កីឡាជាតិ
សី​ប៉ា​ក់តា​ក្រ ជា​កីឡា​មួយ​ប្រភេទ​ដែល​មិនគួរ​មើលរំលង​នៅ​កម្ពុជា
26, May 2015 , 10:48 am        
រូបភាព
ដោយ:


សី​ប៉ា​ក់តា​ក្រ​ជា​ប្រភេទ​កីឡា​មួយ​ប្រភេទ​ដែល​កម្ពុជា តែងតែ​បញ្ជូនទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ជាតិ ហើយ​កីឡាករ​នេះ​ក៏​ធ្លាប់​នាំ​មេដាយ​ត្រឡប់មកវិញ​មិនដែល​ខាន​នោះដែរ។ មុន​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី មកដល់ គេហទំព័រថ្មីៗ យើង​សូម​ណែនាំត្រួសៗ ពី​ការ​មួ​ួ​យ​នេះ។



តើ​អ្នកដឹង​អ្វីខ្លះ​ពីសី​ប៉ាក់​តា​ក្រ?

យោងតាម​ឯកសារ​របស់​សហព័ន្ធ​កីឡា​សី​ប៉ាក់​តា​ក្រ​កម្ពុជា​ឱ្យដឹងថា សព្វថ្ងៃនេះ​វិញ្ញាសា​សី​ប៉ាក់ តា​ក្រ មាន Double (លេង​ម្ខាង២នាក់), Rege (លេង​ម្ខាង៣នាក់) ,Team (លេង​ម្ខាង១២នាក់) និង​វិញ្ញាសា Hoop (ទាត់សី​ដាក់​កន្ត្រក)។

ចំណែក​បច្ចេកទេស​នៃ​ការ​ការ​ទាត់សី​ដាក់​កន្ត្រក​នេះ​មាន៨របៀប  (8-Style) គឺ​ទាត់​ពែន​ក្នុង ទាត់​ពែន​ក្រៅ ការប្រើ​ស្មា ,ក្បាល , ជង្គង់ បញ្ជា​សី ទាត់​ដោយ​ខ្នងជើង លោត​ខ្វែង និង​ទាត់​ពែន​ក្រោយ ។ចំណែក​សី​ដាក់​ប្រកួត​ជា​ផ្លូវការ​ជា​ប្រភេទ​សី​ដែល​ត្បាញ​ដោយ​បន្ទះ​ផ្តៅ ចាក់​ជា​ក្រឡា៤ជ្រុងតូចៗដោយ​រក្សា​ទម្រង់​សី​នេះ​ឱ្យ​មូល​សម្រាប់​ទាត់ នឹង​ខ្នងជើង។

របៀប​វាយ​សេវា​របស់​សី​ប៉ា​ក់តា​ក្រ​មិនមែន​អ្នក​វាយ​សេវា​នោះ​ចាប់​សី ទាត់​សំដៅទៅ​ទី​ម្ខាង​ទៀត​ដោយ​ខ្លួនឯង​នោះទេ គឺមាន​កីឡាករ​ម្នាក់​ក្នុងចំណោម៣នាក់​ជា​អ្នក​ឈរ​បោះ​នៅ​កន្លែង​បោះ សេវា ។ កីឡា​នេះ​លេង៣ប៉ះ​ដូច​បាល់ទះ​ដែរ ហើយ​គេ​អាច​ប្រើ​ក្បាល​លេង​ផងដែរ ។ ការលេង៣ប៉ះ​នេះ​ខុសពី​បាល់ទះ​ដោយ​កីឡាករ​តែម្នាក់ឯង​អាច​លេង​បាន ទាំង៣ប៉ះ​ដោយ​គ្មាន​បញ្ហា ហើយ​សី​សម្រាប់​បុរស​លេង​មាន​ទម្ងន់៤២០ទៅ៤៤០ក្រាម ឯ​សី​សម្រាប់​នារី​លេង​មាន​ទម្ងន់​ពី១៥០ទៅ១៦០ក្រាម។

ចំណែក​លក្ខខណ្ឌ​នៃ​ការប្រកួត​បើ​មាន​ក្រុម​ណាមួយ​ឈ្នះ២សិត​ជាប់​គ្នា នោះ​គឺ​ចាត់ទុកថា​ឈ្នះ​ជា​ស្ថាពរ​ហើយ ។ តាម​ធម្មតា​មួយ​សិត​មាន១៥ពិន្ទុ​តែ​ក្នុងករណី​ការប្រកួត​ឈ្នះ-ចាញ់ មួយ​សិត​ម្នាក់​នោះ​គឺ​ត្រូវ​លេង​សិត​ទី៣ទៀត​ដើម្បី​រក​អ្នកឈ្នះ-ចាញ់ ដែល​សិត​ទី៣នេះ​លេង​ដោយ​កំណត់​ពិន្ទុ​តែ៦ប៉ុណ្ណោះ​ហើយ​លេង​បាន៣ពិន្ទុ នឹងធ្វើ​ការផ្លាស់ប្តូរ​តារាង​គ្នា។

ទីលាន​សម្រាប់​លេងសី​ប៉ាក់​តា​ក្រ មាន​ទំហំ​ទទឹង៦,២០ម៉ែត្រ បណ្ដោយ១៣ម៉ែត្រ ។ ទីលាន​សម្រាប់​បុរស និង​សម្រាប់​នារី​មាន​ទំហំ​ប៉ុនគ្នា តែ​កម្ពស់​សំណាញ់​ខុសគ្នា​ដោយ​សំណាញ់​បុរស​កម្ពស់១,៥៥ម៉ែត្រ ឯ​នារី​កម្ពស់ ១,៤៥ម៉ែត្រ ។ ទីលាន​ទាំងសងខាង​សុទ្ធ​តែមាន​ផ្ចិត​មួយ​ដែលមាន​កាំ០,៣០ម៉ែត្រ ហើយ​ស្ថិតនៅ​ចម្ងាយ​ពី​ខ្សែបន្ទាត់​ទទឹង​ខាងក្រោយ២,៤៥ម៉ែត្រ និង​ចម្ងាយ៣,០៥ម៉ែត្រ​ពី​ខ្សែបន្ទាត់​បណ្តោយ​ដែល​គេ​ហៅថា រង្វង់​វាយ​សេវា ។ នៅក្បែរ​បង្គោល​សំណាញ់​ជា​កន្លែង​បោះ​សេវា​មាន​រាង១ភាគ៤នៃ​រង្វង់​ដែ ល​មាន​កាំ០,៩០ម៉ែត្រ ។

ការវិវត្តន៍​របស់​សី​ប៉ាក់​តា​ក្រ

នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ សី​ប៉ា​ក់តា​ក្រ​នេះ​មាន​ការវិវត្ត​យ៉ាង​ស្មុគស្មាញ​ហើយ​ប្រទេសមួយ ចំនួន​បានប្រកាស​ជា​ចំហ​ថា សី​នេះ​មានកំណើត​នៅក្នុង​ប្រទេស​របស់គេ ។ ឆ្នាំ១៩៣០ប្រទេស​ថៃ​និង​ប្រទេស​មួយចំនួនទៀត​នៅក្នុង​តំបន់​បាន​ប្រជែង គ្នា​ដោយ​អះអាងថា​សី​នេះ​ជា​របស់ខ្លួន ។ ការ​ប្រជែង​ដោយ​គ្មាន​ឈ្នះ គ្មាន​ចាញ់​បែបនេះ​ទើប​ប្រទេស​ទាំងនោះ​ឯកភាពគ្នា​ដាក់ឈ្មោះ​ឱ្យ​សី​នេះ ដោយ​មិនឱ្យ​នរណា​ចំណេញ​លើ​នរណា​ឡើយ។ ឈ្មោះ​ដែល​គេ​ដាក់​កាលនោះ​គឺ​សី​ប៉ាក់ រ៉ា​ហ្គា ហ្សា​រីង (Sepak Raga Jaring) តែ​ក្រោយមក​ពួកគេ​បាន​ឯកភាព​ប្តូរ​ឈ្មោះ​ទៅជា​សី​ប៉ា​ក់តា​ក្រ​វិញ រហូតមកដល់​សព្វថ្ងៃ ។

ជាមួយនឹង​ការដាក់​ឈ្មោះ​ថ្មី​នោះ សី​ប៉ា​ក់តា​ក្រ ត្រូវបាន​គេ​ច្នៃ​វា​ឱ្យទៅជា​ប្រភេទ​កីឡា​ដែល​លេង​ដោយមាន​ទីលាន ត្រឹមត្រូវ ហើយ​គេ​ក៏បាន​ចងក្រង​ជា​ច្បាប់-ក្បួន​សម្រាប់​ប្រកួត​ផងដែរ ។ ទោះបី​វា​មិនទាន់​ក្លាយជា​ប្រភេទ​កីឡា​អូឡាំពិក តែ​សី​នេះ​មានការ​ប្រកួត​រហូតដល់​ថ្នាក់​ជើងឯក​តាម​តំបន់-ទ្វីប និង​ពិភពលោក​ទៀតផង ។

ដំណើរ​សី​ប៉ា​ក់តា​ក្រ​នៅ​កម្ពុជា៖


នៅ​ឆ្នាំ ១៩៩៣ សហព័ន្ធ​សី​ប៉ាក់​តា​ក្រ​កម្ពុជា បាន​បង្កើតឡើង ហើយ​សហព័ន្ធ​នេះ​តែងតែ​បញ្ជូន​កីឡាករ​របស់ខ្លួន​ទៅ​ហាត់​នៅក្រៅ​ប្រទេស​ជាប្រចាំ​មុន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាតិ។ ពានរង្វាន់​អន្តរជាតិ​ដែល​កម្ពុជា ធ្លាប់​បញ្ជូន​កីឡាករ​របស់ខ្លួន ទៅ​ប្រកួត​មាន King Cup World Championships នៅ​ប្រទេស​ថៃ, Asian Games 1998, ស៊ី​ហ្គេម ជាដើម ហើយ​ធ្លាប់​នាំ​មេដាយ មាស ប្រាក់ សំរឹទ្ធ ត្រឡប់មកវិញ​ជាប្រចាំ​ផងដែរ។

មេដាយ​ដែល​កម្ពុជា ដណ្ដើម​បានឈ្នះ​ចុងក្រោយ​គឺ ក្នុង​ស៊ី​ហ្គេម​ឆ្នាំ ២០១៣ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ ២ គ្រឿង ខណៈ​ពានរង្វាន់ King Cup World Championships 2015 ថ្មីៗនេះ​នៅ​ប្រទេស​ថៃ ក្រុម​ជម្រើសជាតិ​នារី​របស់​កម្ពុជា ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១ គ្រឿង​ផងដែរ។

សី​ឈិន​ឡូ​ន កីឡា​ចំណូល​ថ្មី​ស្រដៀង​នឹង​សី​ប៉ាក់​តា​ក្រ៖

នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៣ ក្នុងប្រទេស​មី​យ៉ាន់​ម៉ា កីឡា​ចំណូល​ថ្មី​មួយ​ដែលជា​កីឡា​ប្រពៃណី​របស់​ប្រទេស​ម្ចាស់ផ្ទះ​នេះ​មាន​សណ្ដាន​ស្រដៀង​នឹង​សី​ប៉ាក់​តា​ក្រ បាន​លេច​មុខជា​វិញ្ញាសា​ប្រកួត ដណ្ដើម​មេដាយ​ដែរ នោះ​គឺ សី​ឈិន​ឡូ​ន។ អ្នក​ដែល​ចេះ​លេងសី​ប៉ាក់​តា​ក្រ អាច​ប្ដូរ​ទៅលេង​សី​ឈិន​ឡូ​ន បាន​យ៉ាង​ងាយ។ សី​ប៉ា​ក់តា​ក្រ តម្រូវឱ្យមាន​កីឡាករ​ប្រកួត​ម្ខាង​ម្នាក់​ដើម្បី​គិត​ពិន្ទុ​យក ឈ្នះ​ចាញ់ ប៉ុន្ដែ​សី​ឈិន​ឡូ​ន តម្រូវឱ្យ​ក្រុមនីមួយៗ សម្ដែងរៀងៗខ្លួន​លើ ៦ ក្បាច់ ខណៈ​កីឡាករ​មួយក្រុម​មាន ៦ នាក់ និង ២ ទៀត​បម្រុង។ កាលនោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ចាប់ផ្ដើម​ហ្វឹកហាត់​កីឡាករ​ថ្មី​នេះ​ចូលរួម​ដណ្ដើម​មេដាយ៕


© រក្សាសិទ្ធិដោយ thmeythmey.com