បទវិភាគ
សង្គម​ស៊ីវិល​គួរ​មានឱកាស​ចូលរួម​ផ្ដល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល
05, Jul 2015 , 1:56 pm        
រូបភាព
ដោយ:
យោងតាម​ទ្រឹស្ដី​កិច្ចសន្យា រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​បង្កើត​ច្បាប់ ការអនុវត្ត​ច្បាប់ និង​ការធ្វើអ្វីៗសព្វ​យ៉ាង ដើម្បី​ផលប្រយោជន៍​ជាតិ។ ប៉ុន្តែ រដ្ឋាភិបាល​ក៏មាន​កាតព្វកិច្ច​ការពា​សិទ្ធិ​ពលរដ្ឋ ផលប្រយោជន៍​របស់​ព​ល​រដ្ឋ​និង​សង្គម យុត្តិធម៌​សង្គម ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​មាន​តួនាទី​អភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​រដ្ឋាភិបាល ត្រូវ​ប្រើប្រាស់​សិទ្ធិ អំណាច និង​តួនាទី​របស់ខ្លួន​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ គោលការណ៍​សិទ្ធិមនុស្ស ព្រមទាំង​អនុវត្ត​ការងារ​របស់ខ្លួន​ប្រកបដោយ​តម្លាភាព គណនេយ្យភាព សមភាព សមធម៌ និង​មានការ​ចូលរួម​ពី​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ផងដែរ។



ថ្មីៗនេះ ក្រសួងមហាផ្ទៃ​បានធ្វើ​សេចក្ដីព្រាងច្បាប់​ដ៏​មាន​ភាពចម្រូងចម្រាស់​មួយ ស្ដីពី​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ដែលមាន​បំណង​ចង់​គ្រប់គ្រង និង​រឹតបន្តឹង​ការបំពេញ​ការងារ ឬ​សកម្មភាព​របស់​ស្ថាប័ន​ទាំងនេះ។ ក្នុងខណៈ​នេះ​ស្ថាប័ន​សង្គម​ស៊ីវិល ដែល​នឹងត្រូវ​រង​ផលប៉ះពាល់​ពី​អំណាច​នៃ​ច្បាប់​ខាងលើ បា​នប​ញេ្ច​ញ​ប្រតិកម្ម​យ៉ាងខ្លាំង សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ខ្លឹមសារ​នៃ​សេ​ច្ដី​ព្រាង​ច្បាប់​នេះ ពីព្រោះ​បើតាម​ការទទួលបាន​ក្រៅផ្លូវការ​នូវ​សេចក្ដីព្រាងច្បាប់​នេះ ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ទៅលើ​ដំណើរការ​បង្កើត ការបំពេញ​ការងារ និង​សកម្មភាព​របស់​សង្គម​ស៊ីវិល។ ដូច្នេះ ប្រសិនបើ​គ្មាន​ការកែសម្រួល​ទេ បន្ទាប់ពី​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​បានអនុម័ត​រួច អង្គការ​សង្គម​ស៊ីវិល​នឹង​ជួប​ការលំបាក​ជាច្រើន​ក្នុងការ​បំពេញការងារ​របស់ខ្លួន ហើយ​ងាយ​នឹងត្រូវ​ទទួលរង​ការចាប់​ពិរុទ្ធ​ពី​រដ្ឋាភិបាល។

ឆ្លងតាម​បទពិសោធ និង​ផ្អែកលើ​ការប្រកាន់យក​ប្រព័ន្ធ​បោះឆ្នោត​បែប​សមាមាត្រ ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​ស្ទើរតែ​ទាំងអស់ ដែល​ស្ថាប័ន​នីតិប្រតិបត្តិ​ផ្ញើមក​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​សុំ​ការអនុម័ត ត្រូវ​បានទទួល​ការគាំទ្រ​ស្ទើរតែ​មួយរយ​ភាគរយ​ដោយ​គ្មាន​ការផ្លាស់ប្ដូរ ពីព្រោះ​សមាជិក​រដ្ឋសភា​ទាំងអស់​ស្ថិតក្រោម​ឥទ្ធិពល​របស់​បក្សនយោបាយ។
ដូច្នេះ ការព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល​ជាតិ សង្គម​ស៊ីវិល​អន្តរជាតិ ព្រមទាំង​អ្នកវិភាគ​សង្គម អំពី​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​នេះ គឺជា​រឿង​ត្រឹ​ត្រូវ ហើយ​វា​ក៏​ស្រប​នឹង​គោលការណ៍​របស់​លទ្ធិប្រជាធិបតេយ្យ​ដែរ។ ដ្បិតតែ​រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​បង្កើត​ច្បាប់ ប៉ុន្តែ ពលរដ្ឋ ក៏ដូចជា សង្គម​ស៊ីវិល ដែលជា​អ្នកទទួលផល​ប៉ះពាល់​ពី​ច្បាប់​នេះ ក៏មាន​សិទ្ធិ​ពិនិត្យ​ខ្លឹមសារ និង​ផ្ដល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះដែរ ត្រង់​ថា​តើ​មាន​នីតិវិធី និង​យន្តការ​យ៉ាងណា​ក្នុងការ​ផ្ដល់​សេចក្ដីព្រាងច្បាប់​នេះ​មកឱ្យ​ពលរដ្ឋ ឬ​សង្គម​ស៊ីវិល វា​ជា​អ្វីដែល​ត្រូវ​កំណត់​នៅក្នុង​ច្បាប់។ បើទោះបីជា​កន្លងមក​មិនទាន់​បានកំណត់​ក៏ដោយ ក៏​ក្នុងដំណាក់កាល​អន្តរកាល​នេះ រដ្ឋ​មិនមាន​មូលដ្ឋាន​សម​ហេតុផល​ណាមួយ ក្នុងការ​រារាំង ឬ​បិទបាំង​មិនឱ្យ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល បាន​ពិនិត្យ​និង​ផ្ដល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម​និង​សង្គម​ស៊ីវិល​ដែរ។

ប្រសិនបើ ស្ថាប័ន​នីតិប្រតិបត្តិ មិនបាន​ផ្ដល់​សេចក្ដីព្រាងច្បាប់​នេះ​ឱ្យ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល បាន​ពិនិត្យ​និង​ផ្ដល់យោបល់​ទេ យ៉ាងហោចណាស់ ក៏​ពេលដែល​សេចក្ដីព្រាងច្បាប់​នេះ​មក​ដល់ដៃ​របស់​តំណាងរាស្ត្រ ពួកគេ​ត្រូវយក​វា​ទៅ​ផ្សព្វផ្សាយ​នៅតាម​មណ្ឌល​របស់ខ្លួន ឬ​បើក​ជា​វេទិកាសាធារណៈ ដើម្បី​ទទួលយក​មតិយោបល់​ពី​ពលរដ្ឋ​និង​សង្គម​ស៊ីវិល ហើយ​ប្រមូល​មតិ យោបល់​នេះ មក​បញ្ចូល​ក្នុង​ទឡ្ហីករណ៍ ឬ​ការតស៊ូ​ត​មិ​ក្នុងពេល​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា ដើម្បី​អនុម័ត​ច្បាប់​នេះ។

នេះ​គឺជា​ជម្រើស​ចុងក្រោយ​ដែល​យើង​អាចធ្វើ​ទៅបាន ដើម្បីឱ្យ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល មានឱកាស​ពិនិត្យ​និង​ផ្ដល់យោបល់​ក្នុងនាម​អ្នកទទួលផល​ប៉ះពាល់​ពី​សេចក្ដីព្រាងច្បាប់​នេះ​ដោយផ្ទាល់។ ការធ្វើ​បែបនេះ ពីព្រោះ​ចង់​ចៀសវាង​កុំឱ្យ​អ្នក​ហូប​ម្ហូប​មិនបាន​ជួយ​ស្ល​ដោយ​ខ្លួនឯង ឬ​មិនបាន​ហៅ​ម្ហូប​ដោយ​ខ្លួនឯង តែ​បែរជា​ត្រូវគេ​បង្ខំ​ឱ្យ​ហូប​ម្ហូប​មួយ​ទាំង​មិន​ចូលចិត្ត និង​មិន​ត្រូវមាត់ ហើយក៏​ចង់​ចៀសវាង​ការបង្កើត​ច្បាប់​មួយ​ដែល​មានតែ​ទិដ្ឋភាព​នៃ​ឆន្ទៈ​របស់​អ្នកគ្រប់គ្រង និង​អ្នកអនុវត្ត​ច្បាប់ និង​មិនមាន​ទិដ្ឋភាព​នៃ​ឆន្ទៈ​របស់​ពលរដ្ឋ ឬ​ស្ថាប័ន​ដែល​ត្រូវ​ទទួលរង​ផលប៉ះពាល់​នៃ​ច្បាប់​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com