បទវិភាគ
នយោបាយអន្តរជាតិ
ហេតុអ្វីជនជាតិឥស្លាមរ៉ូហ៊ីងយ៉ារងការធ្វើទុក្ខបុកម្នេញពីសំណាក់ជនជាតិភូមា?
×
បញ្ហារំលោភសិទ្ធិជាតិភាគតិចមួយក្រុមនៅមីយ៉ាន់ម៉ារ៉ូហ៊ីងយ៉ា (Rohingya) កំពុងក្លាយជាប្រធានបទមួយរសើបសម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងដំណើរកំណែទម្រង់បច្ចុប្បន្ន ហើយវាក៏ជាអ្វីដែលសហគមន៍៍អន្តរជាតិទាមទារអោយមីយ៉ាន់ម៉ាដោះស្រាយផងដែរ។ អស់ពេលជាយូរយារណាស់មកហើយ ជនជាតិឥស្លាមរ៉ូហ៊ីងយ៉ានេះបានរងការធ្វើទុក្ខបុកម្នេញពីសំណាក់ជនជាតិភូមាដែលជាជនជាតិភាគច្រើន និងអាជ្ញាធរថែមទៀតផង ហើយក្រុមនេះរងទុក្ខខ្លាំងក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ាស្ថិតក្រោមការដឹកនាំរបស់ក្រុមយោធា។ បើទោះរបបសឹកផ្តាច់ការបាត់វត្តមានហើយក៏ពិតមែន ប៉ុន្តែបញ្ហារំលោភបំពាន ជនជាតិរ៉ូហ៊ីងយ៉ានេះ នៅតែកើតមានឡើងដដែល ជាពិសេសក្រោយជម្លោះសាសនាកើតឡើងឆ្នាំ ២០១២។
រដ្ឋាភិបាលបានហៅជនជាតិឥស្លាមភាគតិចនេះថាជានជាតិបេនហ្កាលី (Bengalis) ដែលឆ្លងមករស់នៅមីយ៉ាន់មា់ក្នុងឋានៈជាជនអន្តោប្រវេសន៍ខុសច្បាប់ ពួកគេគ្មានឡើយសញ្ជាតិ ហើយតែតែត្រូវគេចាត់ទុកជាជនជាតិគ្មានរដ្ឋរស់នៅច្បាស់លាស់ថែមទៀតផង។ ឆ្នាំមុន ក្នុងពេលមីយ៉ាន់ម៉ាធ្វើជាប្រធានអាស៊ានផងនោះ បណ្តាប្រទេសជាច្រើនរួមទាំងប្រមុខអង្គការសហប្រជាជាតិផងដែរ ដែលទាមទារអោយមីយ៉ាម៉ាដោះស្រាយបញ្ហានេះ ប៉ុន្តែមីយ៉ាន់ម៉ានៅធ្វើមិនដឹងមិនលឺ ជួនកាលចោទប្រកាន់ថាគេជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀតផង។ មូលហេតុអ្វីបានជនជាតិភាគច្រើនភូមាស្អប់ខ្ពើមធ្វើបាបជនជាតិភាគតិចឥស្លាមនេះខ្លាំងម្ល៉េះ?
ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានអង្គការអន្តរជាតិ និងទីភ្នាក់ងារទទួលបន្ទុកផ្នែកសិទ្ធិមនុស្សចាត់ចូលជាក្រុមជនជាតិភាគតិចដែលរងគ្រោះថ្នាក់ និងរងទុក្ខបុកម្នេញខ្លាំងជាងគេបំផុត ក្នុងចំណោមជនជាតិភាគតិចដទៃទៀតនៅលើពិភពលោកនេះ។ ជនជាតិនេះរងការធ្វើទុក្ខបុកម្នេញ រើស អើង កាប់សម្លាប់ និងរងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃចាប់តាំងពីរបបសឹកនៅមានវត្តមានក្នុងប្រទេសមីយ៉ាន់ម៉ាមកម្ល៉េះ ប៉ុន្តែបើទោះជាក្រោយឆ្នាំ ២០១១ របបសឹករលំរលាយក៏ពិតមែន ក៏ជនជាតិគ្មានសញ្ជាតិច្បាស់លាស់នេះនៅតែរងទុក្ខវេទនាដដែល។
អាជ្ញាធរភូមាបានចាត់ទុកក្រុមនេះជាក្រុមគ្មានរដ្ឋ គ្មានសញ្ជាតិ រស់នៅរសាត់អណ្តែតគ្មានគោលដៅតែប៉ុណ្ណោះ។ ក្រៅពីនេះជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានគេបិទសិទ្ធិសេរីភាពក្នុងការដើរហើរគ្មានសិទ្ធិទទួលបានការងារ ការអប់រំ និងគ្មានសិទ្ធិនយោបាយ វប្បធម៌ និងសាសនាអ្វីទាំងអស់។អ្វីដែលសំខាន់ ពួកគេក៏មិនមានសិទ្ធិមានកូនលើសពីម្នាក់ដែរ។ចាប់តាំងពី ខែមិថុនាឆ្នាំ២០១២មកពួករ៉ូហ៊ីងយ៉ាដែលជាអ្នកកាន់សាសនាឥស្លាមត្រូវប្រឈមមុខបញ្ហាធ្ងន់ធ្ងរសារជាថ្មីជាពិសេសការកាប់សម្លាប់ពីសំណាក់អ្នកកាន់សាសនាព្រះពុទ្ធនិងក្រុមឧទ្ទាមប្រដាប់អាវុធដូចជាKarenឬShan ដោយមានការគាំទ្រពីកងទ័ពនិងពីរដ្ឋមីយ៉ាន់ម៉ាថែមទៀតផង។
ក្រោយមានជម្លោះនេះ ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ ជាង១សែននាក់បានបាត់បង់ទីជម្រក រស់នៅលំបាកវេទនាពឹងពាក់ជំនួយឧបត្ថម្ភរបស់ភ្នាក់ងារអន្តរជាតិប៉ុណ្ណោះ។ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនេះ បណ្តាលមកពីឬសគល់មួយចំនួន ហើយវាជាបញ្ហាចម្រូងចម្រាសមិនងាយដោះស្រាយចេញផងដែរ។
មូលហេតុទីមួយបញ្ហារំលោភសិទ្ធិជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកើតចេញពីបញ្ហាប្រវត្តិសាស្ត្រ ដែលប្រជាជនមីយ៉ាន់ម៉ាចាត់ទុកពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់។ តាមពិតទៅហ៊ីងយ៉ាជាជនជាតិភាគតិចគោរពសាសនាឥស្លាម ដែលកំពុងរស់នៅប៉ែកខាងជើងនៃរដ្ឋ Rakhine ដែលមានព្រំប្រទល់ជាប់ប្រទេសបង់ក្លាដែស។
រ៉ូហ៊ីងយ៉ាមានចំនួនប្រមាណប្រហែលជាង១លាននាក់ក្នុងចំនោមប្រជាជនមីយ៉ាន់ម៉ាសរុបជិត៦០លាននាក់ ដែលភាគច្រើនគោរពបូជាសាសនាព្រះពុទ្ធ។រ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិដែលទើបមានវត្តមាននៅលើទឹកដីមីយ៉ាន់ម៉ានោះទេបុព្វការីជននៃជនជាតិនេះបានមករស់នៅលើទឹកដីមីយ៉ាន់ម៉ានេះជាច្រើនសតវត្សមកហើយពោលគឺតាំងឆ្នាំ១៤០០នៃគ្រឹះសករាជ។ ប៉ុន្តែយ៉ាងណាក៏ដោយប្រជាជនភូមា និងរដ្ឋាភិបាលមិនដែលទទួលស្គាល់ថាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមានវត្តមានយូរអង្វែងនៅក្នុងទឹកដីរបស់ពួកគេឡើយ ហើយអ្វីដែលសំខាន់នោះគេចាត់ទុកជនជាតិភាគតិចឥស្លាមនោះជាជនជាតិ បេនហ្កាលី ដែលជាជនអន្តោរប្រវេសន៍ខុសច្បាប់ឆ្លងដែនមកពីប្រទេសបង់ក្លាដែស។ តែគួរអនិច្ចារ អាជ្ញាធរបង់ក្លាដែសក៏បដិសេធទទួលស្គាល់ក្រុមប្រជាជនទាំងនេះដូចគ្នាដែរ។ ម្យ៉ាងវិញទៀតវារឹតតែច្បាស់ត្រង់ថា លោកស្រីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ៊ុងសាន ស៊ូជី ក៏បានថ្លែងផងដែរថា លោកស្រីមិនបានដឹងច្បាស់ដែរថា ជនជាតិរ៉ូហ៊ីងយ៉ានេះជាពលរដ្ឋមីយ៉ាន់ម៉ាដែរឬអត់ផង។
នៅក្នុងប្រទេសប្រទេសមីយ៉ាន់ម៉ាទាំងមូល គេឃើញមានជនជាតិភាគតិចសរុបប្រមាណ ១៣៥ជនជាតិ ហើយជនជាតិនីមួយៗមានសាសនា ទំនៀមទម្លាប់ផ្សេងៗគ្នា។ ប៉ុន្តែជនជាតិមីមិនត្រូវបានគេចាត់ចូលជាជនជាតិភាគតិចស្របច្បាប់ឡើយ ហើយជនជាតិនេះប្រកាន់សាសនាឥស្លាមទៀតនោះ។ បញ្ហាភាពខុសគ្នានៃសាសនាបានក្លាយជារឹសគល់ចម្បងមួយដែរ នៃការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចនេះដែរ។ ក្រោយឆ្នាំ១៤០០នៃគ.សវត្តមាននៃជនជាតិឥស្លាមរ៉ូហ៊ីងយ៉ាកាន់តែមានចំនួនច្រើនឡើងធ្វើអោយប្រជាជនភូមាភាគច្រើនប្រកាន់ពុទ្ធសាសនាថេរវាទនោះមានក្តីបារម្ភខ្លាំងឡើង។
តាមពិតទៅ ជនជាតិរ៉ូហ៊ីងយ៉ានេះមានកំណើនឡើងពិតមែន បើតាមរបាយការណ៍ដែលចេញផ្សាយក្នុងសារព័ត៌មាន Global Post អាត្រាកំណើតកើនដល់១០ដង បើធៀបអាត្រាកំណើនជនជាតិភូមាដែលជាជនជាតិភាគច្រើន។ដោយក្តីបារម្ភថាថ្ងៃណាមួយក្រុមជនជាតិឥស្លាមនេះនឹងធ្វើឥស្លាមនីយកម្មលើប្រទេសរបស់ខ្លួន ជនជាតិភូមា បានស្វះស្វែងរកវិធីកាត់បន្ថយចំនួនជនជាតិរ៉ូហ៊ីងយ៉ានេះ ហើយនៅក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានចេញច្បាប់កំណត់ចំនួនកូន និងរឹតបន្តឹងការរៀបអាពាហ៍ពិពាហ៌ក្រុមនេះផងដែរ។ អ្វីដែលគេរិះគន់ ច្បាប់ដែលកំណត់ចំនួនកូនពីរ អនុវត្តចំពោះតែលើជនជាតិភាគតិចឥស្លាមនេះតែប៉ុណ្ណោះ ចំណែកជនជាតិដទៃទៀតមិនរងឥទ្ធិពលពីច្បាប់នេះឡើយ។ គោលនយោបាយនេះត្រូវបានគេចាត់ទុកជាការរើសអើងសាសនានិងជាតិពន្ធុ ដ្បិតគោលនយោបាយស្រដៀងគ្នានេះអនុវត្តជាទូទៅនៅចិនមិនសម្តៅលើជនជាតិឬអ្នកកាន់សាសនាណាមួយឡើយ។
ម្យ៉ាងប្រជាជនភាគច្រើននៃប្រទេសមីយ៉ាន់ម៉ាមានផ្នត់គំនិតស្អប់ខ្ពើមប្រជាជនភាគតិចនេះ ដោយគេអះអាងថា ក្រុមជនជាតិភាគតិចបង្កបញ្ហាដល់សង្គមមីយ៉ាន់ម៉ា គំរាមកំហែងក្រុមអ្នកកាន់សាសនព្រះពុទ្ធ។ គេសង្កេតឃើញមានការបំប៉ោងព័ត៌មានជុំវិញការប្រើប្រាស់ហិង្សា រំលោភបំពានរបស់ក្រុមជនជាតិភាគតិចនេះ ប្រឆាំងអ្នកកាន់សាសនាព្រះពុទ្ធផង។ បញ្ហានេះបញ្ឆេះកំហឹងប្រជាជន ឲ្យកាន់តែស្អប់ខ្ពើមប្រជាជនរ៉ូហ៊ីងយ៉ា។
មួយវិញទៀត វាទាក់ទងជាមួយបញ្ហាសន្តិសុខប្រទេសជាតិ និងការទប់ស្កាត់ការបះបោរទាមទារផ្តាច់ខ្លួនរបស់ជនជាតិទាំងនោះ។ ចលនាបំបែករដ្ឋនៅមីយ៉ាន់ម៉ាមានច្រើនក្រោយរបបយោធាឡើងកាន់តំណែងដោយរដ្ឋប្រហារឆ្នាំ ១៩៦២ ហើយបច្ចុប្បន្នរដ្ឋាភិបាលភូមាប្រឹងប្រែងដាកគំនៀប និងធ្វើយ៉ាងណាហាមឃាត់មិនអោយជនជាតិរ៉ូហ៊ីងយ៉ានេះមានកំណើនលឿនឡើយ។ ដោយសារកំណើនលឿនរហ័សនេះ ធ្វើអោយអាជ្ញាធរភូមាភ័យព្រួយខ្លាចថាថ្ងៃណាមួយក្រុមនេះនឹងសហការជាមួយបណ្តាឥស្លាមផ្សេងទៀត ឬក្រោកឈរចាប់អាវុធទាមទារផ្តាច់ខ្លួនដូចនៅភាគខាងត្បូងប្រទេសថៃ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬហ្វីលីពីនផងនោះ។ វិធានការដាក់គំនៀបលើជនជាតិរ៉ូហ៊ីងយ៉ា បើទោះបីជាវាព្រៃផ្សៃនិងអមនុស្សធម៌ តែសម្រាប់អាជ្ញាធរភូមា វាជាវិធានការរក្សាស្ថិរភាព និងទប់ស្កាត់ចលនាប្រឆាំងរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com