កីឡាជាតិ
ជាតិ
លោក ហ៊ុន សែន៖ កីឡា​ជាន​យោ​យ​បាយ​ការទូត​ដ៏​មាន​ប្រសិទ្ធភាព
27, May 2015 , 2:15 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ បានចេញ​សារ​ជូនពរ​មួយ​ដល់​ប្រតិភូ​កីឡា និង​អត្ត​ព​លិ​ក​កម្ពុជា ដែល​ត្រូវបំពេញ​បេសកកម្ម​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨នៅ​ប្រទេស​សឹង្ហ​បុរី​ចាប់ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥  ក្រោម​ពាក្យស្លោក «អបអរ​សាទរភាព​អស្ចារ្យ» ។



លោក ហ៊ុន សែន បាន​លើកឡើងថា ស៊ី​ហ្គេម​ដែលជា​ព្រឹត្តិការណ៍​កីឡា​រៀបចំ​រៀងរាល់២ឆ្នាំ​ម្តង ផ្តល់ឱកាស​ឲ្យ​អត្ត​ព​លិ​កនៅ​បណ្តា​ប្រទេស​ទាំង១១ បញ្ចេញ​ទេពកោសល្យ និង​ជំនាញ​កីឡា​របស់ខ្លួន ក៏​ដួច​ជា​ឱកាស​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​គ្នា។

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បន្ថែមថា កីឡា​មិន​ត្រឹមតែ​ពង្រឹង​កម្លាំងកាយ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​នយោបាយ​ការទូត​ដ៏​មាន​ប្រសិទ្ធភាព​ផងដែរ។ លោក​បាន​បញ្ជាក់ថា៖«ជាមួយនឹង​ការបន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត រាជរដ្ឋាភិបាល​បានអនុម័ត​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​មួយ​ឈ្មោះថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​កំពុងដំណើរការ​សាងសង់​ដើម្បី​ត្រៀមខ្លួន​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣នៅ​ព្រះរាជាណាចក្រ​កម្ពុជា»។

សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នេះ កម្ពុជា​បញ្ជូន​កីឡា​ចំនួន២២ប្រភេទ។ កាលពី​ថ្ងៃទី១២ ខែឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អនុញ្ញាត​ឲ្យ​ប្រ​ភិ​ភូ និង​អត្ត​ព​លិ​ក​កីឡា​ស៊ី​ហ្គេម​កម្ពុជា​ចំនួន២៥៦នាក់​ចូលរួម​សម្តែង​ការគួរសម​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com