អត្ថបទពាណិជ្ជកម្ម
លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ
26, May 2015 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ

វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា-អាស៊ាន (CAM-ASEAN) និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) នឹង​សហការ​រៀបចំ​សិក្ខាសាលា​ជា​សា​ធាណៈ​មួយ​ស្តីពី “ការវិភាគ​លើ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង Kualar Lumpur៖ លទ្ធផល តថភាព  និង​ផែនការ​ទៅ​អនាគត" នៅ​ថ្ងៃ​សៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៥ វេលា​ម៉ោង ២រសៀល នៅ​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា-អាស៊ាន។

អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​រួមមាន (១)លោក​គង់ រដ្ឋា ប្រធាន​នាយកដ្ឋាន​អាស៊ាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (២) ឧក​ញ្ញ៉ា សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង(៣) លោក​ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា-អាស៊ាន។ វាគ្មិន​ទាំងបី​សុទ្ធតែ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ។ សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ទ្បើង​ក្នុង​គោលបំណង​រួមចំណែក​បញ្ជ្រាប​ព័ត៌មាន​អំពី​វឌ្ឍនភាព បច្ចុប្បន្នភាព និង​ចក្ខុវិស័យ​សហគម​អាស៊ាន។

លោក គង់ រដ្ឋា ក្នុងនាម​ជាម​ន្ត្រី​ជំនាញ​ជាន់ខ្ពស់​នឹង​បង្ហាញ​ពី​វ​ឌ្ឍ​ភាព​លើ​ការកសាង​សហគម​អាស៊ាន និង​គោលនយោបាយ​ជាក់ស្តែង​នានា​ដើម្បី​សម្រេច​ចក្ខុវិស័យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​របស់​អាស៊ាន។ លោក​ឧក​ញ្ញ៉ា​សុខ ពិសិដ្ឋ ដែល​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ច​អាស៊ាន នឹង​គូសបញ្ជាក់​ពី​ការរៀបចំ​គោលនយោបាយ ក្របខណ្ឌ​គតិយុត្តិ និង​បរិយាកាស​ធុរកិច្ច ព្រមទាំង​កាលានុវត្តភាព​នានា​ទាំង​ក្នុង​អាស៊ាន និង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាស៊ាន តំណាង​ឲ្យ​វិស័យ​ឯកជន។ លោក ស៊ា​ង សុ​បញ្ញា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ​អាស៊ាន និង​កិច្ចពិភាក្សា​តុមូល​របស់​អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន នឹង​ផ្តល់​បច្ចុប្បន្នភាព​លើ​កិច្ចខិតខំ​កសាង​សហគម​អាស៊ាន​ដែល​ផ្តោតលើ​ប្រជាជន និង​ការរំពឹង​ចង់បាន​របស់​យុវជន​ជំនាន់​ក្រោយ។

សូម មិត្ត​អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ ធុរជន សិស្ស-និស្សិត និង​សាធារណជន​អញ្ជើញ​ចូលរួម ដោយ​ឥតគិតថ្លៃ។



© រក្សាសិទ្ធិដោយ thmeythmey.com