ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរ៉ូយ៉ាល់កំណត់អត្រាការប្រាក់ទាប និងតម្រូវការឯកសារងាយៗ លោក ម៉ៅ កកឃីន នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរ៉ួយ៉ាល់
× គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរ៉ូយ៉ាល់ (Royal Microfinance PLC)នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះបានកំណត់ទស្សនៈវិស័យរបស់ខ្លួន ដោយធ្វើយ៉ាងណាឲ្យក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសដាច់ដោយឡែក តាមរយៈផលិតផល សេវាកម្ម និងតម្រូវការឯកសារងាយស្រួល។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងចាប់ផ្តើមពីផលិតផលដ៏មានសក្តានុពលចំនួន៦ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់អតិថិជននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ បើទោះជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៤០ស្ថាប័នរួចហើយក៏ដោយ ប៉ុន្តែដោយសារកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយរបស់កម្ពុជា និងការកើនឡើងនិន្នាការរបស់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់សេវា ប្រាក់កំចី ទើបគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីៗ នៅតែត្រូវបង្កើតឡើង។
លោក ម៉ៅ កកឃីន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ បានពន្យល់បន្ថែមថា ការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរ៉ួយ៉ាល់ ក៏ជាការចូលរួមចំណែករបស់គ្រឹះស្ថាននេះទៅក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាដែរ។ នៅពេលដែលគ្រឹះស្ថានរ៉ួយ៉ាល់ហ៊ានបោះទុនប្រកួតប្រជែងទីផ្សារនៅពេលនេះ នោះគឺដោយសារតែអំណោយផលពីបរិយាកាស សេដ្ឋកិច្ច នយោបាយនៅកម្ពុជា ក៏ដូចជាការរៀបចំខ្លួនបានល្អប្រសើររបស់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរ៉ូយ៉ាល់។ នេះបើតាមការអះអាងរបស់ លោក ម៉ៅ កកឃីន។
នាយកប្រតិបត្តិរូបនេះបញ្ជាក់ថា៖«ទីមួយយើងមានធនធានមនុស្ស និងពិសោធន៍ច្បាស់លាស់។ ទីពីរ យើងមានគោលនយោបាយឥណទានប្រកបដោយភាពប្រកួតប្រជែង និងតម្លាភាព ដូចជាការប្រាក់ទាប តម្រូវការងាយៗ បុគ្គលិកជំនាញ និងត្រូវបានបណ្តុះបណ្តាលច្បាស់លាស់»។
លោកនាយកប្រតិបត្តិបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«ថ្វីដ្បិតតែវាជាជំនួញមែន ប៉ុន្តែយើងត្រូវមានសីលធម៌ននៅក្នុងអាជីវកម្មរបស់យើង។ គោលដៅរបស់យើង គឺចូលរួមចំណែកក្នុងការធ្វើពលរដ្ឋខ្មែរមានជីវភាពរស់នៅកាន់តែប្រសើរតាមរយៈសេវាកម្មហិរញ្ញវត្ថុ។ យើងនឹងធ្វើឲ្យស្ថាប័នយើង ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានលក្ខណៈល្អពិសេស ហើយដែលផ្តល់ផលចំណេញដល់អ្នកពាក់ព័ន្ធគ្រប់ភាគី»៕
© រក្សាសិទ្ធិដោយ thmeythmey.com