ជាតិ
សង្គមជាតិ
ជំនន់​ទឹកភ្លៀង​នឹង​លិច​ទីក្រុង​ភ្នំពេញ​ទៀត​ក្នុង​រដូវវស្សា​ឆ្នាំនេះ
26, May 2015 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖នៅ​រដូវវស្សា​ឆ្នាំនេះ ទឹកភ្លៀង​នឹង​ជន់​លិច​រាជធានី​ភ្នំពេញ ដែល​អាជ្ញាធរ​ហៅថា​ទីក្រុង​គជ់​ទៀត ទោះបីជា​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ និង​ស្ថានីយ៍​បូមទឹក​ចេញពី​ក្រុង​រួច​ក៏ដោយ។ អភិបាល​រាជធានី​ភ្នំពេញ អះអាងថា បញ្ហា​នេះ ដោយសារតែ​អាជ្ញាធរ​លំបាក​ក្នុងការ​ស្តារ​សំរាម​ចេញពី​ក្នុង​លូបង្ហូរទឹក​ស្អុយ ជាពិសេស គឺ សំរាម​ក្នុង​ស្ថានីយ៍​បូម​រំដោះ​ទឹក​ទាំង ៨ស្ថានីយ៍​ចេញពី​ក្រុង។


លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែងថា​ក្នុង​រដូវវស្សា​ឆ្នាំនេះ ទឹកភ្លៀង​នឹង​បន្ត​ជន់​លិច​ទីក្រុង​ភ្នំពេញ ទៀត ដោយសារ​ការ​ចោល​សំរាម​ដោយ​ឥត​សណ្តាប់ធ្នាប់ និង​ធ្វើ​ឲ្យ​ស្ទះ​លូទឹក និង​ស្ថានីយ៍​បូមទឹក។ លោក​បាន​ថ្លែង​ដូចនេះ នៅក្នុង​វេទិកា​ជួបពិភាក្សា​ជាមួយ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ក្នុង​គម្រោង​ស្តា​របឹង​ស្តុក​ទឹកលូ​បឹងត្របែក​ប្រមាណ៣០០គ្រួសារ​ក្រីក្រ​នៅ​ព្រឹក​ថ្ងៃទី២៦ឧសភា​នេះ។

រដូវវស្សា​ក្នុងប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​ចុងខែ​ឧសភា​នេះហើយ​បញ្ចប់​ទៅវិញ​នៅ​ដើមខែ​វិច្ឆិកា។ អភិបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា សំរាម​នៅតែ​ជា​បញ្ហា​ចោទ​ដែល​ធ្វើ​ឲ្យ​ទីក្រុង ភ្នំពេញ​ជន់​លិច​ពេល​ភ្លៀង​ខ្លាំងម្តងៗ ។ ហើយ​ថា ក្នុងនាម​អាជ្ញាធរ លោក​បាន​ព្យាយាម​ជំរុញ ស្តារ​ផងដែរ ប៉ុន្តែ​ដោយសារ​សំរាម​ច្រើន​ត្រូវបាន​បង្ហូរ​ចូលក្នុង​លូ​នោះ ទើប​អាជ្ញាធរ​មិន​ស្តារ ទាន់ពេលវេលា«ឆ្នាំនេះ ភ្លៀង​នឹង​លិច​ភ្នំពេញ​ទៀត ដោយសារ​សំរាម​បាន​ហូរ​កកស្ទះ​ក្នុង​លូ និង​បឹង​ស្តុក​ទឹក។ អាជ្ញាធរ​នឹងមិន​អាច​បូម​បញ្ចេញ​ទឹក​តាម​ស្ថានីយ៍​បូមទឹក​ទាំង ៨អស់​បាន​ទាន់ពេល​ទេ បើ​សំរាម​កកស្ទះ​ច្រើន​ក្រោម​បាត​បឹង​នោះ»។ នេះ​ជាការ​បញ្ជាក់​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ។

ជាមួយគ្នានេះ លោក​ក៏បាន​សំណូមពរ​ឲ្យ​ប្រជាជន​ចូលរួម​សហការ​ក្នុងការ​វេច​ខ្ចប់​ទុក​សំរាម ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ។ បើតាម​លោក ប៉ា សុជាតិ​វង្ស រាជធានី​ភ្នំពេញ​មាន​ស្ថានីយ៍​បូមទឹក​សរុប​ចំនួន៨ ក្នុងនោះ រួមមាន ស្ថានីយ៍​បូមទឹក​ផ្សារ​ចាស់ ស្ថានីយ៍​ចតុមុខ ស្ថានីយ៍​បឹងត្របែក ស្ថានីយ៍​បឹងទំពុន​ទ្វារ​ទឹក៧មករា​លើស​ណ្តរ​ស្ទឹង​ព្រែក​ត្នោត​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​និង​ស្ថានីយ៍ បូមទឹក​កប់​ស្រូវ ជាដើម។ នៅ​ស្ថានីយ៍​បឹងត្របែក​មាន​ម៉ូ​ទ័​រ​បូមទឹក​ខ្នាត​ធំ​មុខកាត់ ១ម៉ែត្រ​ចំនួន៨គ្រឿង​ដែរ។

កន្លងមក អាជ្ញាធរ​ក៏បាន​ដាក់​បន្ថែម​ម៉ូ​ទ័​រ​បូមទឹក​ខ្នាត​ធំ​មុខកាត់ ១ម៉ែត្រ​រថយន្ត​ដឹក​សំរាម​សម្រាប់​ដឹក​សំរាម​ចេញពី​ស្ថានីយ៍​នានា ឲ្យ​បាន​ទាន់ពេលវេលា ព្រមទាំង​ចាត់​មន្ត្រី ប្រចាំការ​ត្រៀមលក្ខណៈ​ប្រមូល​សំរាម​ចេញពី​ស្ថានីយ៍​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ទៀតផង​ផង៕



© រក្សាសិទ្ធិដោយ thmeythmey.com