ជាតិ
មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​មកដល់​ក​ម្ពុ​ជា​របស់​ជនភៀសខ្លួន​ទាំង៤នាក់​ពី​ប្រទេស​ណូ​រូ
27, May 2015 , 10:47 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ព័ត៌មាន​ស្តីពី​ការបញ្ជូន​ជនភៀសខ្លួន​ពី​ប្រទេស​ណូ​រូ មក​កម្ពុជា​នៅតែ​ជា​ព័ត៌មាន​ក្តៅ រសើប និង​លាក់កំបាំង។ ព័ត៌មាន​ស្តី​ជនភៀសខ្លួន៤នាក់​បាន​យល់ព្រម​មក​រស់នៅ​កម្ពុជា ត្រូវបាន​សារព័ត៌​មាននៅ​ប្រទេស​អូស្ត្រាលី​ចេញផ្សាយ​កាលពី២សប្តាហ៍​មុន។ នៅពេលនេះ​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​បាន​ស្រង់​សំដី​សមាជិក​ព្រឹទ្ធសភា និង​មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​ដែល​និយាយថា​រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ថែម​ផ្តល់ជំនួយ​ជាង១២លាន​ដុល្លារ​អាមេរិក​ទៀត ពីលើ​ជំនួយ​ជាង៣១លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​ប្រើ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​សម្រាប់​ជនភៀសខ្លួន។



មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ហាក់​នៅ​ដឹង​តិចតួច​នៅឡើយ​អំពី​ព័ត៌មាន​ស្តីពី​ជនភៀសខ្លួន។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ​ឯក ខៀវ សុភ័គ គ្រាន់តែ​បញ្ជាក់ថា​ឡើងវិញ​អំពី​ជនភៀសខ្លួន​ទាំង៤នាក់​ដែល​យល់ព្រម​ចាកចេញ​ពី​ប្រទេស​ណូ​រូ មក​រស់នៅ​កម្ពុជា។ ជនភៀសខ្លួន​ទាំង៤ទាំង​នាក់​ត្រូវបាន​គេ​ដឹងថា មាន​ម្នាក់​ជា​ជនជាតិ ភាគតិច រ៉ូ​ហ៊ីង​យ៉ា​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្តី​ប្រពន្ធ​ជនជាតិ​អ៊ីរ៉ង់២នាក់ និង​បុរស​ម្នាក់ទៀត​ក៏​ជា​ជនជាតិ​អ៊ីរ៉ង់។

ប៉ុន្តែ​លោកនាយ​ឧ​ត្ត​ម​សេនីយ​បញ្ជាក់ថា លោក​នៅ​មិនទាន់​ដឹងថា តើ​ជនភៀសខ្លួន​ទាំង៤នាក់ នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ណា? ហើយ​ថា​តើ​ពួកគេ​នឹងត្រូវ​តាំងទី​លំនៅ នៅ​កន្លែង​នោះដែរ?

កាលពី​ចុងខែ​កញ្ញា ឆ្នាំ២០១៤ កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​អូស្ត្រាលី​ក្នុងការ​ទទួលយក​ជន​ភៀស ដែល​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​អូស្ត្រាលី។ នៅពេលនោះ សារព័ត៌មាន​អូស្ត្រាលី​បាន​ផ្សាយ​ថា ទំនងជា​អាច​អាចមាន​ជនភៀសខ្លួន១០០០នាក់ ដែល​អាច​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com