ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន សែន ដាក់ចេញ​យុទ្ធសាស្ត្រ «កៀងគរ​ចំណូល »ឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៨
20, May 2015 , 9:19 pm        
រូបភាព
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​អនុម័ត​ដាក់​យុទ្ធសាស្ត្រ «កៀងគរ​ចំណូល» សម្រាប់​រយៈពេល​មធ្យម ឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៨ ហើយ​លោក ទាមទារ​ឲ្យ​ភាគី​ដៃគូរ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល​ផងដែរ។ ការ​ថ្លែង​របស់លោក ហ៊ុន សែន​បែបនេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​នៃ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ថ្ងៃទី២០ ខែឧសភា​នេះ។ អ្នកវិភាគ​សង្គម ស្វាគមន៍​ចំពោះ​យុទ្ធសាស្ត្រ​ថ្មី​នេះ។ តែ​យ៉ាងណា​អ្នកវិភាគ​ទាំងនោះ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យុទ្ធសាស្ត្រ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ចៀសវាង​ការបាត់បង់​ចំណូល​រដ្ឋ។



ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា កំពុង​តែមាន​ភាពជឿជាក់​យ៉ាងខ្លាំង​ទៅលើ​យុទ្ធសាស្ត្រ«កៀងគរ​ចំណូល» ថ្មី​នេះ ។ ហើយ​លោក កំពុង​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំ​នឹង​រៀបចំ​នូវ​យុទ្ធសាស្ត្រ​នេះ​ផងដែរ«យុទ្ធសាស្ត្រ​នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ឲ្យ​គ្រប់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ជាពិសេស​ពី​គ្រប់​ស្ថាប័ន​ប្រមូល​ចំណូល​ទាំងអស់ ទើប​អាច​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក។ ថ្វី​ដ្បិត​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវមាន​តួនាទី​ដឹកនាំ​អនុវត្ត​ក៏ដោយ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន។
សូម​ស្ដាប់​សំឡេង៖



ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ថ្មី​នេះ អ្នកវិភាគ​សង្គម លោក កែម ឡី មានប្រសាសន៍ថា កន្លងមក​ការប្រមូល​ពន្ធ​នៅ​កម្ពុជា មាន​ភាពមិនប្រក្រតី ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ។ ហើយ​លោក​ថា បើសិនជា​រដ្ឋាភិបាល​មានការ​កំណត់​យុទ្ធសាស្ត្រ​ច្បាស់លាស់​នោះ ចំណូល​ដែល​បាន​ពី​ការប្រមូល​ពន្ធ​និង​មិនមាន​ការបាត់បង់ ហើយ​ប្រទេស​កម្ពុជា​ក៏​មិន​ខ្វះខាត និង​ត្រូវការ​ជំនួយ​ពី​បរទេស​ទៀត​ដែរ។ តែ​យ៉ាងណា​លោក កែម ឡី ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សវនកម្ម​អាជីវកម្ម និង​ពន្ធដារ​ឲ្យ​បានច្បាស់លាស់។ ចូលរួម​សហការ​ជាមួយ​សង្គម​ស៊ីវិល ចំពោះ​ការប្រមូល​ពន្ធ​នេះ ដើម្បី​មាន​តម្លាភាព ។

អ្នកវិភាគ​រូបនេះ​ពន្យល់ថា៖«ជាទូទៅ​កន្លងមក​ពន្ធដារ​ធ្លុះធ្លាយ ពន្ធដារ​ពុករលួយ។ ព្រោះ​ស្ដង់ដារ​អន្តរជាតិ គេ​ប្រមូលបាន៤៥ភាគរយ នៃ​ផ​លិ​ផល​សរុប។ វៀតណាម២០ភាគរយ នៃ​ផលិតផល​សរុប។ តែ​កម្ពុជា​បានតែ៩ ទៅ ១០ភាគរយ នៃ​ផ​លិ​ផល​សរុប បានតែ២៤០០លាន​ដុល្លារ។ តែបើ​មិន​ពុករលួយ​យើង​អាច​បាន​ពី៤០០០លាន​ដុល្លារ ទៅ៦០០០លាន​ដុល្លារ។ តែ​ខ្ញុំ​មិនដឹងថា​លោក ហ៊ុន សែន គាត់​អនុវត្ត​យុទ្ធសាស្ត្រ​ច្បាស់​យ៉ាងម៉េច​ទេ។ តែបើ​ធ្វើបាន​នោះ​កម្ពុជា​មិនចាំបាច់​ត្រូវការ​ជំនួយឥតសំណង​ពី​គេ​ទៀត​ទេ»។

ចំណែក​លោក អ៊ូ វីរៈ អ្នកវិភាគ​សង្គម យល់ថា គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​នេះ គឺ​សម​ហេតុផល។ តែ​លោក អ៊ូ វីរៈ ក៏បាន​បញ្ជាក់​បន្ថែមថា ដើម្បី​កុំ​ឲ្យ​មានការ​បាត់បង់​ពន្ធ​ដោយសារ​ការ​ពុករលួយ រដ្ឋាភិបាល​គួរតែ​ដាក់​គោលការណ៍​យកពន្ធ​ទាប​សមរម្យ ។ លើកទឹកចិត្ត​មន្ត្រី​ប្រមូល​ពន្ធ និង ដាក់ពិន័យ​ដល់​មន្ត្រី​ទាំងនោះ​ជាដើម«ខ្ញុំ​គាំទ្រ​យុទ្ធសាស្ត្រ​ថ្មី​នេះ។ តែ​អាស្រ័យ​លើ​កត្តា​ប្រមូល​ពន្ធ​ផងដែរ បើ​យកពន្ធ​ថ្លៃ​នោះ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ពួកគេ​គ្មាន​លទ្ធភាព​បង់ ធ្វើ​ឲ្យ​ពួកគេ​គេចវេស​ពី​ការប្រមូល។ តែបើ​ពន្ធ​ទាប​ពួកគេ​នឹងមិន​គេចវេស​ទេ ដូចនេះ​ការប្រមូល​បង់ពន្ធ​គឺ​បាន​ត្រឹមត្រូវ។ ទី២ លើកទឹកចិត្ត​មន្ត្រី​ប្រមូល​ពន្ធ បើ​ឲ្យ​ប្រាក់ខែ​ពួកគេ​ច្រើន ពួកគេ​នឹងមិន​កេងប្រវ័ញ្ច មិន​ពុករលួយ។ ទី៣ ដាក់ពិន័យ​តាមច្បាប់ បើ​ពួកគេ​ពុករលួយ​មានទោស​ធ្ងន់ ។ ដូចនេះ​យើង​និង​ប្រមូលបាន​ចំណូល​ត្រឹមត្រូវ មិន​បាត់បង់។ ហើយ​យើង​នឹង​ឈប់​ក្លាយជា​ប្រទេស​សុំទាន​គេ ពឹង​ផ្អែកលើ​បរទេស​គ្រប់ពេល​ទៀត​ដែរ»។នេះ​ជាការ​ពន្យល​របស់លោក អ៊ូ វីរៈ៕


© រក្សាសិទ្ធិដោយ thmeythmey.com