ជាតិ
សង្គមជាតិ
ជនជាតិគួយ៖ ពីម្ចាស់ដីមាស ក្លាយជាកម្មករស៊ីឈ្នួលជីកមាស
ព្រះវិហារ៖ ជនជាតិដើមភាគតិចគួយនៅក្នុងឃុំរមណី និងឃុំរមទម នៃស្រុករវៀង ខេត្តព្រះវិហារ ធ្លាប់រស់នៅក្នុងជីវភាពធូរធាដោយបានប្រាក់ចំណូលមកពីការធ្វើស្រែចម្ការ និងជីកយកមាស។ ប៉ុន្តែ ក្រោយពីក្រុមហ៊ុនធំៗពីររបស់ចិន និងវៀតណាម ចូលមករុករករ៉ែមាសនៅអំឡុងឆ្នាំ២០០២ និងមានអ្នកចំណូលថ្មីៗមកពីតាមបណ្តាលខេត្តនានា សហគមន៍ជនជាតិភាគតិចគួយក៏ក្លាយជាកម្មកររបស់ក្រុមហ៊ុន ហើយអ្នកខ្លះទៀតក៏ធ្វើចំណាកស្រុក ចាកចោលគ្រួសារ។
មុនការមកដល់នៃប្រជាជនថ្មី និង ក្រុមហ៊ុនរុករករ៉ែមាសរបស់ប្រទេសចិន និងវៀតណាម អ្នកភូមិជនជាតិភាគតិចគួយ សុទ្ធតែអាចរកប្រាក់បានពី១០ ទៅ២០ដុល្លារក្នុងមួយថ្ងៃ តាមរយៈការជីករ៉ែជាលក្ខណៈគ្រួសារ។ ប៉ុន្តែចាប់ពីឆ្នាំ២០០២មក ស្ថានភាពរបស់ពួកគេបានចាប់ផ្តើមប្រែប្រួលជាអវិជ្ជមាន។
សហគមន៍ជនជាតិភាគតិចគួយមិនអាចរកចំណូលចិញ្ចឹមគ្រួសារបានដូចមុនទៀតឡើយ។ ប្រជាជនថ្មីដែលមកពីខេត្តផ្សេងៗដូចជាខេត្តកំពង់ធំ កំពង់ចាម កណ្តាល និងស្វាយរៀងជាដើម បានចាប់ដីបោះទីតាំងរស់នៅក្នុងឃុំរមណី និងឃុំរមទមផង ហើយអ្នកខ្លះទៀត ជាអ្នកដែលមានលទ្ធភាពបើកអាជីវកម្មជីករករ៉ែក្នុងទ្រង់ទ្រាយធំ។នេះដោយមិននិយាយអំពីក្រុមហ៊ុនជីករ៉ែងរបស់ប្រទេសចិន និងរបស់ប្រទេសវៀតណាម ដែលបានពង្រីកប្រតិបត្តិការរបស់ពួកគេចាប់ពីឆ្នាំ២០០៦មកនោះឡើយ។
ក្រុមហ៊ុនទាំងពីរបានធ្វើប្រតិបត្តិជីករ៉ែនៅលើចម្ការវិលជុំ ហើយថែមទាំងមានទាហានយាមល្បាតយ៉ាងតឹងរ៉ឹងនៅជុំវិញតំបន់នោះទៀតផង។នេះបើតាមការរៀបរាប់របស់លោក ផាន់ សុភាព មន្ត្រីអង្គការអនុផលព្រៃឈើនៅក្នុងខេត្តព្រះវិហារ។
«ក្រៅពីការធ្លាក់ចំណូលប្រចាំថ្ងៃ ដោយសារការបាត់បង់ដីធ្លី សហគមន៍គួយក៏កំពុងប្រឈមបញ្ហាសុខភាពខ្លាំងដែរ។ សកម្មភាពធ្វើអាជីវកម្មរុករករ៉ែមាសរបស់ក្រុមហ៊ុនធំៗទាំងពីរនេះ កំពុងបំផ្លាញព្រៃឈើ បរិស្ថាន និងហើយពួកគេប្រើថ្នាំគីមីទាញយកមាសធ្វើប៉ះពាល់ដល់សុខភាពរបស់ជនជាតិភាគតិចគួយនៅឃុំរមទម និងរមណី»។ នេះជាការបញ្ជាក់របស់មន្ត្រីអង្គការដដែល ដែលបន្តបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានអនុញ្ញាតឲ្យពលរដ្ឋចំណូលថ្មីតាំងទីលំនៅដោយងាយស្រួលនៅលើដីភូមិជនជាតិ ដោយលោកសន្និដ្ឋានថា គឺព្រោះតែហេតុផលសន្លឹកឆ្នោតតែប៉ុណ្ណោះ។
មន្ត្រីអង្គការអនុផលព្រៃឈើរូបនេះបានបន្តទៀតថាសព្វថ្ងៃជនជាតិដើមភាគតិចរស់នៅទីនេះ ក្រៅពីធ្វើស្រែចម្ការបានបន្តិចបន្តួច គឺពួកគាត់មួយចំនួនបានសម្រេចចិត្តចំណាក់ស្រុកទៅធ្វើការសំណង់នៅភ្នំពេញ និងមួយចំនួនទៀត ទៅធ្វើការជាកម្មករនៅប្រទេសថៃ ម៉ាឡេស៊ី និងមួយចំនួនធំទៀតសម្រេចចិត្តធ្វើជាកម្មករជីកមាសនៅលើដីមាសរបស់ខ្លួនក្នុងប្រាក់កម្រៃ២ម៉ឺនរៀលក្នុងមួយថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com