ពិភពតារា៖ ធី ​ស្រី​ពៅ​ ថា​មិន​ប្រាថ្នា​ស្នេហា​ដោះដូរ
20, May 2015 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖អ្នកចម្រៀង​ថ្មោងថ្មី​កញ្ញា ធី​ស្រី​ពៅ​បាន​បង្ហើប​ឲ្យ​ដឹងថា​នាង​នៅ​មិនទាន់មាន​ជំពាក់ជំពិន​រឿង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ។ទោះយ៉ាងណា​នាង​ថា​ក៏​មិន​ប្រាថ្នា​ស្នេហា​ដែល​ដោះដូរ​នឹង​មាសប្រាក់​ឬ​លុយ​ឡាន​នោះដែរ។



កញ្ញា​ធី​ស្រី​ពៅ​ដែល​ទើប​បន្សាត់​ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​ជាង​កន្លះ​ឆ្នាំ​មកនេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​មហាជន​គួរ​ឲ្យ​កត់សម្គាល់​ជាមួយនឹង​ទឹកដម​សម្លេង​បូករួម​ទាំង​រូប​សម្ផស្ស​ដ៏​ស្រស់​ផូរផង់​បាន​ស្ទួយ​ឲ្យ​នាង​កាន់​តែមាន​ភាពលេច​ធ្លោ​ក្នុង​រយៈពេល​មួយ​ដ៏​ឆាប់រហ័ស​ក្នុងសង្គម​សិល្បៈ​ដែល​ពោរពេញ​ទៅដោយ​ភាព​ប្រកួតប្រជែង​នេះ។

ក្រោយពី​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាលពីដើមឆ្នាំ២០១៣អ្នកចម្រៀង​វ័យក្មេង​ធី​ស្រី​ពៅ​បើទោះបីជា​មិនទាន់​អាច​រក​ទ្រនំ​បាន​ច្រៀង​នៅឡើយ​ប៉ុន្តែ​នាង​ត្រូវបាន​មហាជន​ទទួលស្គាល់​តាមរយៈ​ទឹកដម​សម្លេង​ដ៏​ក្រ​អូន​ក្រអៅ​ដែលជា​អំណោយ​ពី​ធម្មជាតិ​ទើប​ជម្រុញ​ឲ្យ​អ្នកចម្រៀង​ស្រស់​សោភា​រូបនេះ​លេចធ្លោ​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី។

ជួប​សម្ភាស​ជាមួយថ្មី”នៅ​ស្ថានីយទូរទស្សន៍​អប្សរា​កាលពីពេល​កន្លង​តទៅថ្មីៗនេះ​ធី​ស្រី​ពៅ​បាន​ឲ្យ​ដឹងថា​នាង​មាន​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​ចម្រៀង​តាំងពី​តូច​ខណៈ​បងស្រី​នាង​ក៏​ជា​តារាចម្រៀង​ម្នាក់​ផងដែរ​ទើប​នាង​មានឱកាស​បាន​ដើរ​លើ​គន្លង​នេះ​បន្ទាប់ពី​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី១២នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​នា​ឆ្នាំ២០១០។

អ្នកចម្រៀង​ដែលមាន​ប្រភព​មកពី​ខេត្តព្រៃវែង​ធី​ស្រី​ពៅ​បាន​និយាយ​បន្ត​ឲ្យ​ដឹងថា​សព្វថ្ងៃ​នាង​កំពុង​ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន​សុខា​ពីរ​នាក់​បងស្រី​របស់​នា​ង​ឈ្មោះ​ធី​ណា​តា។បទ​ចម្រៀង​ដែល​ធី​ស្រី​ពៅ​លើក​យកមក​ច្រៀង​គឺ​នាង​ចូលចិត្ត​បទ​ចម្រៀង​របស់​កញ្ញា​មាស​សុខ​សោភា។បើទោះបីជា​ទឹកដម​សម្លេង​នៅមានកម្រិត​មិន​ពីរោះ​ដូច​ម្ចាស់​ដើម​យ៉ាងណាក៏ដោយ​ប៉ុន្តែ​នាង​ទទួលបាន​ការកោតសរសើ​រ​ពី​បណ្តា​ភ្ញៀវ​មួយចំនួន​ផងដែរ។

ទាក់ទិន​នឹង​ជីវិត​ឯកជន​ធី​ស្រី​ពៅ​បាន​បង្ហើប​ឲ្យ​ដឹងថា​នាង​នៅ​មិនទាន់មាន​ជំពាក់ជំពិន​រឿង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ។ទោះយ៉ាងណា​នាង​ថា​ក៏​មិន​ប្រាថ្នា​ស្នេហា​ដែល​ដោះដូរ​នឹង​មាសប្រាក់​ឬ​លុយ​ឡាន​នោះដែរ។នាង​និយាយថា​នាង​ចង់បាន​ត្រឹមតែ​ស្នេហា​ស្មោះ​មួយ​ប៉ុណ្ណោះ​និង​សាមញ្ញាៗអាច​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សុភមង្គល។

អ្នកចម្រៀង​ដែល​មិន​ទុក​មាសប្រាក់​ជាធំ​ក្នុង​រឿង​ស្នេហា​កញ្ញា​ធី​ស្រី​ពៅ​មាន​បងប្អូន៥នាក់​ស្រី​ទាំងអស់​នាង​ជា​កូនពៅ​និង​មាន​កម្ពស់១,៦២ម៉ែត្រ​ទម្ងន់៤៦គីឡូក្រាម។នាង​ទើបតែ​មក​រស់នៅ​ភ្នំពេញ​បាន៥ឆ្នាំ​ប៉ុណ្ណោះ​ដោយ​ស្នាក់នៅ​ជាមួយ​បងស្រី។សព្វថ្ងៃ​ក្រៅពី​ច្រៀង​នៅតាម​ភោជនីយដ្ឋាន​នាង​ក៏​កំពុង​សិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com