ពិភពតារា៖ តាត លក្ខិណា យកស្វាមីមិនប្រកាន់វ័យនោះទេ
×
ភ្នំពេញ៖ តារាចម្រៀង និងសម្តែងកញ្ញាតាតលក្ខិណាបានបង្ហើបឲ្យដឹងពីជីវិតគូស្រករថាបើទៅថ្ងៃអនាគតនាងយកស្វាមី គឺមិនប្រកាន់លើវ័យនោះទេសំខាន់ឲ្យតែគេមានចិត្តស្មោះ និងចេះស្រលាញ់នាង និងក្រុមគ្រួសាររបស់នាងទៅគឺគ្រប់គ្រាន់ហើយ។
អ្នកចម្រៀងវ័យ២៣ឆ្នាំកញ្ញាតាតលក្ខិណាបើទោះបីជាមិនទាន់មានទ្រនំច្រៀងនៅឡើយប៉ុន្តែនាងបានធ្វើឲ្យមហាជនស្គាល់វត្តមានរបស់នាងតាមរយៈការសម្តែងភាពយន្តចំនួន៣រឿងក្រោយពីបន្សាត់ខ្លួនចូលប្រឡូកសិល្បៈនាឆ្នាំ២០០៨។
ទាក់ទិននឹងជីវិតឯកជនអ្នកចម្រៀងមកពីក្រុងតាខ្មៅរូបនេះបានបង្ហើបឲ្យដឹងថា សព្វថ្ងៃ បេះដូងនាងនៅទំនេរស្អាត ប៉ុន្តែក៏មានអ្នកស្រលាញ់ខ្លះដែរ តែនៅមិនទាន់យកចិត្តទុកដាក់រឿងស្នេហានៅឡើយទេ រង់ចាំមានទ្រនំច្រៀងសិន និងទទួលបានការគាំទ្រពីមហាជនក្នុងអាជីពសិល្បៈនេះ។
ទោះយ៉ាងណា តាត លក្ខិណា និយាយថា បើទៅថ្ងៃអនាគតនាងយកស្វាមីនោះមិនប្រកាន់ថា បុរសវ័យចំណាស់ឬប្តីពោះម៉ាយនោះទេ។នាងអះអាងថារឿងគូស្រករគឺវាអាស្រ័យលើវាសនាជាកំណត់មក។ តាត លក្ខិណា បញ្ជាក់ឲ្យដឹងថាកាលពីនៅវ័យជំទង់នាងតែងហាត់ច្រៀងជាញឹកញយនៅចង្ក្រានបាយដូច្នេះនាងគិតថាប្រសិនទៅថ្ងៃអនាគតបានប្តីពោះម៉ាយនោះនាងមិនតូចចិត្តដែរ ។
តាតលក្ខិណាបានរំលឹកពីដើមចមមុនចូលសិល្បៈថានាងបានចូលរួមប្រលងកញ្ញាឯកនៅស្ថានីទូរទស្សន៍ក្នុងស្រុកមួយនិងបានជាប់ចំណាត់ថ្នាក់ប្រចាំខែប៉ុន្តែដោយសារចិត្តចង់ថតភាពយន្តពេកនាងបានបោះបង់ការប្រលងស្រីស្អាតនៅពាក់កណ្តាលទីទៅសម្តែងខ្សែវីដេអូភាគតាមការហៅរបស់ម្ចាស់ផលិតកម្ម។
ការបង្ហាញវត្តមានក្នុងខ្សែភាពយន្តជាបន្តបន្ទាប់នោះ ពិសេសក្នុងរឿង “ចម្រៀងស្នេហ៍រលកជីវិត”របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ថ្វីបើនាងមិនបានគ្រងតំណែងតួអង្គសំខាន់ក៏ដោយ ប៉ុន្តែមហាជនបានស្គាល់នាងយ៉ាងច្បាស់ តាមរយៈតួអង្គជាអ្នកគ្រូបង្រៀនម្នាក់ ដែលមានចរិកសុភាពរាបសារ ពោរពេញដោយការអប់រំ។ បន្តបន្ទាប់មកទៀត នាងបានសម្តែងក្នុងរឿង “ជីវិតយុវវ័យ”របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍,រឿង “ជើងមេឃសម្បថ”របស់ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១និងចូលរួមថតMTV ឲ្យផលិតកម្មក្រៅស្រុកផងដែរដូចជាផលិតកម្មពន្លឺនាគហោះនិងផលិតកម្មបុប្ផាជាដើម..។
ក្រៅពីសម្តែងនិងធ្វើពិធីការិនីនៅតាមកម្មវិធីមួយចំនួនដូចជាផ្សព្វផ្សាយផលិតផលផ្សេងៗនោះតាតលក្ខិណាក៏បានការអញ្ជើញឲ្យឡើងច្រៀងជាតារាកិត្តិយសនៅតាមបណ្តាស្ថានីយទូរទស្សន៍ផងដែរ។
ទោះជាយ៉ាងណា តាត លក្ខិណា អះអាងថា កាលពីដើមខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ នាងបានបដិសេធការហៅថតខ្សែវីដេអូភាគមួយ ដោយសារស្របគ្នាជាមួយនឹងការអញ្ជើញឲ្យនាងទៅច្រៀងនៅប្រទេសអូស្ត្រាលីនៅឆ្នាំ ២០១៤ ដែលតាមគម្រោង នាងត្រូវស្នាក់នៅច្រៀងរយៈពេលពីរខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com