កីឡាជាតិ
ជាង ៤ ពាន់នាក់ចុះឈ្មោះរត់ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិចុងខែនេះ
× គិតត្រឹមពេលនេះមានមានអត្តពលិកប្រមាណជាង ៤០០០ នាក់ហើយបានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ៥ ឆ្នាំ ២០១៥ ដែលនឹងរៀបចំនៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានលើកឡើងថា ក្នុងចំណោមអ្នកចូលរួមទាំង ៤០០០ នាក់មាន ៣០០ នាក់ជាជនជាតិបរទេសមកពី ២៧ ប្រទេសផ្សេងគ្នា។ លោកបញ្ជាក់ថាអត្ថន័យសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេច ព្រះ មហាក្សត្រីព្រះវររាជមាតា នរោត្តម មុនិនាថសីហនុ រត់ដើម្បីមនុស្សធម៌ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីទីក្រុងស្អាត ព្រមទាំងអបអរខួបទី ១២១ នៃទិវាអូឡាំពិក
សម្រាប់វិញ្ញាសា ដាក់ឱ្យប្រកួតមានរត់បែបកម្សាន្ត ៣ គីឡូម៉ែត្រ រត់ ៥ គីឡូម៉ែត្រ រត់ ១០ គីឡូម៉ែត្រ និងរត់ ២១ គីឡូម៉ែត្រ។ ចំណែករង្វាន់លើកទឹកចិត្តមាន ២១ គីឡូម៉ែត្រ លេខ ១ បាន ៣០០ ដុល្លារ លេខ ២ បាន ២០០ ដុល្លារ និងលេខ ៣ បាន ១០០ ដុល្លារ ឯរត់ ១០ គីឡូម៉ែត្រលេខ ១ បាន ២០០ ដុល្លារ លេខ ២ បាន ១០០ ដុល្លារ និងលេខ ៣ បាន ៥០ ដុល្លារ ចំណែកការរត់ ៣ គីឡូម៉ែត្រ ទទួលបានវត្ថុអនុស្សាវរីយ៍។
ចំណែកផ្លូវប្រកួត ត្រូវបានគ្រោងយ៉ាងពិសេស ដើម្បីឲ្យអ្នកចូលរួមរត់មានការសប្បាយចិត្ត ព្រោះផ្លូវរត់ត្រូវបានរៀបចំតាមមាត់ទន្លេភាគច្រើន ដោយយើងនឹងចេញដំណើរនៅមុខព្រះបរមរាជវាំង ទៅត្បូងរួចបត់តាមរោងដំរីឆ្ពោះទៅផ្លូវព្រះមុនីវង្ស សំដៅទៅស្ពានមិត្តភាពកម្ពុជាជប៉ុន (ជ្រោយចង្វាចាស់)។ ក្រោយឆ្លងផុតស្ពាននេះហើយ ត្រូវរត់តាមមាត់ទន្លេត្រើយខាងកើតទៅបត់នៅសណ្ឋាគារសុខា ហើយរត់តាមមាត់ទន្លេមេគង្គធំ វង់មកឡើងតាមស្ពានមិត្តភាពកម្ពុជា-ចិន(ជ្រោយចង្វារថ្មី) វិញ រួចបន្តរត់តាមផ្លូវមាត់ទន្លេ មកកាន់ទីផ្តាច់ព្រ័ត្រ នៅមុខព្រះបរមរាជវាំងដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com