ពិភពតារា៖ តារាកូនកាត់៣សាសន៍ គង់ ចាន់ស្រីមុំ បរិយាយពីជីវិតពិត
×
ភ្នំពេញ៖តារាសម្តែងដើមទ្រូងមូលក្បំ គង់ ចាន់ស្រីមុំ បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងអាជីពសិល្បៈ។ លើសពីនេះ នាងក៏កំពុងជោគជ័យក្នុងរឿងស្នេហាផងដែរ។ យ៉ាងណាក៏ដោយ តារាសម្ដែងសិចស៊ីដែលមានច្រមុះធំបង្កប់ដោយមន្តស្នេហ៍ ដែលលេចចេញនូវភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍រូបនេះ គ្មានអ្នកណាដឹងថា នាងមានជីវិតពិតបែបណានោះទេ។ ខាងក្រោមនេះ “ថ្មី” សូមបើកទំព័រជីវិតពិតរបស់នាងដូចតទៅ។
ជីវិតឯកជនៈ
គង់ ចាន់ស្រីមុំកើតថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩១ នៅភូមិបែកចាន ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។ នាងជាកូនទី២ ក្នុងចំណោមបងប្អូន ៥នាក់(ប្រុស២ ស្រី៣)។ ឪពុកឈ្មោះ គង់ ចន្ថា ជាអាជីវករលក់ឈើនៅខេត្តបាត់ដំបង និងម្ដាយឈ្មោះ ចាន់ ហួង ជាអ្នកលក់សំលៀកបំពាក់នៅរាជធានីភ្នំពេញ។
ស្រីមុំ ធំដឹងក្តីឡើងនៅរាជធានីភ្នំពេញ ដែលឪពុកម្ដាយរបស់នាងបានផ្លាស់មកពីខេត្តបាត់ដំបង តាំងពីនាងនៅមិនទាន់ដឹងក្តី។ស្រីមុំ មានសាច់ឈាមជាខ្មែរកាត់ចិន និងអាមេរិកដែលមានលក្ខណៈខុសប្លែកពីតារាផ្សេងទៀត។ នាងនិយាយថា ជីតារបស់នាងជាខ្មែរកាត់អាមេរិក ហើយយាយរបស់នាងជាខ្មែរកាត់ចិនដូច្នេះ ទើបគេហៅនាងថា តារាកូនកាត់៣សាសន៍។
ចំណេះដឹងទូទៅៈ
គង់ ចាន់ស្រីមុំ បញ្ចប់ការសិក្សាទុតិយភូមិនៅឆ្នាំ២០០៨ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ កាលរៀននៅមធ្យមសិក្សាបឋមភូមិ តារាស្រីរូបនេះរៀននៅអនុវិទ្យាល័យចតុមុខក្នុងឆ្នាំ២០០៦ និងជាអតីតសិស្សសាលាបឋមសិក្សា ដូនពេញ ក្នុងឆ្នាំ១៩៩។ ទោះបីជាយ៉ាងណា ស្រីមុំគ្មានចិត្តរៀនបន្តទៀតឡើយ នាងបែរជាចង់ពង្រឹងការងាររកស៊ីឲ្យបានរឹងមាំវិញ ប៉ុន្តែនាងនៅបន្តរៀនភាសាអង់គ្លេស និងថៃដែរដោយបានជួលគ្រូបង្រៀនភាសាអង់គ្លេស និងថៃដល់ផ្ទះដើម្បីរៀនភាសាទាំងពីរនេះឲ្យកាន់តែប្រសើរ ព្រោះនាងឧស្សាហ៍ចេញចូលប្រទេសជិតខាងដើម្បីនាំសំលៀកបំពាក់ និងទំនិញផ្សេងៗដែលត្រូវប្រើភាសាបរទេសចាំបាច់។
ការងារក្នុងអាជីពសិល្បៈ
គង់ ចាន់ស្រីមុំ ជាអតីតបេក្ខនារី១០រូបចុងក្រោយនៃកម្មវិធី Freshie Girls & Boys ជំនាន់ទី៨ ឆ្នាំ២០០៨។ នាងមានឱកាសឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ជាលទ្ធផល នាងមិនទទួលបានជយលាភីក្នុងតំណែងណាមួយឡើយ។ បន្ទាប់ពីមិនទទួលបានជយលាភីសម្រាប់តំណែងណាមួយក្នុងកម្មវិធី Freshieស្រីមុំ ត្រូវបានបណ្ដាផលិតកម្ម និងក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍ចំពោះមុខមាត់ដ៏សិចស៊ីដែលអាចជាទីចាប់អារម្មណ៍ ខណៈពេលនាងលេចមុខលើឆាកប្រកួតប្រជែង។ ក្រោយមកតារារូបនេះទទួលថតស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ដូចជា Mfoneនិង Cellcaredជាដើម។ ក្រោយពេលលេចមុខក្នុងពិភពផ្សាយពាណិជ្ជកម្ម តារាស្រីរូបនេះកាន់តែមានទីផ្សារក្នុងវិស័យសិល្បៈដែលស្ទើរតែរកពេលសម្រាកគ្មានរហូតដល់ពេលនេះ។
គង់ ចាន់ស្រីមុំ បានលេចមុខតាមខ្សែភាពយន្តជាច្រើន មានដូចជារឿង “ជំនាងផ្ទះឆ្នាំ២០១០ស្អប់ខ្ទើយ”,រឿង “សុគន្ធថេរ៉ាយុលងបះសក់”,រឿង“មន្តអាគមស្នេហ៍ខ្លុយអស់លក្ខណ៍២០១២” ,រឿង“ចាញ់ចិត្តដ្បិតស្រលាញ់”,រឿង “ជីវិតយុវវ័យ” ,រឿង “វិញ្ញាណបិសាចជញ្ជក់ឈាម” និងរឿង “ហេតុអ្វីអូនស្រលាញ់គេ” ជាដើម។ លើសពីនេះ នាងក៏បានចូលរួមថតចម្រៀងខារ៉ាអូខេផងដែរ ដូចជាផលិតកម្មប៊ីកមែនជាដើម។ នាងក៏ល្បីល្បាញបទខារ៉ាអូខេមួយ ដែលម្តែងរួមជាមួយលោក ហេង ពិទូ ក្នុងបទ “បារម្ភសង្សារក្មេង។
មុខរបរបើកហាងៈ
គង់ ចាន់ស្រីមុំ បានចាប់ផ្តើមបើកហាងរកស៊ីតាំងពីមិនទាន់ចូលប្រឡូកក្នុងពិភពសិល្បៈម្ល៉េះ ដោយសារម្តាយនាងជាអ្នកលក់ដូរសំលៀកបំពាក់ស្រាប់។ បន្ទាប់ពីយល់ដឹងច្រើនរឿងលក់សំលៀកបំពាក់ជាមួយម្តាយ តារាស្រីម្នាក់នេះបានបើកហាងលក់សំលៀកបំពាក់មួយបែកចេញពីម្តាយនៅផ្សារទំនើបផេនសលមាត់ទន្លេ។ បន្ទាប់មក នាងក៏បានបើកសាខាមួយទៀតនៅកោះពេជ្រ តែបានបិទវិញ ក្រោយមានបញ្ហារត់ជាន់គ្នាកំឡុងពិធីបុណ្យអុំទូក។ ក្រោយពីខាតបង់ក្នុងការបើកហាងនៅកោះពេជ្រ ស្រីមុំ ក៏មិនរុញរាសម្រាប់អាជីពរកស៊ីរបស់ខ្លួនដែរ នាងក៏ចាប់ផ្ដើមបើកហាងលក់ផ្កាមួយទៀតនៅមហាវិថីព្រះសីហនុដែលដំណើរការបានយ៉ាងល្អ។
ជីវិតស្នេហាៈ
កញ្ញា គង់ ចាន់ស្រីមុំ មានទំនាក់ទំនងស្នេហាជាមួយកំលោះសង្ហា គឺលោក គឹម សីហា ដែលជាអតីត Freshie Boy ជំនាន់ទី៧យ៉ាងស្អិតល្មួតតាំងពីនាងមិនទាន់ចូលសិល្បៈម្ល៉េះ។ រឿងរ៉ាវស្នេហារបស់នាងជាមួយបុរសលោក គឹម សីហា ត្រូវបានមហាជនដឹងឮជាយូរមកហើយ សូម្បីតែរូបនាងផ្ទាល់ក៏ទទួលស្គាល់ និងបើកចំហចំពោះរឿងនេះផងដែរ។ នាងបញ្ជាក់ថា នៅស្រលាញ់សិល្បៈ និងចង់ពង្រីករបររកស៊ីឲ្យបានធំធេងសិន ទើបសម្លឹងរកពេលវេលាមួយរៀបការ៕
© រក្សាសិទ្ធិដោយ thmeythmey.com