អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុង​ប៉េកាំង​ប្តូរ​យុទ្ធសាស្ត្រ​យោធា​ថ្មី​គំរាម​វៀតណាម​និង​ហ្វីលីពីន
27, May 2015 , 4:49 pm        
រូបភាព

រដ្ឋាភិបាល​ចិន​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​យោធា​ថ្មី​សម្រាប់​បង្កើន​ឥទ្ធិពល​យោធា​ដែនទឹក​និង​ប្រកាស​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​យោធា​របស់ខ្លួន​ពី​ការពារ​ដែនអាកាស​មក​ជាការ​ពារ​និង​ប្រយុទ្ធ​វិញ​ម្តង។ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​និង​បង្កើន​អំណាច​ទ័ព​នេះ​ជាការ​គំរាម​រាល់​ភាគី​ជម្លោះ​របស់​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាពិសេស​ហ្វីលីពីន​និង​វៀតណាម។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​ស្ថិតក្នុង​សភាព​តានតឹង​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ចិន​បន្ត​សាងសង់​កោះ​សិប្បនិម្មិត​នៅលើ​ដែនទឹក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​មិន​ខ្វាយខ្វល់​ការរិះគន់​និង​ការ​ថ្កោលទោស​របស់​ហ្វីលីពីន​ឬ​ភាគី​ជម្លោះ​ផ្សេង​ទៀតឡើយ។កោះ​ជាច្រើន​ត្រូវបាន​ចិន​សាងសង់​ដើម្បី​សម្រួល​ដល់​ប្រិត​ប​ត្តិ​ការ​ស៊ីវិល​និង​យោធា​ប៉ុន្តែ​កន្លងមក​ដំណើរការ​សាងសង់​ចេះតែ​ប្រឈម​នឹង​ឧបសគ្គ។

ថ្មីៗនេះ​ក្រសួងការពារជាតិ​ក្រុង​ប៉េកាំង​ក្រោម​ការដឹកនាំ​របស់លោក​ស៊ី​ជិន​ពីង​បានប្រកាស​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​ធានា​ពី​សមត្ថភាព​យោធា​ចិន​ក្នុងការ​ប្រឆាំង​សត្រូវ។ចិន​បានបង្ហាញ​យុទ្ធសាស្ត្រ​ថ្មី​ដែល​នឹង​ប្រើប្រាស់​ដើម្បី​បង្កើន​សមត្ថភាព​និង​អំណាច​យោធា​កងទ័ពជើងទឹក​ប​ច្ចុ​ប្បន្ន។ ហើយ​អ្វីដែល​ពិសេស​ចិន​ក៏​សម្រេច​ប្តូរ​ពី​យុទ្ធសាស្ត្រ​ត្រឹម​ការពារ​ដែនអាកាស​ម​ក​ជា​យុទ្ធសាស្ត្រ​ការពារ​និង​វាយប្រហារ​វិញ​ម្តង។

បើ​យោងតាម​របាយការណ៍​កងទ័ពជើងទឹក​ចិន​យុទ្ធសាស្ត្រ​ថ្មី​មាន​សារសំខាន់​សម្រាប់​កងទ័ព​ជើង​ទឹក​បច្ចុប្បន្ន​ក្នុងការ​ប្រតិបត្តិ​ដោយ​ពួកគេ​នឹងមាន​លទ្ធភាព​អនុវត្ត​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​ដើម្បី​វាយប្រហារ​សត្រូវ​ធ្វើ​លំ​ហាត់​យោធា​និង​ប្រើប្រាស់​សិ​ទិ្ធ​ស្វ័យការពារ​ជាដើម​បើសិន​ចិន​រង​ការវាយប្រហារ​នោះ។ ក្រៅពីនេះ​ចិន​ក៏​នឹង​គ្រោង​ពង្រាយ​កងទ័ព​និង​សព្វាវុធ​ទៅកាន់​តំបន់​ដែល​ខ្លួន​ប្រកាសថា​ជា​ដែន​អធិបតេយ្យ​របស់ខ្លួន​ផងដែរ។សកម្មភាព​ចិន​ប្រាកដជា​នឹង​បញ្ឆេះ​កំហឹង​និង​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​នាពេលខាងមុខ។

ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​អំណាច​យោធា​ជើង​ទឹក​និង​ជើង​អាកាស​ចិន​នេះ​មិនមែនជា​រឿង​សាមញ្ញ​ឡើយ។ផ្ទុយទៅវិញ​វា​បង្ហាញ​យ៉ាងច្បាស់​ថា​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​តំឡើង​សាច់ដុំ​យោធា​និង​បំភ័យ​រាល់​ភាគី​ជម្លោះ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ដូចដែល​ឃើញស្រាប់​ក្នុងពេលដែល​យោធា​ចិន​ប្រកាស​ដូរ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ចិន​ក៏បាន​រិះគន់​បណ្តា​មិត្ត​ជិតខាង​និង​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​នោះ​ដែល​ព្យាយាម​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​បង្ករឿង​និង​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង។ ចិន​មិនបាន​ចង្អុល​ចំឈ្មោះ​ថា​ភាគី​ណាមួយ​ទេ​ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា​មាន​ភាគី​ជម្លោះ​តែ​ពីរ​ប៉ុណ្ណោះ​ដែល​តែង​ថ្កោលទោស​ចិន​និង​ព្យាយាម​រារាំង​ចិន​មិន​ឲ្យ​បូម​ប្រេង​ឬ​សាងសង់​កោះ​ក្នុង​តំបន់​ត្រួតស៊ីគ្នាុ។នោះគឺវៀតណាម​និង​ហ្វី​លី​ពីនេះ​ឯង។

ចិន​កាន់តែ​កោងកាច​គំរាម​ប្រើប្រាស់​អំណាច​យោធា​របស់ខ្លួន​ក៏​ដោយសារតែ​មានការ​លូកលាន់​ពី​ប្រទេស​មហាអំណាច​ខាងក្រៅ​ជាពិសេស​សហរដ្ឋអាមេរិក​តែម្តង។ អាមេរិក​គាំទ្រ​វៀតណាម​និង​ហ្វីលីពីន​ហើយ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​គឺ​ការកើនឡើង​នៃ​វត្តមាន​កងទ័ព​អាមេរិក​នៅក្បែរ​តំបន់​ជម្លោះ​នោះ​តែម្តង។ ទោះជា​ចង់​មិន​ចង់​ចិន​ដែលជា​អ្នក​ទាមទារ​យក​ដែន​ជម្លោះ៩០ភាគរយ​ហើយ​នោះ​មិនអាច​បណ្តែតបណ្តោយ​ឲ្យ​ភាគ​ជម្លោះ​ឬ​មហាអំណាច​មិន​ជាប់​ជម្លោះ​ដូច​អាមេរិក​បន្តធ្វើ​សកម្មភាព​ផ្តេសផ្តាស​ទៀត​បានឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com