អន្តរជាតិ
នយោបាយអន្តរជាតិ
ឥណ្ឌូនេស៊ី៖ មីយ៉ាន់ម៉ាមិនសមជាសមាជិកអាស៊ាន បើមិនទទួលខុសត្រូវបញ្ហាសិទ្ធិមនុស្ស
× អនុប្រធានសភាឥណ្ឌូនេស៊ីបានចេញមុខស្នើឲ្យអាស៊ានដកសមាជិកភាពមីយ៉ាន់ម៉ាក្នុងស្ថាប័នអាស៊ាន ដោយសាររឿងអាស្រូវរំលោភសិទ្ធិប្រជាជនភាគតិចរ៉ូហ៊ីងយ៉ា។ មីយ៉ាន់ម៉ាកាលមុនធ្វើព្រងើយកន្តើយនិងបន្តអនុវត្តគោលនយោបាយព្រៃផ្សៃដាក់ជនជាតិភាគតិច តែក្រោយវិបត្តិជនភៀសខ្លួនកើតមានឡើងកន្លងមកនេះ សហគមន៍អន្តរជាតិ និងបណ្តាប្រទេសនានាក្នុងតំបន់ថ្កោលទោស និងដាក់សម្ពាធឲ្យប្រទេសនេះគោរពសិទ្ធិមនុស្ស។
រដ្ឋាភិបាលមីយ៉ាន់ម៉ាចាប់ផ្តើមក្រពុលមុខខ្លាំងក្រោយពេលដែលវិបត្តិជនភៀសខ្លួនកើតមានឡើងកន្លងមក។ ជនភៀសខ្លួនភាគច្រើនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដើម្បីរត់គេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញដែលប្រព្រឹត្តដោយអាជ្ញាធរមីយ៉ាន់ម៉ា។ ព្រោះបញ្ហារំលោសិទ្ធិមនុស្ស មីយ៉ាន់ម៉ាទទួលរងការរិះគន់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ
អនុប្រធានសភាឥណ្ឌូនេស៊ីលោក FahriHamzah បានចេញមុខប្រកាសស្នើសុំឲ្យអាស៊ានពិចារណាព្យួរបេក្ខភាពមីយ៉ាន់ម៉ាជាសមាជិកខ្លួនសិន ដោយសារតែប្រទេសនេះមិនព្រមដោះស្រាយបញ្ហាសិទ្ធិមនុស្ស។ លោកបានលើកឡើងថា មីយ៉ាន់ម៉ាមិនស័ក្តិសមជាសមាជិករបស់អាស៊ានឡើយ ព្រោះប្រទេសនេះមិនដែលទទួលខុសត្រូវរឿងរំលោភសិទ្ធិមនុស្ស។ លោកសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាគួរទទួលខុសត្រូវរាល់ការអនុវត្តន៍គោលនយោបាយបោសសម្អាតជនជាតិភាគតិច ដែលគោលនយោបាយនេះធ្វើឲ្យប្រជាជនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់រត់ចាកចេញពីប្រទេសកំណើត។
អនុប្រធានស្ថាប័ននីតិបញ្ញាត្តិឥណ្ឌូនេស៊ី បានលើកឡើងផងដែរថា ក្នុងនាមជាសមាជិកអាស៊ានមួយឥណ្ឌូនេស៊ីចាត់ទុកមីយ៉ាន់ម៉ាថាជារដ្ឋមួយដែលមិនគួរនៅជាសមាជិកអាស៊ានឡើយ។ អ្វីដែលគួរឲ្យខ្មាសអៀនសម្រាប់មីយ៉ាន់ម៉ានោះ គឺទោះជាប្រទេសក្នុងតំបន់ខំប្រឹងជួយខ្លាំងប៉ុណ្ណោះក៏ដោយ មីយ៉ាន់ម៉ាមិនដែរភ្ងាក់រលឹកនិងព្យាយាមដោះស្រាយបញ្ហាដ៏រសើបនេះទេ។
មីយ៉ាន់ម៉ាមិនដែរខ្វល់ខ្វាយរឿងរំលោភសិទ្ធិមនុស្សឡើយកន្លងមក បើអ្នកណាហ៊ានលើកឡើងពីការរំលោភសិទ្ធិមនុស្សនេះ មីយ៉ាន់ម៉ាខឹងច្រលោតតោតតូងភ្លាម។ ម្យ៉ាងស្ថាប័ន និងសមាជិកអាស៊ានកន្លងមក ក៏នាំគ្នាជួយលាក់បាំង មិនហ៊ានលើកបញ្ហានេះពិភាក្សាក្នុងវេទិកាតំបន់នោះដែរ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាងមួយលាននាក់នៅបន្តរស់នៅដោយគ្មានសញ្ជាតិ និងរងទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរនិងប្រជាជនមីយ៉ាន់ម៉ា។ ហើយជនជាតិភាគតិចនេះប្រហែលជាង ១៤០០០នាក់បានបង្ខំចិត្តចាកចេញពីស្រុករាប់ចាប់តាំងពីឆ្នាំ ២០១២ ក្រោយជម្លោះសាសនាកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com