អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជនភៀសខ្លួន​បំភ័យ​អឺរ៉ុប​ទៀតហើយ!
22, May 2015 , 5:06 pm        
រូបភាព
ដោយ:

ខណៈ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​កំពុង​ទាស់ទែង​គ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ កាលពី​ថ្ងៃ​ចន្ទ ប្រធាន​អង្គការ​អូតង់​Jens Stoltenberg បានលើកឡើង​ពី​បញ្ហា​ទាក់ទង​ប្រធានបទ​នេះដែរ​ថា សកម្មជន​ជី​ហាត​អាច​នឹង​បង្កប់ខ្លួន ក្នុងចំណោម​ជនភៀសខ្លួន​ទាំងនោះ ដើម្បី​ឡើងមក​វាយប្រហារ​អឺរ៉ុប។ តើ​ជនភៀសខ្លួន​ដែល​ឆ្លង​ទូក​មក​អឺរ៉ុប​ពិតជា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សហភាព​អឺរ៉ុប​ដែរ​រឺ​យ៉ាងណា?


មានសំឡេង



មូល​ហេតុដែល​អឺរ៉ុប​និង​អង្គការ​អូតង់​បារម្ភ​ថា អាចមាន​សកម្មជន​ជី​ហាត​បន្លំ​ធ្វើជា​ជនភៀសខ្លួន​ឆ្លង​សមុទ្រ​មក​វាយប្រហារ​អឺរ៉ុប​នេះ បើ​មើល​អោយ​ជាក់ស្តែង​ទៅ គឺ​ដោយសារ​ថា នៅ​ថ្ងៃ​អង្គារ១៩ឧសភា​ដើម​សប្តាហ៍​នេះ អាជ្ញាធរ​អ៊ីតាលី​បាន​ចាប់ខ្លួន​យុវជន​ម៉ា​រ៉ុ​ក​ម្នាក់ ដែល​ធ្វើដំណើរ​តាម​ទូក​ខុសច្បាប់​មកពី​លី​ប៊ី។ យុវជន​រូបនេះ​ត្រូវបាន​អាជ្ញាធរ​ទុយ​នី​ស៊ី​សង្ស័យថា បានធ្វើ​ភេរវកម្ម​នៅ​សារមន្ទីរ​Bardo នៅ​ទុយ​នី​ស៊ី កាលពី​ថ្ងៃ១៨មិនា ធ្វើអោយ​មនុស្ស២២នាក់ បាត់បង់​ជីវិត។

សហភាព​អឺរ៉ុប​កំពុងតែ​ហែកហួរ​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន បណ្តាជន​ដែល​គេច​ពី​សង្គ្រាម ពី​ភាពក្រីក្រ ពី​ការគំរាមកំហែង​របស់​ក្រុម​ជី​ហាត។ ឥឡូវ ស្រាប់តែ​អ៊ីតាលី​រកឃើញថា មាន​ជនសង្ស័យ​ភេរវកម្ម​មក​លាក់ខ្លួន​ក្នុងចំណោម​ជនភៀសខ្លួន​ទៀត។ អឺរ៉ុប​ពិតជា​ភ័យ​មិនតិច​ទេ។ ប្រធាន​អង្គការ​អូតង់ លោក​Jens Stoltenbergបាន​លើកឡើងថា សកម្មជន​ប្រយុទ្ធ​បរទេស​រឺក៏​ភេរវជន​អាច​នឹង​លាក់ខ្លួន​លាយឡំ​គ្នា​ជាមួយ​ជនភៀសខ្លួន។ អង្គការ​អូតង់​តំរូវអោយ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ថ្មី​នេះ។

ដោយសារ​រឿង​ចាប់ខ្លួន​ជនសង្ស័យ​ភេរវកម្ម​ជនជាតិ​ម៉ា​រ៉ុ​ក​នេះ បក្ស​ស្តាំនិយម​ជ្រុល​អឺរ៉ុប បែបយ៉ាង​សម្ព័ន្ធ​ភាគ​ខាងជើង​អ៊ីតាលី រឺក៏​បក្ស​យូ​ឃី​ប​នៅ​អង់គ្លេស បាន​ឆ្លៀតឱកាស​រករឿង​រដ្ឋាភិបាល​អឺរ៉ុប។ ជនភៀសខ្លួន​ជា​និមិត្តរូប​មិនល្អ សម្រាប់​អឺរ៉ុប ឥឡូវនេះ រឹតតែ​ក្លាយជា​ឆ្អឹង​ទទឹង​ក​ដល់​បណ្តា​ប្រទេស​អឺរ៉ុប​ទៀតហើយ។ ប្រាកដ​ណាស់ ពេល​ឈាន​ជើង​ក្នុងប្រទេស​អឺរ៉ុប​ណាមួយ​ហើយ ភេរវជន​អាច​បន្តដំណើរ​ទៅ​ប្រទេស​អឺរ៉ុបផ្សេងៗទៀត​បាន។ នេះហើយ​ជា​បញ្ហា​បំភ័យ​សុវត្ថិភាព​សន្តិសុខ​អឺរ៉ុប។ ប៉ុន្តែ យើង​សួរថា ដើម្បី​ការពារ​សន្តិសុខ​ប្រជាពលរដ្ឋ​អឺរ៉ុប តើ​មេដឹកនាំ​អឺរ៉ុប​គួរតែ​ភ័យ​នឹង​បញ្ហា​ដែល​ចោទឡើង​ថ្មី​នេះដែរ​រឺទេ?

យោងតាម​អ្នកជំនាញ បញ្ហា​ថា សកម្មជន​ប្រយុទ្ធ​ជី​ហាត​បង្កប់ខ្លួន​ក្នុងចំណោម​ជនភៀសខ្លួន មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ បើ​ប្រៀប​នឹង​ការគំរាមកំហែង​ភេ​វក​ម្ម​ដែល​អាច​បង្កឡើង​ដោយ​ពលរដ្ឋ​អឺរ៉ុប ដែល​ត្រលប់​មកពី​ស៊ី​រី​និង​អ៊ីរ៉ាក់។ ក្រុម​ជី​ហាត​កំពុងដណ្តើម​បាន​ទីតាំង​ជាច្រើន​នៅក្នុង​ប្រទេស​ទាំង២នេះ ហើយ​មាន​ពលរដ្ឋ​អឺរ៉ុប​មិនតិច​ទេ​ដែល​បាន​ចាកចេញ​ទៅធ្វើ​សង្គ្រាម​ជី​ហាត​នៅតាម​ប្រទេស​ទាំង២នេះ។ ដូច្នេះ​ពេល​ជនជាតិ​អឺរ៉ុប​ទាំងនោះ​ត្រលប់​មកវិញ វា​គឺជា​បញ្ហា​ចោទ​ធ្ងន់ ព្រោះថា ជនជាតិ​អឺរ៉ុប​ទាំងនោះ​សុទ្ធ​តែមាន​ក្រដាស​ស្នាម​ស្របច្បាប់ ដូច្នេះ​ងាយ​នឹង​បង្ក​ភេរវកម្ម​នៅ​អឺរ៉ុប​បាន​ងាយស្រួល។

ផ្ទុយទៅវិញ ជនភៀសខ្លួន​តាម​ទូក សុទ្ធតែ​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ បើ​ប្រទេស​នៅ​អឺរ៉ុប​ទទួលយក​ពួកគេ ក៏​ប្រទេស​ទាំងនោះ​ត្រូវតែ​ចំរាញ់​ពួកគេ​ល្អិតល្អន់​ដែរ ពោល​អោយចំ​គឺថា ប្រទេស​ទាំងនោះ​ពិតជា​នឹង​រក​អត្តសញ្ញាណ កំណត់​ភិនភាគ​ពួកគេ​អោយបាន​ច្បាស់លាស់ មុននឹង​សម្រេច​អោយ​ពួកគេ​ជ្រកកោន​ក្នុង​ទឹកដី​ខ្លួន។ បើ​ពិនិត្យ​ទៅ នេះ​មិនមែនជា​និតិ​វិធី​ខ្ជីខ្ជា ចំពោះ​សុវត្ថិភាព​សន្តិសុខ​អឺរ៉ុប​ទេ។

គួរ​បញ្ជាក់ដែរថា ភេរវកម្ម​នានា​នៅ​អឺរ៉ុប ក្នុង​ឆ្នាំ២០១៤និង​ឆ្នាំ២០១៥កន្លងមក សុទ្ធតែ​បង្កឡើង​ដោយ​ពលរដ្ឋ​អឺរ៉ុប ដូច្នេះ​មិន​ប្រាកដថា ជន​ជី​ហាត​បង្កប់ខ្លួន​ក្នុងចំណោម​ជនភៀសខ្លួន​តាម​ទូក ប្រថុយ​ជីវិត​មកសុំ​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប ជា​បញ្ហា​បំភ័យ​អឺរ៉ុប លើសពី​បញ្ហា​ពលរដ្ឋ​អឺរ៉ុប​ខ្លួនឯង​នោះទេ។ ការបដិសេធ​មិន​ទទួលយក​ជនភៀសខ្លួន​តាម​ទូក​នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ រឺក៏​ការប្រើ​វិធានការ​ក្តៅ​ទៅលើ​ពួកគេ​ដោយ​ប្រការ​ណាមួយ អាច​ចាត់ទុកថា​ជា​លេស​របស់​អឺរ៉ុប​ប្រឆាំង​ជនភៀសខ្លួន​ទៅវិញ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com