បទវិភាគ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហេតុអ្វី​ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​ជនជាតិ​ភូមា?
22, May 2015 , 8:19 pm        
រូបភាព

បញ្ហា​រំលោភសិទ្ធិ​ជាតិ​ភាគតិច​មួយក្រុម​នៅ​មី​យ៉ាន់​ម៉ា​រ៉ូ​ហ៊ីង​យ៉ា (Rohingya) កំពុង​ក្លាយជា​ប្រធានបទ​មួយ​រសើប​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរ​កំណែទម្រង់​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​អ្វីដែល​សហគមន៍៍​អន្តរជាតិ​ទាមទារ​អោយ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​ផងដែរ។ អស់​ពេល​ជា​យូរយារ​ណាស់​មកហើយ ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​នេះ​បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ជនជាតិ​ភូមា​ដែលជា​ជនជាតិ​ភាគច្រើន និង​អាជ្ញាធរ​ថែម​ទៀតផង ហើយ​ក្រុម​នេះ​រង​ទុក្ខ​ខ្លាំង​ក្នុងពេលដែល​ប្រទេស​មី​យ៉ាន់​ម៉ា​ស្ថិតក្រោម​ការ​​ដឹកនាំ​របស់​ក្រុម​យោធា។ បើ​ទោះ​របប​សឹក​ផ្តាច់​ការបាត់​វត្តមាន​ហើយក៏​ពិតមែន ប៉ុន្តែ​បញ្ហា​រំលោភបំពាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ នៅតែ​កើតមានឡើង​ដដែល ជាពិសេស​ក្រោយ​ជម្លោះសាសនា​កើតឡើង​ឆ្នាំ ២០១២។



រដ្ឋាភិបាល​បាន​ហៅ​ជនជាតិ​ឥស្លាម​ភាគតិច​នេះ​ថា​ជាន​ជាតិ​បេន​ហ្កា​លី (Bengalis) ដែល​ឆ្លង​មក​រស់នៅ​មី​យ៉ាន់​មា់​ក្នុងឋានៈ​ជា​ជន​អន្តោប្រវេ​សន៍​ខុសច្បាប់ ពួកគេ​គ្មាន​ឡើយ​សញ្ជាតិ ហើយ​តែ​តែ​ត្រូវគេ​ចាត់ទុកជា​ជនជាតិ​គ្មាន​រដ្ឋ​រស់នៅ​ច្បាស់លាស់​ថែម​ទៀតផង។ ឆ្នាំមុន ក្នុងពេល​មី​យ៉ាន់​ម៉ា​ធ្វើជា​ប្រធាន​អាស៊ាន​ផង​នោះ បណ្តា​ប្រទេស​ជាច្រើន​រួមទាំង​ប្រមុខ​អង្គការសហប្រជាជាតិ​ផងដែរ ដែល​ទាមទារ​អោយ​មី​យ៉ាម៉ា​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​មី​យ៉ាន់​ម៉ា​នៅ​ធ្វើ​មិនដឹងមិនលឺ ជួនកាល​ចោទប្រកាន់ថា​គេ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ទៀតផង។ មូលហេតុ​អ្វី​បាន​ជនជាតិ​ភាគច្រើន​ភូមា​ស្អប់ខ្ពើម​ធ្វើបាប​ជនជាតិភាគតិច​ឥស្លាម​នេះ​ខ្លាំង​ម្ល៉េះ?

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​អង្គការ​អន្តរជាតិ និង​ទីភ្នាក់ងារ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ចាត់​ចូល​ជា​ក្រុម​ជនជាតិភាគតិច​ដែល​រងគ្រោះថ្នាក់ និង​រង​ទុក្ខ​បុក​ម្នេញ​ខ្លាំងជាងគេ​បំផុត ក្នុងចំណោម​ជនជាតិភាគតិច​ដទៃទៀត​នៅលើ​ពិភពលោក​នេះ។ ជនជាតិ​នេះ​រង​ការ​ធ្វើទុក្ខបុកម្នេញ រើស អើ​ង កាប់សម្លាប់ និង​រង​ការធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ចាប់តាំងពី​របប​សឹក​នៅមាន​វត្តមាន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​មកម្ល៉េះ ប៉ុន្តែ​បើទោះជា​ក្រោយ​ឆ្នាំ ២០១១ របប​សឹក​រលំរលាយ​ក៏ពិតមែន ក៏​ជនជាតិ​គ្មាន​សញ្ជាតិ​ច្បាស់លាស់​នេះ​នៅតែ​រងទុក្ខវេទនា​ដដែល។
អាជ្ញាធរ​ភូមា​បានចាត់ទុក​ក្រុម​នេះ​ជា​ក្រុម​គ្មាន​រដ្ឋ គ្មាន​សញ្ជាតិ រស់នៅ​រសាត់​អ​ណ្តែ​តគ្មា​ន​គោលដៅ​តែប៉ុណ្ណោះ។ ក្រៅពីនេះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​គេ​បិទ​សិទ្ធិសេរីភាព​ក្នុងការ​ដើរហើរ​គ្មាន​សិទ្ធិ​ទទួលបាន​ការងារ ការអប់រំ និង​គ្មាន​សិទ្ធិ​នយោបាយ វប្បធម៌ និង​សាសនា​អ្វី​ទាំងអស់។អ្វីដែល​សំខាន់ ពួកគេ​ក៏​មិនមាន​សិទ្ធិ​មានកូន​លើសពី​ម្នាក់​ដែរ។ចាប់តាំងពី ខែមិថុនា​ឆ្នាំ២០១២មក​ពួក​រ៉ូ​ហ៊ីង​យ៉ា​ដែលជា​អ្នក​កាន់សាសនា​ឥស្លាម​ត្រូវ​ប្រឈមមុខ​បញ្ហា​ធ្ងន់ធ្ងរ​សារជាថ្មី​ជាពិសេស​ការកាប់សម្លាប់​ពី​សំណាក់​អ្នក​កាន់សាសនា​ព្រះពុទ្ធ​និង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ដូចជា​Karenឬ​Shan ដោយមាន​ការគាំទ្រ​ពី​កងទ័ព​និង​ពី​រដ្ឋ​មី​យ៉ាន់​ម៉ា​ថែម​ទៀតផង។

ក្រោយ​មាន​ជម្លោះ​នេះ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ប្រមាណ ជាង១សែន​នាក់​បាន​បាត់បង់​ទីជម្រក រស់នៅ​លំបាក​វេទនា​ពឹងពាក់​ជំនួយ​ឧបត្ថម្ភ​របស់​ភ្នាក់ងារ​អន្តរជាតិ​ប៉ុណ្ណោះ។ ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នេះ បណ្តាលមកពី​ឬ​សគល់​មួយចំនួន ហើយ​វា​ជា​បញ្ហា​ចម្រូងចម្រាស​មិន​ងាយ​ដោះស្រាយ​ចេញ​ផងដែរ។
មូលហេតុ​ទីមួយ​បញ្ហា​រំលោភសិទ្ធិ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កើតចេញពី​បញ្ហា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​ចាត់ទុក​ពួកគេ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់។ តាមពិតទៅ​ហ៊ីង​យ៉ា​ជា​ជនជាតិភាគតិច​គោរព​សាសនា​ឥស្លាម ដែល​កំពុង​រស់នៅ​ប៉ែក​ខាងជើង​នៃ​រដ្ឋ Rakhine ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​បង់​ក្លា​ដែ​ស។

រ៉ូ​ហ៊ីង​យ៉ា​មាន​ចំនួន​ប្រមាណ​ប្រហែល​ជាង១លាន​នាក់​ក្នុងចំនោម​ប្រជាជន​មី​យ៉ាន់​ម៉ា​សរុប​ជិត៦០លាន​នាក់ ដែល​ភាគច្រើន​គោរពបូជា​សាសនាព្រះពុទ្ធ។រ៉ូ​ហ៊ីង​យ៉ា​មិនមែនជា​ជនជាតិ​ដែល​ទើប​មាន​វត្តមាន​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​នោះទេ​បុព្វការី​ជន​នៃ​ជនជាតិ​នេះ​បានមក​រស់នៅ​លើទឹក​ដី​មី​យ៉ាន់​ម៉ា​នេះ​ជាច្រើន​សតវត្ស​មកហើយ​ពោលគឺ​តាំង​ឆ្នាំ១៤០០នៃ​គ្រឹះសករាជ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ប្រជាជន​ភូមា និង​រដ្ឋាភិបាល​មិនដែល​ទទួលស្គាល់ថា​ជន​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មាន​វត្តមាន​យូរអង្វែង​នៅក្នុង​ទឹកដី​របស់​ពួកគេ​ឡើយ ហើយ​អ្វីដែល​សំខាន់​នោះគេ​ចាត់ទុក​ជនជាតិភាគតិច​ឥស្លាម​នោះ​ជា​ជនជាតិ បេន​ហ្កា​លី ដែលជា​ជន​អន្តោរ​ប្រវេសន៍​ខុសច្បាប់​ឆ្លងដែន​មកពី​ប្រទេស​បង់​ក្លា​ដែ​ស។ តែ​គួរ​អនិច្ចារ អាជ្ញាធរ​បង់​ក្លា​ដែ​ស​ក៏​បដិសេធ​ទទួលស្គាល់​ក្រុម​ប្រជាជន​ទាំងនេះ​ដូចគ្នា​ដែរ។ ម្យ៉ាងវិញទៀត​វារឹតតែ​ច្បាស់​ត្រង់​ថា លោកស្រី​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព អ៊ុង​សាន ស៊ូ​ជី ក៏បាន​ថ្លែង​ផងដែរ​ថា លោកស្រី​មិនបាន​ដឹង​ច្បាស់​ដែរ​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​ជា​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដែរ​ឬ​អត់​ផង។

នៅក្នុង​ប្រទេស​ប្រទេស​មី​យ៉ាន់​ម៉ា​ទាំងមូល គេ​ឃើញ​មាន​ជនជាតិភាគតិច​សរុប​ប្រមាណ ១៣៥ជនជាតិ ហើយ​ជនជាតិនីមួយៗមាន​សាសនា ទំនៀមទម្លាប់ផ្សេងៗគ្នា។ ប៉ុន្តែ​ជនជាតិ​មី​មិន​ត្រូវបាន​គេ​ចាត់​ចូល​ជា​ជនជាតិភាគតិច​ស្របច្បាប់​ឡើយ ហើយ​ជនជាតិ​នេះ​ប្រកាន់​សាសនា​ឥស្លាម​ទៀត​នោះ។ បញ្ហា​ភាពខុសគ្នា​នៃ​សាសនា​បានក្លាយ​ជា​រឹសគល់​ចម្បង​មួយ​ដែរ នៃ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​នេះដែរ។ ក្រោយ​ឆ្នាំ១៤០០នៃ​គ.ស​វត្តមាន​នៃ​ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​កាន់​តែមាន​ចំនួន​ច្រើនឡើង​ធ្វើអោយ​ប្រជាជន​ភូមា​ភាគច្រើន​ប្រកាន់​ពុទ្ធសាសនា​ថេរវាទ​នោះ​មាន​ក្តីបារម្ភ​ខ្លាំង​ឡើង។

 តាមពិតទៅ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​មាន​កំណើន​ឡើង​ពិតមែន បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​ក្នុង​សារព័ត៌មាន Global Post អាត្រា​កំណើត​កើន​ដល់១០ដង បើ​ធៀប​អាត្រា​កំណើន​ជនជាតិ​ភូមា​ដែលជា​ជនជាតិ​ភាគច្រើន។ដោយ​ក្តីបារម្ភ​ថា​ថ្ងៃ​ណាមួយ​ក្រុម​ជនជាតិ​ឥស្លាម​នេះ​នឹងធ្វើ​ឥស្លាម​នីយកម្ម​លើ​ប្រទេស​របស់ខ្លួន ជនជាតិ​ភូមា បាន​ស្វះ​ស្វែងរក​វិធី​កាត់បន្ថយ​ចំនួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ ហើយ​នៅក្នុង​ឆ្នាំ២០១៣ រដ្ឋាភិបាល​បានចេញ​ច្បាប់​កំណត់​ចំនួន​កូន និង​រឹតបន្តឹង​ការរៀប​អា​ពា​ហ៍​ពិ​ពា​ហ៌​ក្រុម​នេះ​ផងដែរ។ អ្វីដែល​គេ​រិះគន់ ច្បាប់​ដែល​កំណត់​ចំនួន​កូនពីរ អនុវត្ត​ចំពោះតែ​លើ​ជនជាតិភាគតិច​ឥស្លាម​នេះ​តែប៉ុណ្ណោះ ចំណែក​ជនជាតិ​ដទៃទៀត​មិន​រង​ឥទ្ធិពល​ពី​ច្បាប់​នេះឡើយ។ គោលនយោបាយ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ការរើសអើង​សាសនា​និង​ជាតិពន្ធុ ដ្បិត​គោលនយោបាយ​ស្រដៀង​គ្នា​នេះ​អនុវត្ត​ជាទូទៅ​នៅ​ចិន​មិន​សម្តៅលើ​ជនជាតិ​ឬ​អ្នក​កាន់សាសនា​ណាមួយ​ឡើយ។

ម្យ៉ាង​ប្រជាជន​ភាគច្រើន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ផ្នត់គំនិត​ស្អប់ខ្ពើម​ប្រជាជន​ភាគតិច​នេះ ដោយ​គេ​អះអាងថា ក្រុម​ជនជាតិភាគតិច​បង្កប​ញ្ហា​ដល់​សង្គម​មី​យ៉ាន់​ម៉ា គំរាមកំហែង​ក្រុម​អ្នក​កាន់​សាសនព្រះពុទ្ធ។ គេ​សង្កេតឃើញ​មានការ​បំប៉ោង​ព័ត៌មាន​ជុំវិញ​ការប្រើប្រាស់​ហិង្សា រំលោភបំពាន​របស់​ក្រុម​ជនជាតិភាគតិច​នេះ ប្រឆាំង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ផង។ បញ្ហា​នេះ​បញ្ឆេះ​កំហឹង​ប្រជាជន ឲ្យ​កាន់តែ​ស្អប់ខ្ពើម​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា។  

មួយវិញទៀត វា​ទាក់ទង​ជាមួយ​បញ្ហា​សន្តិសុខ​ប្រទេសជាតិ និង​ការទប់ស្កាត់​ការបះបោរ​ទាមទារ​ផ្តាច់ខ្លួន​របស់​ជនជាតិ​ទាំងនោះ។ ចលនា​បំបែក​រដ្ឋ​នៅ​មី​យ៉ាន់​ម៉ា​មាន​ច្រើន​ក្រោយ​របប​យោធា​ឡើងកាន់តំណែង​ដោយ​រដ្ឋប្រហារ​ឆ្នាំ ១៩៦២ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​ភូមា​ប្រឹងប្រែង​ដាក​គំនៀប និង​ធ្វើយ៉ាងណា​ហាមឃាត់​មិនអោយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​មាន​កំណើន​លឿន​ឡើយ។ ដោយសារ​កំណើន​លឿន​រហ័ស​នេះ ធ្វើអោយ​អាជ្ញាធរ​ភូមា​ភ័យព្រួយ​ខ្លាច​ថា​ថ្ងៃ​ណាមួយ​ក្រុម​នេះ​នឹង​សហការ​ជាមួយ​បណ្តា​ឥស្លាម​ផ្សេងទៀត ឬ​ក្រោកឈរ​ចាប់​អាវុធ​ទាមទារ​ផ្តាច់ខ្លួន​ដូច​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬ​ហ្វីលីពីន​ផង​នោះ។ វិធាន​ការដាក់​គំនៀប​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា បើទោះបីជា​វា​ព្រៃផ្សៃ​និង​អមនុស្សធម៌ តែ​សម្រាប់​អាជ្ញាធរ​ភូមា វា​ជា​វិធាន​ការរក្សា​ស្ថិរភាព និង​ទប់ស្កាត់​ចលនា​ប្រឆាំង​រដ្ឋាភិបាល៕




© រក្សាសិទ្ធិដោយ thmeythmey.com