចាស់​នគរ ដែលមាន​វាសនា​រួមគ្នា ឱនក្បាល​ឲ្យ​តម្លៃ​បរទេស​ជាង​ជាតិ​សាសន៍​ខ្លួនឯង។ ស្រលាញ់​កូន​គេ ជាង​កូនបង្កើត ផ្គាប់ចិត្ត​បរទេស​យកមុខ​មាត់ បង្អាប់​ជាតិ​ឯង លើក​ជាតិ​សាសន៍​ដទៃ​គ្រប់​រូបភាព។ មិន​ស្រលាញ់​ខ្មែរ​ខ្លួនឯង តើ​អ្នកណា​ស្រលាញ់​ខ្មែរ? មិន​ជួយ​ខ្មែរ​ខ្លួនឯង បែរជា​បើកផ្លូវ​ឲ្យ​គេ​ជិះជាន់​ខ្មែរ​បន្តទៀត​ឬ?

ពិតជា​កូន​ចោលម្សៀត​មែនហើយ ដែល​សូម្បីតែ​ផ្នូរខ្មោច​ដូនតា ក៏​ថែរក្សា​មិនបាន អោយគេ​មក​គាស់​ផ្នូរ​ដូនតា ដក​របង​ផ្ទះ ផ្លាស់ប្តូរ​ពូជពង្ស​ផៅសន្តាន ហ៊ាន​ខាំ​ហែកហួរ​ត្រឹមតែ​ជាមួយ​សាច់ឈាម​ឯង ប្រលូក​ប្រលែង​រឿង​អបាយមុខ ពួន​កើតទុក្ខ​ពេល​គេ​ជេរប្រមាថ ប្រឹង​ធ្វើ​ល្ងង់ខ្លៅ​បំភ្លេច​សសរផ្ទះ​ខ្លួនឯង ថា​ជា​ទឹកដី​កេរអាករ​របស់គេ​ទៅវិញ។ តើ​ចរិត​បែបនេះ សក្តិ​សមជា​សាច់ឈាម​ខ្មែរ​ឬទេ? ពូជពង្ស​ខ្មែរ គឺជា​ពូជ​អ្នក​ចំបាំង។ ដូនតា​ជា​អ្នក​ចំបាំង សុខចិត្ត​ដាច់​ក្បាល នៅ​សមរភូមិ ក៏​មិន​សុខចិត្ត​ឱនក្បាល​ទ្រ​បរទេស អោយគេ​ជេរពេញៗមាត់​នោះដែរ។ បើ​សម្ងំសុខ ពិតជា​បាន​សុខ​មែន អ៊ីចឹង​ដូនតា​ខ្មែរ​ប្រឹង​ច្បាំង​ការពារ ថែរក្សា​ទឹកដី​មាតុភូមិ​មួយ​នេះ ច្បាស់​ជា​ក្លាយទៅជា​អ្នកជំងឺ​ប្រវត្តិសាស្ត្រ មិនមែន​ទុក​ប្រស្នារ​មេឃ តាមរយៈ​រឿងព្រេង​និទាន ល្បែ​របាំ​ប្រជា ប្រិ​យ​នៅ​មូលដ្ឋាន​ចុងកាត់មាត់ញក​ដល់ទី​ក្រុង និង​មានតម្លៃ​រាប់រយឆ្នាំ​បែបនេះ​ទេ។ តើ​លោកអ្នក​ហ៊ាន​ជេរ​ជីដូន​ជីតា​ខ្មែរ​ថា ជា​ជន​ថោកទាប ឫ​ជា​អ្នកទោស​ប្រវត្តិសាស្ត្រ​បានដែរ​ឫ​ទេ?

ចុះ​លោកអ្នក​សម័យនេះ​វិញ បើ​គ្រាន់តែ​និយាយ​ការពិត​ក៏​មិន​ហ៊ាន​ដែរនោះ តើ​គួរ​ហៅថា​ជា​មនុស្ស​របៀប​ណា​វិញ? បើ​ភ្លើងព្រៃ​ឆាបឆេះ​នគរ ងាប់​តែម​នុស្ស​ក្នុង​ស្នូកអណ្តើក និង​ងាប់​តែ​កណ្តុរ​ពួន​លួច​ស៊ីក្នុង​ប្រឡាយ​ស្អុយ​នោះ ហើយ​អ្នកដទៃ​អាចរ​ស់សុខសាន្ត  មោទនភាព​ទាំងនេះ​ពិត​មានតម្លៃ​មហិមា​មែន!!!

ថ្ងៃមុន​ស្រាប់តែ​ស្រែកថា ខ្មែរ​ធ្វើស្រែ​ចម្ការ​នៅលើ​ទឹកដី​របស់គេ ទើប​គេ​បំផ្លិចបំផ្លាញ​ផលដំណាំ​ចោល​បែបនេះ...!! តើ​ខ្មែរ​មួយណា​មិន​ឈឺ?? ខ្មែរ​ល្មម​ដល់ពេល​ភ្ញាក់ខ្លួន​ទាំងអស់គ្នា​ហើយ!!! កុំ​ឲ្យ​គេ​មើល​មក​យើង​អន់​រហូត​បែបនេះ​ទៀត!! បើ​យើង​នៅតែ​ខ្សោយ​បែបនេះ​គេ​នៅតែ​ប្រមាថ​យើង​ដដែល! សួរថា​ហេតុ​អី​បាន​គេ​គគ្លើន​បែបនេះ? ចម្លើយ​មួយ​ម៉ាត់​គត់ គឺ​ខ្មែរ​វា​មិនកើត ខ្មែរ​មិន​ខ្លាំង!!! ចុះ​ពេលណា​បាន​ខ្មែរ​ខ្លាំង? មិនអាច​ខ្លាំង​ទេ បើ​យើង​មិនចេះ​រក​វិធីសាស្ត្រ​រួបរួមគ្នា! តើ​យើង​នៅចាំ​សម្តី​មាស​នេះ​បានទេ «ខ្មែរ​រួបរួមសាមគ្គី ប្រែ​ថា​ខ្មែរ​ខ្លាំង» ដែល​សម្តេចឪ​នៃ​យើង​បាន​បន្សល់ទុក​ឲ្យ​ខ្មែរ​គ្រប់រូប។ សួរថា​ហេតុ​អី​បាន​ខ្មែរ​មិនអាច រួបរួម​បាន? ចម្លើយ​គឺ​ក្បាល​អ្នកណា​សក់​អ្នក​ហ្នឹង? សម្ងំ​សោយសុខ មិន​ខ្វល់​ពី​ការ​ជេរប្រទេច ដាក់​ទំនាយ​របស់​អ្នកជំនាន់ក្រោយ។

ថ្ងៃនេះ​មាន​អ្នកមាន​ជំងឺ​ចិត្តល្អ​ជ្រុល អំណួត​ជ្រុល ទុកចិត្ត​គេ គេ​សុំ​អី​ក៏​ឲ្យ​ដែរ យក​អី​ក៏​យក​ចុះ ហ៊ាន​លើក​ផ្នូរ​ដូនតា​ជូន​ឈាម​គេ បន្ថោក​ឈាម​ឯង។ មនុស្ស​ប្រភេទ​នេះ គួរតែ​ទាត់ចោល ដេញ​ចេញពី​រាជការ ទម្លាក់​ជា​រាស្ត្រ​លែង​ប្រើការ​រហូត។ តើ​ជាម​ន្ត្រី​អ្វី​ទៅវិញ? ឆ្ងល់​ដែរ​ម៉េច​បាន​ចឹ​ង? ហេតុ​អី​ក៏​យ៉ាងនេះ? ខ្លាច​មុខ​ខ្លាច​ក្រោយ​ចឹ​ង​មិនបាច់​ធ្វើ​មន្ត្រី​ទេ មិនបាច់​តាំងខ្លួន​ជា​អ្នកស្នេហាជាតិ ហើយ​ឈប់​ដើរ​បោក​រាស្ត្រ​យក​សំឡេង​ទៀត​ទៅ។

យើង​ធ្លាប់​ជេរ​ដូនតា​ថា ចោលម្សៀត បានជា​ធ្វើអោយ​បាត់បង់​ទឹកដី ទៅអោយ​បរទេស។ ព្រម  ទ​ទូល​យក​ស្រី​ម្នាក់ ដូរ​ជាមួយ​ទឹកដី​មួយ​ចំហៀង​ប្រទេស។ ចុះ​យើង? ចេះ​ឈ្លោះ​គ្នា ដើម្បី​អំណាច​បក្ស តែ​មិនដែល​ឈ្លោះ​គ្នា​ឲ្យ​បាន​កើន​ទ្រព្យ កើត​ទឹក កើត​ដី​ឡើយ ថែមទាំង​បន្ថោក​ជនជាតិ​ឯង ជា​ចោរ ទៅវិញ។ តើ​អ្នកជំនាន់ក្រោយ​នឹង​ជេរ​ថា​ម៉េច​វិញ??

គេ​ជា​ចោរ គឺ​ច្បាស់​ជា​ឆ្លាត ច្បាស់​ជា​ចិត្តខ្មៅ ច្បាស់​ជា​សាហាវ។ ជាតិ​ជា​ចោរ គឺ​ត្រូវតែ​លូច ត្រូវតែ​បន្លំ ត្រូវតែ​បំភ្លៃ នោះ​វា​មិនមែនជា​រឿង​ចំឡែក​ទេ។ តែ​យើង​ជា​ម្ចាស់ ម៉េច​ក៏​បណ្តោយអោយ​អាចោរ​មក​ស្រែកជេរ​ក្តែងៗ នៅមុខ​របង​ផ្ទះ​ហើយ​យើង​នៅតែ​សំងំ​ពូន​បៀ​បម​ទុក្ខ ក្អួត​ឈាម តែ​ក្នុងផ្ទះ?

ទាំង​អ្នកសរសេរ អ្នកអាន អ្នក​និយាយ​ជា​កូនចៅ​ខ្មែរ មាន​ឈាមជ័រ​ជា​ខ្មែរ រស់នៅ​រហូត​ស្លាប់​ទៅវិញ​នៅ​លើដី​ខ្មែរ ហេតុអ្វី​មិន​ព្រម​ឈឺចាប់ នៅពេល​ជាតិ​សាសន៍​ដទៃ​ជេរប្រមាថ​ដល់​ពូជ​អម្បូរ​របស់​ខ្លួនឯង​ហើយ​នោះ??? សូម្បី​សត្វ​ឧត្បាត ក៏​គង់តែ​ចេះ​ស្រលាញ់​សម្បុក និង​ការពារ​សម្បុក និង​កូនចៅ​ដែរ...រួច​ចុះ​ប្រជាជន​ខ្មែរ? ពេល​គេ​កំពុង​ជេរ​ខ្មែរ ហេតុ​អី​ការពារ​ចោរ? ពេលនេះ​ថែមទាំង​មាន​អ្នក​លើក​ទ្រព្យ​ជូន​ចោរ​ទៀត​ដោយ​មិនបាច់​ប្លន់!!

ថ្ងៃ​មុនគេ​ថា ដី​នោះ​ជា​ដី​ដូនតា​គេ ចុះបើ​ថ្ងៃស្អែក ថ្ងៃ​ខានស្អែក គេ​ថា​ដី​កូនចៅ​អ្នក​កំពុង​រស់នៅ​ក៏​ជា​ដី​របស់​កូនចៅ​គេ​គឺ​ខ្មែរ​ឯង​នេះហើយ ដែល​មកសុំ​ជ្រកកោន​ជាមួយ...តើ​យើង​ត្រូវ​និយាយ​យ៉ាងដូចម្តេច? ក្នុង​ប្រវត្តិសាស្ត្រ ការបាត់បង់​ទឹកដី​ក៏​លែង​ចម្លែក ការកើត​រដ្ឋ និង​ប្រទេសជាតិ​ម្តងទៀត ក៏​មិន​ចម្លែក​ដែរ តួយ៉ាង​ជនជាតិ​ជ្វី​ស​ប្រទេស​អ៊ីស្រាអែល រហូត​ដល់ទី​ម័​រ​ខាងកើត​ជាដើម...។ តើ​ជនជាតិខ្មែរ​និង​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​អ្វី និង​ឈានទៅ​រលត់រលាយ​ដែរឬទេ? គ្រាន់តែ​ឲ្យ​ខ្មែរ​រៀនសូត្រ​ប្រវត្តិសាស្ត្រ​បន្ថែម និង​មានគំនិត​ជាតិនិយម ផ្តើមចេញពី​យើងម្នាក់ៗ កុំ​ចាំតែ​បន្ទោស និង​បន្ទរ​តាម​អ្នកដឹកនាំ​ប្រទេស ឬ​អ្នកនយោបាយ​បក្ស​ឲ្យ​សោះ។ ព្រោះ​គេ​បម្រើ​បក្ស​គេ​ដែរ បន្ទាប់មក​គេ​បម្រើ​ខ្លួនគេ និង​ក្រុមគ្រួសារ​គេ​សិន ទើប​គិត​យើង​ជា​រាស្ត្រ និង​សង្គមជាតិ​ទាំងមូល។ កុំ​បន្ទោស​គេ​ឲ្យ​សោះ។ មើល​គេ​ពេល​ខាំ​ចិន គេ​ចុះ​ធ្វើបាតុកម្ម​ពេញ​ផ្លូវ...ប្រទេស​គេ មានច្បាប់​បាតុកម្ម​ឯណា? សមុទ្រ​នោះ មិនមែន​របស់គេ​តែឯង​ឯណា? ហេតុ​អី​បាន គេ​រួបរួម​បានល្អ​យ៉ាងនេះ?

ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ មាន​ឈាម​ជា​ខ្មែរ​ត្រូវ​បញ្ឈប់​នូវ​ការចង្អុល​គ្នា​ទៅវិញទៅមក កុំ​លាប​ពណ៌​អ្នកប្រឆាំង​តវ៉ា​តាមផ្លូវ សុទ្ធតែ​អ្នកគាំទ្រ​បក្សប្រឆាំង​ឲ្យ​សោះ!!! នគរ​ខ្ញុំ​ដែរ​តើ! កូនចៅ​ខ្ញុំ​រស់នៅ​ដែរ​តើ! ខ្ញុំ​ក៏​ជា​ម្ចាស់​ប្រទេស​ដែរ លោកអ្នក និង​កូនចៅ​លោកអ្នក ក៏​ជា​សាច់ឈាម​ខ្មែរ ដែរ​តើ!!! មេរៀន​ប្រវត្តិសាស្ត្រ​បាន​សរសេរ​រៀបរាប់​ច្បាស់​ឥត​លំអៀង​នោះទេ តែ​អ្នក​បន្ទរ និង​អ្នក​បន្ទោស​ទេ ដែលមាន ចិត្ត​លំអៀង។ ព្រោះ​វេលា​នេះ​មិនមែនជា​វេលា​ដែល​ត្រូវ​រុញ​ដាក់គ្នា​ទៅវិញទៅមក​ដើម្បី​ខ្លួនឯង​ល្អ​នោះទេ!! បញ្ហា​នៅ​ចំពោះមុខ​ត្រូវ​រួមគ្នា​ដោះស្រាយ បង្ហាញ​ពី​ការឯកភាព​ជាតិ ស្រលាញ់​ជាតិខ្មែរ ផលប្រយោជន៍​បុគ្គល​ត្រូវតែ​ទាប​ជាង​ផលប្រយោជន៍​នគរ។ យើង​អាច​ស្លាប់​គ្រប់ពេល តែ​នគរ​មិនអាច​ស្លាប់​បានទេ។ អ្នកណា​អាច​ទាយ​ដឹងថា យើង​ស្លាប់​ព្រោះ​អ្វី?ស្លាប់​នៅពេលណា​នោះទេ ហើយ​អ្នកណា​ក៏​ចៀស​ស្លាប់​មិន​រួច​ដែរ។ ពេល​យើង​ស្លាប់ អ្នកផ្សេង​ច្បាស់​ជា និយាយ​យ៉ាងនេះ យ៉ាងនោះ...វា​ជា​រឿង​របស់​ប្រជាជន​ខ្មែរ។ កុំ​ឲ្យ​តែ​យើងម្នាក់ៗមាន​ជំងឺ​តួឯក និង​អាត្មានិយម យើង​ច្បាស់​ជាមាន​សង្ឃឹម​ជាមិនខាន។ ខ្មែរ​មិន​ដាច់​ពូជ​ទេ! ខ្មែរ​មិនមែន​សុទ្ធតែ​សម្លឹង​ឃើញ​ផលប្រយោជន៍​បុគ្គល​គ្រប់ពេល​នោះទេ សូម​មើល​លោកយាយ​ម្នាក់​ដែលជា​សកម្មជន​បឹងកក់​ទៅ​មើល​ហ៍!! ហេតុអ្វី​គាត់​នៅតែ​ក្រាញននៀល​តស៊ូ​ប្រឆាំង​តាមផ្លូវ​បែបនេះ។ គាត់​ក៏មាន​ក្រុមគ្រួសារ​ដែរ គាត់​ក៏មាន​កូនចៅ ប្តីសី​ដែរ គាត់​ក៏​ចេះ​ឈឺចាប់​ដែរ ហេតុអ្វី​ក៏​គាត់​មិន​បាក់ស្បាត? យើង​ជា​ខ្មែរ​មិនយឺត​ពេល​ទេ ឲ្យ​តែ​ផ្តើមចេញពី​លោកអ្នក​ទាំងអស់គ្នា រួមទាំង​យើងខ្ញុំ​ផង។ ជីដូន​ជីតា​គេ​បង្រៀន និង​ប្រែក្លាយ​កូនចៅ​គេ​ឲ្យ​ក្លាយ​ពី​ពលរដ្ឋ​ម្នាក់ ទៅជា​កងទ័ព​ម្នាក់ រហូតដល់​ស្រីខូច​ម្នាក់ ដើម្បី​ឲ្យ​បាន​ទឹកដី។ តែ​បុព្វបុរស​គេ បាន​ប្រាប់​បុព្វបុរស​ខ្មែរ ឲ្យ​បង្រៀន​កូនចៅ​ខ្មែរ ឲ្យ​ដាំ​ដើម​ចេក ដាំ​ដើម​គ កុំ​គិត​រឿង​នយោបាយ ប្រយ័ត្ន​ងាប់​មុន​អាយុ។

ការដាំ​ដើម​ចេក ដើម​គ តើ១០០ឆ្នាំ​មកនេះ​ខ្មែរ​ទទួលបាន​អ្វីខ្លះ? ខាតបង់​អ្វីខ្លះ? តើ​យើងទាំងអស់គ្នា​ជា​អ្នកជំនាន់ក្រោយ​គួរតែ​បន្តទៀត​ទេ? សូម​ងាក​ទៅក្រោយ​បន្តិច និង​គិត​ទាំងអស់គ្នា។ ការលើក​ឡើងមក​រំលេច​ដ៏​តិចតួច​នេះ​មិនមាន​គោលបំណង​ណាមួយ​ចង់​កេងចំណេញ ឫ​បង្ហាញ​ពី​ជាតិនិយម​ហួសហេតុ​ទេ តែ​គ្រាន់តែ​ជួយ​ពញ្ញាក់​ស្មារតី​ខ្មែរ ដើម្បី​ឲ្យ​អ្នកអាន​ដឹងថា ពួកយើង​ជា​ខ្មែរ​មិនត្រូវ​ដាច់​ជំនាន់​ទៀតឡើយ ត្រូវ​ចេះ​រួបរួមគ្នា​ឡើងវិញ និង​រស់នៅ​ត្រូវតែ​ខ្លាំងក្លា មាន​ថាមពល​ដោយ​ខ្លួនឯង ចាប់ពី​ថ្ងៃនេះ​តទៅ។ ប្រវត្តិសាស្ត្រ​ខ្មែរ​មិនដែល​កាន់ជើង​បរទេស​ម្តងណា​ទេ ហើយក៏​គ្មាន​អ្នកណាម្នាក់ ព្រម​ស្លាប់​ទៅតាម​យើង​នោះទេ ទោះបី​ជំនាន់​ព្រះពុទ្ធ​ក៏ដោយ។ នៅពេល​អត់​ពី​យើង​ទៅ អ្នកដទៃ​គេ​ក៏​ចេះ​រស់នៅ តាមរបៀប​គេ​ដែរ ថែមទាំង​អាច​រស់នៅ​ដោយ​សប្បាយរីករាយ និង​មាន​មោទនភាព​បំផុត​ទៀតផង ឲ្យ​តែ​យើង​មិន​បំផ្លាញ​សាច់ឈាម​ខ្លួនឯង​ពីថ្ងៃ​នេះ​ទៀត។

ខ្ញុំ​ជា​ខ្មែរ កើត​នៅលើ​ដី​ខ្មែរ រងកម្ម តស៊ូ​ក្រាញននៀល​នៅ​លើដី​ខ្មែរ ស្លាប់ទៅ​ក៏​ជា​ខ្មោច​របស់​ខ្មែរ លោកអ្នក​ក៏​ដូចគ្នា​ដែរ។ ប៉ុន្តែ​ម្តាយ​របស់​ខ្មែរ មាតុភូមិ​ខ្មែរ ដែនដី​ប្រវត្តិសាស្ត្រ​ខ្មែរ មិនអាច​រងកម្ម ឈឺផ្សារ រហូត​ស្លាប់​ជា​បន្តបន្ទាប់​តទៅទៀតបាន​ឡើយ។ ចាប់ពី​ថ្ងៃនេះ​តទៅ សូម​ឲ្យ​លោកអ្នក​រួមគ្នា​បង្កើត​ប្រវត្តិសាស្ត្រ​ភ្លឺចិញ្ចាចចិញ្ចែង និង​មោទនភាព​សម្រាប់​កូនចៅ​ខ្មែរ​តទៅទៀត ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់ក្រោយៗស្តោះដាក់​ផ្នូរ​យើង ទាំង​យើង​មិនទាន់បាន​រួបរួមគ្នា​ដូច​ពេលនេះ​ទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com