ជាតិ
បទវិភាគ
ទម្លាប់អាក្រក់នៃការមិនខ្វល់ពីអ្នកដទៃ
×
ភ្នំពេញ៖ ពេលមិនទាន់មានរដ្ឋ សង្គមមនុស្ស រស់នៅនិងប្រព្រឹត្តអ្វីៗដោយផ្អែកលើនិយាមសង្គម ដែលមាន ទំនៀម ទម្លាប់ ប្រពៃណី ជំនឿ សាសនា និងសីលធម៌ ជាដើម។ ចាប់ពីពេលមានរដ្ឋមក សង្គមមនុស្ស ត្រូវបានគ្រប់គ្រងដោយច្បាប់ផងនិងដោយនិយាមសង្គមផង។ ជាទូទៅ ច្បាប់ត្រូវបានគេសន្មតថាល្អ និងត្រូវបានគេបង្ខំឱ្យមនុស្សទាំងអស់នៅក្នុងរដ្ឋនោះត្រូវតែគោរព។ ដូចគ្នាដែរ និយាមសង្គមក៏ត្រូវគេចាត់ទុកថាល្អ និងបង្ខំឱ្យសមាជិកសង្គមត្រូវតែគោរពដែរ។ តាមពិត ទាំងនិយាមសង្គម ទាំងច្បាប់រដ្ឋសុទ្ធតែមានចំណុចខ្វះខាត ឬចំណុចអាក្រក់ដូចគ្នា អាស្រ័យលើឆន្ទៈរបស់អ្នកបង្កើត សមត្ថភាពរបស់អ្នកបង្កើត មូលដ្ឋាននៃការបង្កើត គោលបំណងនៃការបង្កើត និងការអនុវត្តច្បាប់និងនិយាសង្គមនោះ។
សង្គមមួយមិនអាចខ្វះច្បាប់បានឡើយ ហើយក៏មិនអាចខ្វះនិយាមសង្គមបានដែរ ពីព្រោះ វិសាលរបស់ច្បាប់ មិនអាចគ្របដណ្ដប់លើវិសាលភាពដ៏ធំធេងនៃការប្រព្រឹត្តរបស់សង្គមបានឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មិនមានន័យថា យើងត្រូវតែគោរពតាមនិយាមសង្គមទាំងស្រុងដោយមិនបានពិនិត្យ និងពិចារណានោះទេ។ មានន័យថា និយាមសង្គមណាល្អ ត្រូវតែទទួលយក និយាមសង្គមណាមិនល្អ ត្រូវតែបដិសេធ។ បច្ចុប្បន្ន យើងបានសង្កេតឃើញមានទម្លាប់អាក្រក់ជាច្រើនដែលគួរចៀសវាង។ ក្នុងអត្ថបទនេះ យើងសូមលើកយកតែមួយមកបង្ហាញប៉ុណ្ណោះគឺ«ទម្លាប់អាក្រក់នៃការមិនខ្វល់នឹងអ្នកដទៃ»។ យើងសូមបង្ហាញតាមវិស័យនីមួយៗដូចខាងក្រោម៖
1. ការដឹកនាំនិងការគ្រប់គ្រង៖ យើងបានសង្កេតឃើញថា អ្នកមានអំណាចនិងអ្នកដឹកនាំ មិនសូវយកចិត្តទុកដាក់នឹងជីវភាពនិងសុខទុក្ខរបស់ប្រជាជនសាមញ្ញ ក៏ដូចជាមន្ត្រីរបស់ខ្លួនឡើយ។ ពួកគេគិតតែធ្វើយ៉ាងណាឱ្យខ្លួនគេរស់នៅស្រួល និងអាចរក្សាអំណាច ឬតំណែងរបស់ខ្លួនបានយូរអង្វែង។ ជាក់ស្តែង ប្រាក់ខែរបស់តំណាងរាស្ត្រ រាប់ពាន់ដុល្លារក្នុងមួយខែ មានឡានរដ្ឋជិះ មានរបបសាំង ពេលប្រជុំមានលុយ ពេលចុះបេសកកម្មក៏មានលុយច្រើន ព្រមទាំងមានគម្រោងផ្សេងៗជាច្រើនទៀត។ ឯមន្ត្រីតូចតាចវិញ ប្រាក់ខែក៏តិច លុយប្រជុំក៏គ្មាន របបសាំងក៏គ្មាន លុយបេសកកម្មក៏តិច ហើយថែមទាំងត្រូវគេកាត់ភាគរយទៀត។ ឯការបើកលុយបេសកកម្មក៏យឺតទៀត ហើយគម្រោងក៏មិនសូវមានដែរ។
2. កិច្ចការរដ្ឋបាល៖ ជាទូទៅមន្ត្រីបម្រើសេវារដ្ឋបាលមិនសូវខ្វល់ពីភាពត្រឹមត្រូវ ការលំបាកដោយសាការរង់ចាំរបស់ប្រជាពលរដ្ឋដែលទៅទទួលសេវាឡើយ។ ក្នុងករណីជាច្រើន មន្ត្រីរដ្ឋបាលបានបំពេញថ្ងៃ ខែ ឆ្នាំកំណើត ឬទីកន្លែងខុស ហើយមិនទទួលខុសត្រូវទេ ថែមទាំងបង្ខំអ្នករងគ្រោះនោះ ឱ្យទទួលយកឯកសារដែលខ្លួនបំពេញខុសនោះទៀតផង។ លើសពីនេះទៀត ល្បិចនៃការធ្វើឱ្យអ្នកទៅទទួលសេវារង់ចាំយូរ និងមានភាពស្មុគស្មាញ គឺដើម្បីតែលុយប៉ុណ្ណោះ ពីព្រោះអ្នកដែលបានបង់លុយក្រៅច្បាប់ពួកគេនឹងទទួលបានឯកសារឆាប់រហ័សនិងមានភាពងាយស្រួលក្នុងការបំពេញបែបបទ។
3. ចរាចរណ៍និងសណ្ដាប់ធ្នាប់៖ ពលរដ្ឋភាគច្រើនមិនសូវខ្វល់ពីអ្នកដទៃនិងមិនគោរពច្បាប់ចរាចរណ៍ឡើយ។ ពួកគេបើកបរតាមទំនើងចិត្តដែលអាចធ្វើទៅបាន ដូចជា ការប្រជ្រៀតគ្នាមិនគិតពីចំណែកផ្លូវ មិនគោរពគំនូសសញ្ញា និងភ្លើងចរាចរណ៍ពេលខ្លះ បើទោះបីជារថយន្តរបស់គេមិនអាចទៅរួចក៏ដោយ ក៏គេនៅតែប្រជ្រៀតទៅឈប់ពាំងផ្លូវមិនឱ្យកង់ ឬម៉ូតូដែលតូចជាងអាចធ្វើចរាចរណ៍បាន។ រីឯ អ្នករត់ម៉ូតូឌុប អ្នករត់រឺម៉ក និងអ្នកបើកបររថយន្តឈ្នួលខ្លះបានឈប់ ឬចតយានយន្តរបស់ខ្លួននៅកន្លែងដែលមានចរាចរណ៍មមាញឹក ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍ដោយសារតែពួកខ្លួនឡើយ។ ដូចគ្នាដែរ ម្ចាស់ហាង ឬភោជនីយដ្ឋានភាគច្រើន បានយកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាកន្លែងដាក់អីវ៉ាន ឬទំនិញ ឬចតយានយន្តរបស់ខ្លួន ធ្វើឱ្យថ្នើរជើងគ្មានផ្លូវសម្រាប់ដើរ ដែលជំរុញពួកគេចុះមកដើរតាមផ្លូវបើកបរទៅវិញ ជាហេតុនាំឱ្យទទួលរងគ្រោះថ្នាក់ចរាចរណ៍ជារឿយ។ ចំពោះនគរបាលចរាចរណ៍វិញ ពួកគេបានយកលុយពីអ្នកបើកបរដែលប្រព្រឹត្តខុសច្បាប់ ជាថ្នូរនឹងការអនុញ្ញាតឱ្យអ្នកប្រព្រឹត្តខុសទាំងនោះបន្តធ្វើចរាចរណ៍លើដងផ្លូវ និងឱ្យរថយន្តធុនធំបើកបរក្នុងម៉ោងហាមឃាត់ ឬផ្លូវហាមឃាត់ ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជារឿយ។
4. វិស័យសុខាភិបាល៖ ដោយសារតែឥទ្ធិពលនៃការមិនខ្វល់ពីអ្នកដទៃនេះហើយ ទើបយើងបានសង្កេតឃើញមានមន្ត្រីសុខាភិបាលនិងគ្រូពេទ្យមួយចំនួន មិនសូវគិតពីតម្លៃមនុស្ស អាយុជីវិត សីលធម៌វិជ្ជាជីវៈ និងសុខទុក្ខរបស់ជនរងគ្រោះនិងអ្នកជំងឺឡើយ គេអនុវត្តរឹងស្ដូកនូវច្បាប់ដែលគ្មានវិចារណញ្ញាណ និងគិតតែបញ្ហាលុយជាធំ។ មកដល់ពេលនេះ មន្ទីរពេទ្យរដ្ឋធំៗ សុទ្ធតែត្រូវបង់លុយ ចំពោះសេវាឥតបង់លុយវិញ គ្រូពេទ្យមិនសូវយកចិត្តទុកដាក់ទេ អ្នកទៅទទួលសេវាឥតបង់ថ្លៃនេះ បានតែជំងឺស្រាលៗទេ ចំពោះអ្នកជំងឺធ្ងន់វិញ គឺពួកគេបានត្រឹមតែដេករង់ចាំសេចក្ដីស្លាប់តែប៉ុណ្ណោះ។ លើសពីនេះទៀត គ្រូពេទ្យគ្មានសមត្ថភាព ថ្នាំពេទ្យគ្មានគុណភាព និងថ្នាំពេទ្យហួសពេលកំណត់ប្រើប្រាស់ ក៏កំពុងមានវត្តមាននៅតាមមន្ទីរព្យាបាលរោគឯកជន ឱសថស្ថាន និងទីផ្សារកម្ពុជា ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់សុខភាពរបស់ប្រជាជនខ្មែរ។
5. វិស័យពាណិជ្ជកម្មគយ កាំកុងត្រូល ពេទ្យសត្វ៖ ដោយសារតែការមិនខ្វល់ពីអ្នកដទៃ នាំឱ្យមន្ត្រីមួយចំនួនដែលទាក់ទងនឹងវិស័យទាំងនេះ និងគិតតែប្រាក់ បណ្ដោយឱ្យគ្រឿងបរិភគ បន្លៃ ផ្លែឈើ ត្រី សាច់ មួយចំនួនដែលមានជាតិគីមីលើសកម្រិតសុវត្ថិភាពហូរពីប្រទេសជិតខាងចូលមកទីផ្សារកម្ពុជា ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់សុខភាពរបស់ប្រជាជនខ្មែរ។
6. អាជ្ញាធរ និងតុលាការ៖ ដោយសារតែឥទ្ធិពលនៃការមិនខ្វល់នឹងអ្នកដទៃ នាំឱ្យអាជ្ញាធរ និងមន្ត្រីតុលាការស្ទើរតែទាំងអស់ សម្របសម្រួល ឬសម្រេចក្ដី ដោយលម្អៀងទៅរកអ្នកមានលុយ អ្នកមានអំណាច បក្សពួក និងសាច់ញាតិ ដោយមិនគិតពីភាពត្រឹមត្រូវ អង្គហេតុ អង្គច្បាប់ ឬយុត្តិធម៌ឡើយ ជាហេតុនាំឱ្យប្រជនទទួលរងអយុត្តិធម៌ ហើយទីបំផុតពួកគេអស់ជំនឿលើអាជ្ញាធរ និងមន្ត្រីតុលាការ និងបង្ខំចិត្តដោះស្រាយបញ្ហាក្រៅប្រព័ន្ធច្បាប់។
ការលើកឡើងនូវទម្លាប់អាក្រក់មួយជ្រុងមកបង្ហាញនេះ មិនមានន័យថា សង្គមខ្មែរពោរពេញដោយភាពខ្មៅងងិតទាំងអស់នោះទេ ប៉ុន្តែ គ្រាន់តែចង់បង្ហាញថា ទម្លាប់អាក្រក់នេះ ពិតជាកំពុងមានវត្តមានក្នុងសង្គមខ្មែរប្រាកដមែន។ ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវកែទម្លាប់អាក្រក់ និងត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com