ជាតិ
នយោបាយជាតិ
លោក ហោ ណាំហុង អួលដើម ក ពេលរម្លឹកពីបេសកកម្មការពារបូរណភាពទឹកដី
× លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង បានរម្លឹកពីប្រវត្តិលំបាករបស់ខ្លួន ជាមួយសហការីខ្លួនទាំងអួលដើម ក នៅពេលដែលលោក និងសហការីបំពេញបេសកកម្មដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាកន្លងមក។ ការរម្លឹកពីភាពលំបាករបស់លោក ហោ ណាំហុងនះ បានធ្វើឡើងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម ក្នុងវេទិកាតុមូលរៀបចំឡើងដោយទីស្តីការគណរដ្ឋមន្ត្រី ដែលផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៥ ។
តាមពិតទៅបទបរិយាយរបស់លោកប្រមុខកាទូតចាស់វស្សារបស់កម្ពុជារូបនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងមតិរិះគន់លោកកន្លងមកជុំវិញអំណះអំណាងរបស់លោកដែលថា ប្រជាជនខ្មែរនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាំដំណាំចូលទឹកដីវៀតណាម ទើបបណ្តាលឲ្យអាជ្ញាធរ និងពលរដ្ឋវៀតណាម នាំគ្នាមកដុតដំណាំរបស់ប្រជាជនទាំងនោះ។ ហើយនៅក្នុងវេទិកាតុមូលនេះ លោក ហុង ណាំហុង នៅតែអះអាងដូចមុនថា ដីដែលពលរដ្ឋខ្មែរដាំដំណាំនោះ ជារបស់វៀតណាម ក្រោមទឡ្ហីករណ៍ដដែល។
ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្របពេលដែលកំពុងតែនិយាយពីបញ្ហាទឹកដីជាមួយប្រទេសវៀតណាម លោក ហោ ណាំហុង ក៏បានឆ្លៀតរម្លឹកពីការតស៊ូ និងការលះបង់របស់រូបលោក ជាមួយនឹងសហការីខ្លួន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីជាមួយប្រទេសថៃទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារកន្លងទៅ ។ ពេលរម្លឹកពីការតស៊ូនេះហើយ ធ្វើឲ្យលោក ហោ ណាំហុង ស្ទើរទប់អារម្មណ៍មិនបាន។ ក្នុងសំឡេងអួលដើម ក និងហាក់បីដូចជាចង់ស្រក់ទឹកភ្នែកផងនោះ លោកប្រមុខការទូតកម្ពុជាដែលមានអាយុ ៨០ ឆ្នាំរូបនេះ បានរៀបរាប់បែបនេះថា៖« នៅតុលាការយុត្តិធម៌អន្តរជាតិ ពី២០១១ ដល់២០១៣ ពីរឆ្នាំនេះ យើងធ្វើការតស៊ូខាងផ្លូវច្បាប់ទាំងយប់ទាំងថ្ងៃ។ ពេលខ្លះយើងខ្ញុំទាំងអស់គ្នាមានមុខនៅទីនេះ ព្រមទាំងអ្នកច្បាប់របស់យើង អត់បាយទេ ហូបនំបុ័ងមួយ ទឹកមួយកែវ ធ្វើការដល់ម៉ោង១២ ម៉ោង១យប់» ។
ស្តាប់សំឡេងលោក ហោ ណាំហុង
សូមបញ្ជាក់ថា នៅក្នុងវីដេអូវេទិកាតុមូលដែលរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាម ក្រៅពីលោក ហោ ណាំហុង ក៏មានវត្តមានលោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នលោក ឡុង វិសាលោ អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមផងដែរ។ ហើយលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីជាអ្នកសម្របសម្រួលក្នុងវេទិកានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com