ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU ជំរុញ​ឲ្យ​ក្រុមការងារ ​គ.ជ.ប ព​ន្លឿ​ន​និតិ​វិធី​របស់ខ្លួន​ជាមុន
22, May 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ព​ន្លឿ​ន​រៀបចំ​និតិ​វិធី និង​បទបញ្ជារ​ផ្ទៃក្នុង​របស់ខ្លួន​ឲ្យ​បាន​រួចរាល់ ដែលជា​ការងាយស្រួល​ស​ម្រា​ប់​សហភាព​អឺរ៉ុប​ក្នុង​ការជួយ​រៀបចំ គ.ជ.ប​នេះ ឲ្យ​បានល្អ​ទាន់ពេលវេលា​កំណត់។



ប្រធាន​ក្រុមការងារ​បេសកកម្មរ​បស់​សហភាព​អឺរ៉ុប លោក Silvio Gonsatoបានបញ្ជាក់​ជាថ្មី​ទៀតថា ក្រុមការងារ​សហភាព​អឺរ៉ុប​របស់លោក បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុង​ការជួយ​រៀបចំ​ដំណើរការ គ.ជ.ប​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទាន់ពេលវេលា។ តែ​លោក​ក៏បាន​បញ្ជាក់ដែរថា ការផ្ដល់​ជំនួយ​ក្នុងការ​រៀបចំ គ.ជ.ប​នេះ ខាង​ក្រុមការងារ​របស់លោក​មិនទាន់​អាច​កំណត់​បានទេ ដោយ​តម្រូវ​ឲ្យ​ខាង គ.ជ.ប​រៀបចំ​និតិ​វិធី​របស់ខ្លួន ឲ្យ​បាន​រួចរាល់ ទើប​វាយតម្លៃ​តាម​ក្រោយ។

លោក​ឯកអគ្គរដ្ឋទូត Jean-Francois Cautain បាន​បន្ថែមថា សហភាព​អឺរ៉ុប បាន​បញ្ជូន​អ្នកជំនាញការ​បោះឆ្នោត​ម​ក​កម្ពុជា​នៅពេល​ខាងមុខនេះ ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ ថា​តើ គជប ត្រូវមាន​ចំណុច​ណាខ្លះ ដែល​អាច​ឲ្យ​សហភាព​អឺរ៉ុប​អាចជួយ​ផ្ដល់ជំនួយ​លក្ខ​ណៈ​បច្ចេកទេស​បាន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រៀម​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត និង​បង្កើត​បញ្ជី​បោះឆ្នោត​ថ្មី ឲ្យ​រួចរាល់​សម្រាប់​ការបោះឆ្នោត ឃុំ សង្កាត់ នៅ​ខែកុម្ភៈ​ឆ្នាំ២០១៧ ខាងមុខ ។ បើតាម​លោក ស៊ិ​ក ប៊ុន​ហុក បាន​ជម្រាបជូន​គណៈប្រតិភូ​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​លោក ឯកអគ្គរដ្ឋទូត Jean-Francois Cautainនិង​លោក Silvio Gonsato កន្លងមក​ថា ចង់​ឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​ជា​ចម្បង​នោះ​គឺ មធ្យោបាយ​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត និង​ការអប់រំ​ប្រជាពលរដ្ឋ​អំពី​សិទ្ធិ​នយោបាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​មានការ​យល់ដឹង​ពី​សិទ្ធិ​របស់ខ្លួន​ទាក់ទង​នឹង​ការបោះឆ្នោត។

ការចុះឈ្មោះ​បោះឆ្នោត​លើក​នេះ ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​ប្រើ​ស្នាម​មេដៃ និង​រូបថត​អ្នកបោះឆ្នោត​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ ដើម្បី​បង្កើត​បញ្ជី​បោះឆ្នោត ហើយ​ការរៀប​ចំនេះ​ត្រូវធ្វើ​ឲ្យ​រួចរាល់​សម្រាប់​ការបោះឆ្នោត ឃុំ សង្កាត់ នៅ​ដើមឆ្នាំ២០១៧ ។ប្រធាន គ.ជ.ប រូបនេះ បាន​បន្ថែមថា ការអប់រំ​ដល់​ក្រុមការងារ​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត និង​ប្រជាពលរដ្ឋ គឺជា​រឿង​ចម្បង​ដើម្បី​ឲ្យ​មានការ​យល់ដឹង​ពី​ការចុះ​ឈ្នោះ​បោះឆ្នោត និង​ពេល​បោះឆ្នោត៕



© រក្សាសិទ្ធិដោយ thmeythmey.com