ជាតិ
ប៉ូលីសឃាត់ខ្លួនអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនជិត ២ពាន់នាក់ រយៈពេលជាង៥ខែ
×
រយៈពេលជាង ៥ខែ ក្នុងឆ្នាំ២០១៥នេះ ប៉ូលីសប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៩៩៦ករណី ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន ១៨៨៩នាក់ ព្រមទាំងដកហូតគ្រឿងញៀនគ្រប់ប្រភេទជាង ១៨គីឡូក្រាមដែរ។
យោងតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការគ្នាក្នុងប្រតិបត្តិការចុះបង្ក្រាប ក្នុងរយៈពេលជាង ៥-៦ខែ នៅឆ្នាំ២០១៥នេះ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាននគររបាលជាតិថា សមត្ថកិច្ចមានគោលបំណងចម្បង៥ ចំណុច ក្នុងការបង្ក្រាប បទល្មើសគ្រឿងញៀននេះ រួមមាន ទី១, ការកាត់បន្ថយតម្រូវការគ្រឿងញៀន ទី២,ការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន ទី៣, ការព្យាបាល ស្តានីតិសម្បទា និងសមាហរណកម្ម ទី៤,ការអនុវត្តន៍ច្បាប់ និងទី៥ ការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ។
យោងតាមប្រភពខាងលើ បច្ចុប្បន្ននេះ អាជ្ញាធរបាននឹងកំពុងសង្កេតឃើញមានការចាត់តាំងឲ្យប្រើប្រាស់គ្រឿងញៀននៅទីតាំងមួយចំនួននៅតាមបណ្តាខេត្ត ពិសេសរាជធានីភ្នំពេញ។ ទីតាំងទាំងនោះ រួមមាន ក្លិបឌីស្កូ ការ៉ាអូខេ ផ្ទះសំណាក់ សណ្ឋាគារ ព្រមទាំងកន្លែងសប្បាយផ្សេងទៀត ដែលបណ្តែតបណ្តោយឲ្យមានការប្រើប្រាស់គ្រឿងញៀនតាមគ្រប់រូបភាពជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com