ជាតិ
បទវិភាគ
តើ​ព្រះសង្ឃ​អាច​ចូលរួម​ក្នុង​​នយោបាយ​បាន​កម្រិតណា ?
21, Jun 2015 , 1:00 pm        
រូបភាព
តើ​អ្នកបួស​អាច​ចូលរួម​ក្នុង​រឿង​នយោបាយ​បានដែរ​ឬទេ? បើសិនជា អ្នកបួស​ចូលរួម​ឈឺឆ្អាល​ក្នុង​រឿង​នយោបាយ និង​កិច្ចការ​ប្រទេសជាតិ តើ​វា​ខុស​នឹង​ព្រះ​វិន័យ និង​សីលធម៌​អ្នកបួស​ឬ? ឬ​តើ​វា​ផ្ទុយ​ពី​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​ឬ ហើយ​ថា​តើ​វា​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញឬ?



ក្នុងន័យ​អព្យាក្រឹត នយោបាយ គឺជា​សិល្បៈ​នៃ​ការប្រកួតប្រជែង​ដើម្បី​បាន​អំណាច​ក្នុងការ​ដឹកនាំ​រដ្ឋ តាម​ទស្សនវិស័យ និង​មាគ៌ា​នយោបាយ​របស់ខ្លួន។ ត្រង់ចំណុច​នេះ វា​គឺជា​គោលដៅ និង​មហិច្ឆតា​របស់​អ្នកនយោបាយ ដែល​ត្រូវធ្វើ​នយោបាយ ប្រកួតប្រជែង​ដើម្បី​បាន​អំណាច យកទៅ​ដឹកនាំ​រដ្ឋ។ ដូច្នេះ ក្នុងន័យនេះ បញ្ជាក់ថា​វា​មិនមែនជា​តួនាទី​របស់​អ្នកបួស​ទេ ដែល​ត្រូវធ្វើ​នយោបាយ ដើម្បី​ដឹកនាំ​រដ្ឋ ដូច​អ្ន​ន​នយោបាយ។ តែ​អ្វីដែល​ចង់​និយាយ​ទីនេះ​គឺថា អ្នកបួស​មិនអាច​ធ្វើ​នយោបាយ​បាន តែ​អាច​ចូលរួម​គិតគូរ​រឿង​ប្រទេសជាតិ និង​នយោបាយ ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ក្នុងសង្គម​ប្រជាធិបតេយ្យ​តែម្តង។

ការពិត គោលដៅ​អ្នកបួស​ធំធេង​សម្បើម​ណាស់។ បួស​មិនមែន​បួសលេង, បួស​មិនមែន​បួស​ដើម្បី​តែ​សប្បាយ, បួស​មិនមែន​បួស​ព្រោះ​គេច​ពី​ការងារ​ផ្ទះ, បួស​មិនមែន​បួស​ដើម្បី​សន្សំទ្រព្យ, បួស​មិនមែន​បួស​ដើម្បី​ឋានន្តរសក្តិ, បួស​មិនមែន​បួស​ដើម្បី​គេច​ពី​អាជ្ញា​រដ្ឋ។ តែ​បួស​ដើម្បី​ស្វែងរក​ធម៌​រំលត់ទុក្ខ​ទាំងពួង ហើយ​ដើម្បី​ជួយសង្គ្រោះ និង​ប្រោស​សត្វលោក​ឲ្យ​រួច​ចាក​ទុក្ខ​ផងដែរ។

អ្នកបួស ដែល​ក្លាយខ្លួនជា​ឧ​ត្ត​ម​ភេទ ក្រៅពី​ស្វែងរក​មាគ៌ា​ដើម្បី​ចេញ​ចាក​ទុក្ខ ក៏មាន​កាតព្វកិច្ច​ដ៏​ចាំបាច់​ផងដែរ ក្នុងការ​ជួយសង្គ្រោះ​បងប្អូន គ្រួសារ សាច់ញាតិ សង្គម​ទាំងមូល និង​រហូតដល់​ពិភពលោក​ទៀតផង។ ក្នុងការ​ជួយសង្គ្រោះ​នេះ គឺមាន​រូបភាពផ្សេងៗគ្នា អ្នកបួស​អាច​សង្គ្រោះ​មនុស្ស​តាម​ការអប់រំ ទេសនា​ប្រៀនប្រដៅ ជួយ​តម្រង់​ទិដ្ឋិ​តាម​ព្រះ​ពុទ្ធោវាទ និង​អាច​ចូលរួម​ក្នុង​រឿង​នយោបាយ​បាន​ផងដែរ ពេលណា​ដែល​ប្រទេសជាតិ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប្រជាជន​រង​ភាពអយុត្តិធម៌ ស្រែកយំ​ស្ទើរ​ទូទាំងប្រទេស។
បើ​អ្នកមើល​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធសាសនា ជា​ឱវាទ​ព្រះ​សាស្តា​នៃ​យើង ក៏​យើង​មិន​ឃើញថា ព្រះអង្គ​ទ្រង់​ហាមប្រាម​អ្នកបួស​មិន​ឲ្យ​ចូលរួម​ឈឺឆ្អាល​ក្នុង​កិច្ចការ​នយោបាយ និង​បញ្ហា​សង្គម ដើម្បី​ជួយ​មនុស្ស​នោះដែរ ព្រះអង្គ​មានតែ​ជំរុញ​ឲ្យ​សង្គ្រោះ​មនុស្ស​ថែម​ទោះ​តាម​ការ​ទេសនា​ក្តី ឬ​តាម​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​ក្តី។ ការ​ដោះខ្លួន​ចេញ​ចាក​កាមតណ្ហា និង​ការសង្គ្រោះ​មនុស្ស​ឲ្យ​ផុតពី​សេចក្តី​ទុក្ខ គឺជា​កាតព្វកិច្ច និង​ទឹកចិត្ត​របស់​អ្នកបួស។

បើ​យើងរ​ឮ​ក​ទៅដល់​សម័យ​អាណានិគម​បារាំង វា​ជា​កាលដែល​បរទេស​ជិះជាន់​លើទឹក​ដី​មាតុភូមិ​យើង ជិត​មួយ​សតវត្ស។ ពេលនោះ ខ្មែរ​យើង​បាត់បង់​សេចក្តីសុខ​ជិត​មួយ​សតវត្ស​ដែរ។ ក្នុងសម័យ​កាល​ដ៏​ឈឺចាប់​នេះ យើង​ឃើញថា មាន​បុព្វ​វីរ​សមណ​សង្ឃ ជាច្រើន​អង្គ ដូចជា​ព្រះគ្រូ​អាចារ្យ ហែម ចៀវ ព្រះគ្រូ​ខៀវ ជុំ ព្រះគ្រូ​ប៉ាង ខាត់ ព្រមទាំង​អ្នកស្នេហាជាតិ​ផ្សេងទៀត រួមមាន ប៉ាច ឈឹ​ន ស៊ឺន ង៉ុ​កថា​ញ់ ប៊ុន ច័ន្ទ​មុ​ល ជាដើម សុទ្ធតែ​លះបង់​ជីវិត​ក្នុង​រឿង​នយោបាយ​ដើម្បី​ស្រោចស្រង់​ប្រទេសជាតិ​ដោយ​ឥត​ចង់បាន​អ្វី។ ដោយសារតែ​រឿង​នយោបាយ ចង់​ជួយ​ជាតិ ចង់​សង្គ្រោះ​ប្រជាជន ដែលជា​បងប្អូន​រួម​ជាតិ​សាសនា ព្រះគ្រូ​អាចារ្យ ហែម ចៀវ បាន​ប្រឆាំងនឹង​ពួក​អាណានិគម​បារាំង រហូត​ព្រះអង្គ​ត្រូវបាន​គេ​ចោទថា​ក្បត់ជាតិ ហើយ​ត្រូវ​បញ្ជូនទៅ​កោះ​ត្រឡាច​ដែនដី​កម្ពុជា​ក្រោម ដោយ​ដាក់ទោស​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ព្រះអង្គ​បាត់បង់​ជីវិត​នៅ​ទីនោះ។ ចំណែកឯ​ព្រះគ្រូ​សាសនា​នយោបាយ ខៀវ ជុំ ដោយសារតែ​រឿង​នយោបាយ រឿង​ជាតិ​មាតុភូមិ ត្រូវបាន​អ្នកនយោបាយ​ស្នេហា​ជាតិ និង​ប្រជាពលរដ្ឋ អង្វរ​ផង​បង្ខំ​ផង ដើម្បី​ឲ្យ​ព្រះអង្គ​ចាកចេញ​ពី​មាតុភូមិ​ទាំង​ការឈឺចាប់ ទៅកាន់​ប្រទេស​ថៃ​ទាំង​ព្រះអង្គ​មិន​ចង់។ ការចូលរួម​ក្នុង​រឿង​នយោបាយ និង​រឿង​សង្គមជាតិ របស់​មហា​វីរ​សមណ​សង្ឃ​ទាំងនេះ គ្មាន​អ្នក​ន​យោ​យ​បាយ​ណា គ្មាន​អ្នកប្រវត្តិសាស្ត្រ​ណា គ្មាន​អ្នកនិពន្ធ​ណា គ្មាន​ទស្សនវិទូ​ណា​សរសេរថា ព្រះ​អង្គជា​អ្នក​ក្បត់ជាតិ ក្បត់​សាសនា ធ្វើ​ខុស​តួនាទី​ជា​អ្នកបួស​នោះទេ។ គឺ​មានតែ​អរគុណ​ចំពោះ​ព្រះអង្គ​យ៉ាង​ក្រៃលែង ហើយ​ចាត់ទុក​ព្រះ​អង្គជា​អ្នកស្នេហាជាតិ​សាសនា ជា​វីរ​សង្ឃ​ទូទាំងប្រទេស រហូតដល់​បច្ចុប្បន្ន។ គំរូ​វីរភាព​របស់​ព្រះអង្គ បាន​ស្ថិតក្នុង​ក្រអៅបេះដូង​របស់​ព្រះសង្ឃ​គ្រប់​អង្គ និង​ប្រជាពលរដ្ឋ​គ្រប់រូប។

ព្រះពុទ្ធ​អង្គ​ទ្រង់​សម្តែង​ថា «រស់នៅក្នុង​ប្រទេស​ដ៏​សមគួរ គឺជា​មង្គល​ដ៏​ឧ​ត្ត​ម»។ ប្រសិនបើ​ប្រទេស​យើង​ជា​ប្រទេស​ដ៏​សមគួរ ជា​ដែនដី​មាន​សុខសន្តិភាព រស់នៅ​ដោយ​ភាពសម្បូរ​សប្បាយ សុខដុមរមនា ដូច្នេះ​អ្នកបួស​ក៏​ទទួលផល​គឺ​សេចក្តីសុខ ពី​ទឹកដី​នេះដែរ។ តែ​បើសិនជា​ប្រទេសជាតិ​ជួប​គ្រោះ​ថា្នក់ ប្រជាជន​ជួប​ទុក្ខលំបាក ទទួលរង​ភាពអយុត្តិធម៌​គ្រប់​រូបភាព តើ​វា​ជាទី​ដ៏​សមគួរ​សម្រាប់​យើង​រស់​នៅទេ? ពេលនោះ​អ្នកបួស​គួ​នៅ​ស្ងៀម​ទេ? អ្នកបួស​អាច​នៅ​ឆាន់​បាយ​អ្នកស្រុក និង​សូធ្យធម៌​ក្នុង​ព្រះវិហារ​បានទេ? អ្នកបួស​អាច​សិង (ដេក) ស្តាប់​សំឡេង​ស្រែកយំ​របស់​ប្រជាពលរដ្ឋ ដែលជា​ជន​រួម​ឈាម រួមសុខ​រួមទុក្ខ​បានទេ?

«ឆ្នាំងបាយ​ប្រជាពលរដ្ឋ គឺជា​ឆ្នាំងបាយ​លោកសង្ឃ ក្នុង​ឆ្នាំង​ប្រជាពលរដ្ឋ​គ្មាន​បាយ អ៊ីចឹង​លោកសង្ឃ​ក៏​ឥត​បាយ​ឆាន់​ដែរ»។ នេះ​ជា​ពាក្យ​ដ៏​ពិ​រោះ ដ៏​ក្រអួន​ក្រអៅ ដ៏​សែន​មានន័យ ស្តាប់​ហើយ​ស្ទើរ​ស្រក់​ទឹកភ្នែក ដែល​ស្ថិតនៅក្នុង​បេះដូង របស់​ព្រះ​ស្ឃ​គ្រប់​អង្គ របស់​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់ពេលវេលា គ្រប់​សម័យកាល ចាំ​មិន​ភ្លេច។ ដូច្នេះ​ព្រះអង្គ​ចង់​មាន​សង្ឃដីកា​ថា អ្នកបួស ពេល​ឃើញ​ប្រទេសជាតិ​ជួប​គ្រោះថ្នាក់ ប្រជាជន​ល្ងង់ខ្លៅ រង​នូវ​អំពើ​អយុត្តិធម៌ មិនត្រូវ​សំងំ​យកសុខ អង្គុយ​សូធ្យធម៌​ប្រាថ្នា​ឡើងឋានសួគ៌​ក្នុង​វិហារ​នោះទេ។ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​ចេញ​ជួយសង្គ្រោះ​ប្រទេសជាតិ ប្រៀនប្រដៅ​បងប្អូន​យើង ស្វែងរក​យុត្តិធម៌​ជួន​ជនរួមជាតិ ដើម្បី​ឲ្យ​មាតុភូមិ​យើង​រស់នៅ​ដោយ​សុខ​សុភមង្គល ក្លាយជា​ទឹកដី​ដ៏​សមគួរ​សម្រាប់​យើង​រាល់គ្នា។

បើ​ដូច្នេះ តើ​អ្នក​ស្អប់​ព្រះសង្ឃ​ទេ តើ​អ្នក​ទើសភ្នែក​នឹង​ព្រះសង្ឃ​ទេ តើ​អ្នក​កើតទុក្ខ​ទោម្នេញ​នឹង​ព្រះសង្ឃ​ទេ ពេល​ឃើញ​ព្រះសង្ឃ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ អំឡុងពេល​ប្រទេសជាតិ​ជួប​គ្រោះថ្នាក់ បងប្អូន​រួម​ឈាម​ជួប​ទុក្ខលំបាក? ឬ​អ្នក​ពេញចិត្ត​ឲ្យ​ព្រះសង្ឃ​សំងំ​យកសុខ សិង​ក្នុង​កុដិ​ធ្វើ​មិនដឹង?
ពេល​ឃើញ​ព្រះសង្ឃ​ចូលរួម​ក្នុង​នយោបាយ ស្វែងរក​យុត្តិធម៌​ឲ្យ​ប្រជាជន មាន​អ្នកខ្លះ​ធ្វើ​ឫក​ដូច​ខ្លួនឯង​ហ្នឹង​ចេះ​វិន័យ យល់​សីលធម៌​អ្នកបួស​សម្បើម​ណាស់ ដោយ​ពោល​ពាក្យ​ត្មះតិះដៀល​ថា មិនដឹង​ជា​លោកសង្ឃ​ស្អី​ទេ! បួស​ហើយ​មិន​គិត​ឆាន់​បាយ​ឲ្យ​តែ​ឆ្អែត សូធ្យ​តែ​ធម៌​ទេ! បែរជា​មក​ប្រឡូកប្រឡាក់ ក្នុង​រឿង​សង្គម រឿង​នយោបាយ ជាមួយ​គ្រហស្ថ​នាំ​ឲ្យ​ប្រទេសជាតិ​ច្របូកច្របល់! គ្មាន​ដឹង​ខុស​វិន័យ​អី​ទេ! យ៉ាប់​មែន​អ្នកបួស​សម័យនេះ។ តែ​ដល់ពេល​ព្រះសង្ឃ​សំងំ​នៅ​ស្ងៀម​ក្នុង​វត្ត ក៏មាន​អ្នកខ្លះ​វាយប្រហារ​យ៉ាង​ឆ្ងាញ់​មាត់​ថា ឆាន់​បាយ​អ្នកស្រុក ពេល​អ្នកស្រុក​មាន​បញ្ហា ប្រជាជន​ស្រែកយំ លោកសង្ឃ​ធ្វើ​មិនដឹង! សំងំ​យកតែ​សុខ! មិន​ខ្វល់​ពី​សម្រែក​ស្រែកយំ​របស់​បងប្អូន​រួម​ឈាម! គិតតែ​សូធ្យធម៌​ប្រាថ្នា​ឡើងឋានសួគ៌​តែម្នាក់ឯង! ឱ​ម្ចាស់​ថ្លៃ! អយុត្តិធម៌​ណាស់! គួរ​ឲ្យ​ឈឺចាប់​ណាស់! បើ​ចឹ​ង​តើ​អ្នក​ឲ្យ​ព្រះសង្ឃ​លោក​ទៅ​ផ្លូវ​ណា​ទើបត្រូវ! ផ្លូវ​ណា​ទើប​អស់លោក​ពេញចិត្ត?
ការចូលរួម​ក្នុង​កិច្ចការ​នយោបាយ ដើម្បី​ស្វែងរក​ភាព​រីកចម្រើន​ដល់​ប្រទេសជាតិ មានរឿង​អី​មិនល្អ មានរឿង​អី​ដែលថា​ព្រះសង្ឃ​មិនមាន​ចំណែក​ក្នុង​ការជួយ​កសាង​ជាតិ​មាតុភូមិ​តាមរយៈ​ការចូលរួម​គិតគូរ​ក្នុង​រឿង​នយោបាយ​នោះ? តើ​ខុសឆ្គង​ត្រង់ណា?

ដើម្បី​បង្ហាញ​ពី​ការបកស្រាយ​ដោយ​អព្យាកតភាព ដោយ​តម្លាភាព ជា​សក្ខីភាព យើង​នាំគ្នា ក្រឡេកមើល​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស ត្រង់​មាត្រា២បាន​ចែងថា៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ និង​សេរីភាព​គ្រប់បែបយ៉ាង​ទាំងអស់ ដោយ​គ្មាន​ការបែងចែក ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិផ្សេងៗទៀត ប្រភព​ជាតិ ឬ​សង្គម ទ្រព្យសម្បត្តិ កំណើត ឬ​ឋានៈដទៃៗទៀតឡើយ»។
មាត្រា​ផ្សេងទៀត ដូចជា​មាត្រា មាត្រា២១ ក៏បាន​ចែង​ដែលថា៖ «មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ចូលរួម​ក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​របស់ខ្លួន ដោយផ្ទាល់ ឬ​តាមរយៈ​តំណាង​ទាំងឡាយ ដែល​គេ​បានជ្រើសរើស​ដោយ​សេរី។ ឆន្ទៈ​នេះ​នឹង​ត្រូវបាន​សម្ដែង​ចេញ​តាមរយៈ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់ តាម​ពេល​កំណត់ និង​ពិតប្រាកដ ដែល​នឹងត្រូវ​ធ្វើជា​សកល និង​មាន​សិទ្ធិ​បោះឆ្នោតស្មើៗគ្នា។
មាត្រា​ទាំង២នេះ​បញ្ជាក់ថា សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស មិនបាន​បែងចែក​ថា សិទ្ធិ​នេះ​សម្រាប់តែ​គ្រហស្ថ មិនមែន​សម្រាប់​អ្នកបួស​ទេ ។
ចំណែក​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ត្រង់​មាត្រា៣១ បានចែង​យ៉ាងនេះ​ថា៖ ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ និង គោរព​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិ​កុមារ។
ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិសេរីភាព និង ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ ស្ថានភាព​ឯទៀត​ឡើយ។ ការប្រើ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គលម្នាក់ៗ មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​អ្នកដទៃ​ឡើយ។ ការប្រើ​សិទ្ធិសេរីភាព​នេះ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់។
លើសពីនេះទៅទៀត មាត្រា៣៥ ក៏បាន​ចែង​ដែរ​ថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌​របស់​ប្រទេសជាតិ»។
នៅ​មាត្រា​ផ្សេងទៀត​ដូច មាត្រា៤២ វាក្យខណ្ឌ​ទី២ បាន​ចែងថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ អាច​ចូលរួម​ក្នុង​អង្គការ​មហាជន ជួយ​គ្នា​ទៅវិញទៅមក ការពារ​សមិទ្ធផល​ជាតិ និង សណ្ដាប់ធ្នាប់​សង្គម»។

តាមរយៈ​មាត្រា​ទាំង​ប៉ុន្មាន​ក្នុង​រដ្ឋធម្មនុញ្ញ យើង​ឃើញថា កម្ពុជា​យើង​មិន​ត្រឹមតែ​គោរព និង​ទទួលស្គាល់​សិទ្ធិមនុស្ស​ប្រកាស​ជា​សាកល ដែល​ពាក់ព័ន្ធ និង​សិទ្ធិ​យោ​បាយ សិទ្ធិ​ពលរដ្ឋ ដោយ​ឥត​បែង​ចែង​ភេទ​នោះទេ ថែមទាំង​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ផង ដើម្បី​ផ្តល់​សិទ្ធិ ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ជួយ​អភិវឌ្ឍ​ប្រទេសជាតិ។
ដូច្នេះ​បើតាម​ការវែកញែក​ដោយ​ឈរលើ​ផ្លូវកណ្តាល ដោយ​ផ្អែកលើ​ទស្សន​ព្រះពុទ្ធសាសនា ដោយ​ផ្អែកលើ​គោលការណ៍​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​យើង យើង​មិនទាន់​ឃើញថា ព្រះសង្ឃ​ខុស​ក្នុងការ​ចូលរួម​ក្នុង​នយោបាយ​នោះទេ ហើយក៏​មិនទាន់​ឃើញថា ព្រះពុទ្ធ​អង្គ ឬ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស រួមទាំង​រដ្ឋធម្មនុញ្ញ​យើង​ផងដែរ បាន​ហាមប្រាម​មិន​ឲ្យ​ព្រះសង្ឃ​ចូលរួម​ឈឺឆ្អាល​ក្នុង​រឿង​នយោបាយ និង​ប្រទេសជាតិ​នោះដែរ ។

ដើម្បី​ភាពជាក់ស្តែង​បន្ថែមទៀត​នោះ យើងទាំងអស់គ្នា ក្រឡេក​ទៅ​មើល​ច្បាប់​ស្តី​គណបក្សនយោបាយ១៩៩៧ វិញ​ម្តង!
មាត្រា១២ នៃ​ច្បាប់​នេះ​បាន​ចែងថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​យ៉ាងតិច១៨ឆ្នាំ និង​មាន​សិទ្ធិ​ពលរដ្ឋ អាច​ចូល​ជា​សមាជិក​គណបក្សនយោបាយ​បាន។
មាត្រា១៥ វាក្យខណ្ឌ​ទី២ បានចែង​បន្ថែមថា៖ «បុព្វ​ជិត មន្ត្រី​តុលាការ កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាលជាតិ អាច​ចូល​ជា​សមាជិក​គណបក្សនយោបាយ​នានា​បាន តែ​មិន​ត្រូវធ្វើ​សកម្មភាព​គាំទ្រ​ឬ​ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​ឡើយ។ គណបក្សនយោបាយ​មិនត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្នុង​ស្ថាប័ន​សាសនា តុលាការ កង​យោពល​ខេមរភូមិន្ទ​និង​កងកម្លាំង​នគរបាលជាតិ​ទេ។

តាម​ការលើកឡើង​នេះ យើង​អាច​ឈ្វេង​យល់ថា ច្បាប់​ស្តី​គណបក្សនយោបាយ បានផ្តល់​ឱកាស​យ៉ាង​ពេញ​ដល់​ពលរដ្ឋ​គ្រប់ រួមទាំង​អ្នកបួស​ផងដែរ ក្នុង​ចូល​ជា​សមាជិក​គណបក្សនយោបាយ​ណាមួយ។ តែ​ចំពោះ​ព្រះសង្ឃ មន្ត្រី​តុលាការ កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាលជាតិ ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​គាំទ្រ​ឬ​ប្រឆាំង​គណបក្សនយោបាយ​នោះទេ។ ត្រង់​ន័យ​នេះ ព្រះសង្ឃ​អាច​ចូល​ជា​សមាជិក និង​គាំទ្រ​គោលនយោបាយ នៃ​គណបក្សនយោបាយ​ណាមួយ​បាន តែ​មិនត្រូវ​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ដើម្បី​បង្ហាញថា ខ្លូន​គាំទ្រ​បក្ស​ណា ហើយ​វាយប្រហារ​បក្ស​ផ្សេង​នោះទេ។ ក្នុងនាម​ជា​អ្នកបួស​ត្រូវ​ដើរ​តាម​មាគ៌ា​នៃ​ឧបេក្ខា​ធម៌។

ដូច្នេះ​ថ្វីដ្បិតតែ ព្រះសង្ឃ​មាន​សិទ្ធិ​អាច​ចូលរួម​គិតគូរ​ក្នុង​នយោបាយ​ក៏ពិតមែន តែ​ក៏​គួរ​យល់​ពី​កម្រិត​ដែល​ខ្លួន​អាចធ្វើ​បានដែរ ដោយ​ផ្អែកទៅលើ​សីលធម៌​របស់ខ្លួន និង​តាមច្បាប់​រដ្ឋ​ដែល​បានចែង។ ព្រះសង្ឃ​ក៏​ជា​កោសិការ​ក្នុង​សង្ឃ​ដែរ ហេតុអ្វី​ព្រះសង្ឃ​មិនអាច​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ និង​កិច្ចការ​សង្គម​បាន?



© រក្សាសិទ្ធិដោយ thmeythmey.com