អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អនាគត​សហភាព​អឺរ៉ុប​ស្រពេចស្រពិល បើ​អង់គ្លេស​ចាកចេញ​មែន
27, May 2015 , 6:59 pm        
រូបភាព

ដូច​ការគ្រោងទុក​អង់គ្លេស​ប្រហែលជា​នឹង​បន្ត​រៀបចំ​ប្រជាមតិ​កំណត់​ពី​ជោគវាសនា​របស់ខ្លួន ថា​នឹង​បន្ត​នៅ​ជា​សមាជិក​សភាព​អឺរ៉ុប​ឬក៏​គួរ​ដើរចេញ។ ការឡើង​កាន់​មកកាន់​អំណាច​ជាថ្មី​របស់លោក ដេវីដ ខេ​មេ​រ៉ូ​ន​ប្រមុខ​បក្ស​អភិរក្ស​កន្លងមក​បាន​បញ្ជាក់​កាន់តែច្បាស់​ថា អង់គ្លេស​នឹង​ទាមទារ​ចរចា​ជាមួយ​មេដឹកនាំ​អឺរ៉ុប។បើ​ចរចា​បរាជ័យ ដំណើរ​ឈានទៅ​ធ្វើ​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នឹង​ជា​ផែនការ​បន្ទាប់។ ប៉ុន្តែ​សហភាព​អឺរ៉ុប​ត្រូវ​ដោះស្រាយ​តាម​ការទាមទារ​របស់​ចក្រភព​អង់គ្លេស បើ​អឺរ៉ុប​ចង់​ឲ្យ​អង់គ្លេស​នៅ​ជា​ផ្នែក​របស់ខ្លួន​ទៀត។ បច្ចុប្បន្ននេះ​បារាំង​និង​អាឡឺម៉ង់​កំពុង​ស្វះ​ស្វែងរក​ពេល​ជជែក​ពិភាក្សាគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​និង​បញ្ហា​អនាគត​សហភាព​អឺរ៉ុប និង​ទប់​កុំ​ឲ្យ​អង់គ្លេស​ដើរចេញ។ អឺរ៉ុប​ចាំបាច់​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិតដល់ ព្រោះ​ចក្រភព​អង់គ្លេស​សំខាន់​សម្រាប់​អនាគត​សហភាព​អឺរ៉ុប មិនមែន​ដូច​ប្រទេស​ក្រិ​ក​ឡើយ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ​ផល​និស្ស័យ៖



ក្រោយគណបក្ស​អភិរក្ស​ជាប់ឆ្នោត​នៅ​អង់គ្លេស​កាលពីថ្មីៗកន្លងទៅនេះ គេ​ឃើញថា លទ្ធភាព​នៃ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​កាន់តែ​កើនឡើង​ខ្លាំង។ ចំណែក​លោក ដេវីដ ខេ​មេ​រ៉ូ​ន ដែលជា​អ្នក​តវ៉ា​ទាមទារ​ការកែទម្រង់​សហភាព​អឺរ៉ុប​និង​គំរាម​ធ្វើ​ប្រជាមតិ​ទូទាំងប្រទេស​ដើម្បី​កំណត់​ជោគវាសនា​ចក្រភព​អង់គ្លេស បន្ត​ក្តាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការបោះឆ្នោត​ដដែល។ក្រោយ​ជាប់ឆ្នោត​ជាថ្មី​ភ្លាម លោក ខេ​មេ​រ៉ូ​ន បាន​អះអាងថា​លោក​នឹង​ត្រលប់​ទៅ​ចរចា​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ផ្សេងទៀត​ជាពិសេស​បារាំង​និង​អាឡឺម៉ង់​ពី​ទំនាក់ទំនង​រវាង​អង់គ្លេស​និង​សហភាព​អឺរ៉ុប ដើម្បី​ត្រួស​ត្រាយផ្លូវ​ជូន​រដ្ឋាភិបាល​លោក​រៀបចំ​ប្រជាមតិ​មួយ​នៅ​ចុងឆ្នាំ ២០១៧ ខាងមុខ។

១. អង់គ្លេស​ចង់បាន​អ្វី​ឲ្យ​ប្រាកដ​ពី​អឺរ៉ុប?
តាមពិតទៅ​រដ្ឋ​ភិ​បាល​ចក្រភព​អង់គ្លេស​របស់លោក ខេ​មេ​រ៉ូ​ន យក​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ឧបករណ៍​សម្រាប់​គំរាម​មេដឹកនាំ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ។ អង់គ្លេស​ខ្លួនឯង​ដឹង​ច្បាស់​ពី​បញ្ហា​ប្រឈម​ដែល​ខ្លួន​នឹងត្រូវ​ដោះស្រាយ​កាលណា​បើ​ខ្លួន​ក្អេងក្អាង​ចិត្តសឿង​ហ៊ាន​ចាក​ចេញពី​សហភាព​អឺរ៉ុប។ បើតាម​បំណង​របស់​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ អង់គ្លេស​ចង់​ប្រើ​លេស​នេះ​បង្ខំ​ឲ្យ​សភា​អឺរ៉ុប​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​មិន​ពេញចិត្ត​តែ​ប៉ុ​ណោះ។ បញ្ហា​មួយចំនួន​ដែល​អង់គ្លេស​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ដោះស្រាយ​ឲ្យ​ខ្លួន។ ទីមួយ​អង់គ្លេស​ចង់​ឲ្យ​អឺរ៉ុប​កែប្រែ​សន្ធិសញ្ញា​ពាក់ព័ន្ធ​និង​គ្រប់គ្រង​សេរីភាព​នៃ​ការដើរ​ហើរ​របស់​ប្រជាជន​ក្នុង​សហភាព​អឺរ៉ុប។ រឿងនេះ​គឺ​អង់គ្លេស​ខឹងសម្បារ​រឿង​ជនអន្តោប្រវេសន៍ និង​អ្នក​ចំនូលស្រុកថ្មីៗចេញពី​អឺរ៉ុប​ខាងកើត​ដែល​បន្ត​ពពាក់ពពូន​គ្នា​មក​រស់នៅ​ក្នុងប្រទេស​អង់គ្លេស។ ការកើនឡើង​នេះ​ប៉ះពាល់​ដល់​ប្រជាជន​អង់គ្លេស​ដែល​អាច​ប្រឈមមុខ​នឹង​ការបាត់បង់​ទីផ្សារការងារ​ផង។ ចំណុច​បន្ទាប់​អង់គ្លេស​ចង់​ទាមទារ​មានការ​បែងចែក​អំណាច​ឡើងវិញ​ក្នុង​ស្ថាប័ន​ក្រុង​ប្រ៊ុ​យ​សែ​ល។ ចំណុច​មួយទៀត​គឺ អង់គ្លេស​ទាមទារ​ឲ្យ​អឺរ៉ុប​កែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ដែល​អនុញ្ញាតអោយ​សភាជាតិ​អង់គ្លេស​ទប់ស្កាត់​មិន​អនុវត្ត​ច្បាប់​សម្រេច​ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ​សហភាព​អឺរ៉ុប។ ចំណុច​មួយទៀត អង់គ្លេស​មិន​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ប្រឹងប្រែង​បន្ត​ក្នុងការ​ជំរុញអោយមាន​សមាហរណកម្ម​រវាង​រដ្ឋ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​និង​រដ្ឋ​មិន​ស្ថិតក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ដើម្បី​ធានា​ពី​និរន្តរភាព​នៃ​សហភាព​អឺរ៉ុប។  លោក ខេ​មេ​រ៉ូ​ន អះអាង​ថាបើ​អឺរ៉ុប​ព្រម​កែ​តាម​អ្វីដែល​ខ្លួន​ចង់បាន​ខ្លួន​មិន​បន្ត​ឈានទៅ​រៀបចំ​ប្រជាមតិ សម្រេច​ថា​គួរ​ចេញ ឬក៏​បន្ត​នៅ​ជាមួយ​សហភាព​អឺរ៉ុប​ទៀតឡើយ។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា សំណើរ​របស់​អង់គ្លេស​ផ្ទុយ​ពី​គោលបំណង​របស់​អឺរ៉ុប​ជាពិសេស​បារាំង​និង​អាឡឺម៉ង់់។

២.អនាគត​សហភាព​អឺរ៉ុប​បែបណា ព្រោះ​អង់គ្លេស​មិនមែនជា​ប្រទេស​ក្រិ​ក?
ជោគវាសនា​នៃ​សហភាព​អឹ​រ៉ុ​ប​ក្រោយ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ជា​រឿង​ដែល​គេ​ពិបាក​ស្មាន​ដល់។ អឺរ៉ុប​បែកខ្ញែក​គ្នា​វា​ប្រាកដថា សហភាព​អឺរ៉ុប​ទន់ខ្សោយ ហើយ​អង់គ្លេស​មិនមែនជា​រដ្ឋ​អន់​ខ្សោយ​ឯណា ដូច​ក្រិ​ក​ឯណា។ ក្នុងចំណោម​ប្រទេស​ទាំង២៨អង់គ្លេស​មាន​ចំណែក ១៥ភាគរយ​នៃ​សេដ្ឋកិច្ច​អឺរ៉ុប ខណៈពេលដែល​ក្រិ​កមាន​ត្រឹម​ប្រហែល១.៣ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ អឺរ៉ុប​នៅមាន​ពេល​ដើម្បី​ដោះស្រាយ​បញ្ហា​អង់គ្លេស ដើម្បី​ធានាថា អង់គ្លេស​មិន​ចាក​ចេញពី​ជម្រក​ដែល​ធ្លាប់​ជ្រក​រួមគ្នា​អស់​ច្រើន​ទសវត្ស។ ប៉ុន្តែ បើតាម​សំណើរ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស ចំណុច​ខ្លួន​ទាមទារ​នៅ​ស្រពេចស្រពិល និង​ផ្ទុយ​ពី​គោលជំហរ​របស់​អឺរ៉ុប​ខ្លាំងពេក។ ត្រូវ​ចាំ​ថា ចំណុច​គ្រឹះ​បួន​របស់​សហភាព​អឺរ៉ុប សេរីភាព​បម្លាស់​ទី សេរីភាព​ដើរហើរ​របស់​មនុស្ស ទំនិញ និង​សេវាកម្ម ដូច្នេះ​រឿង​កែប្រែ​ចំណុច​ទាំងនោះ​មិន​ងាយ​ទៅរួច​ទេ។ នៅ​សប្តាហ៍​ក្រោយនេះ មេដឹកនាំ​អឺរ៉ុប​ប្រធានាធិបតី​បារាំង​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អធិការបតី​អាឡឺម៉ង់ អែន​ជែ​ឡា​មឺ​ហ្កែ​ល និង​ការចូល​រួមជាមួយ​ប្រធាន​គណកម្មការ​អឺរ៉ុប​ផង​គឺ​លោក ហ្ស​ង់​ក្លូ ចាំង​ហ្កឺ ដើម្បី​ជជែក​គ្នា​ជុំវិញរឿង​អនាគត​សហភាព​អឺរ៉ុប ជាពិសេស​បញ្ចប់​ការជជែក​គ្នា​លើ​គម្រោង​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការបន្ត​បង្កើន​ការធ្វើ​សមា​រណកម្ម​ក្នុងចំណោម​រដ្ឋ​ទាំងអស់​សហភាព​អឺរ៉ុប។ ក្នុង​កិច្ចប្រជុំ នេះ​មេដឹកនាំ​ខាងលើ​ក៏​ប្រហែលជា​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិតដល់ ដើម្បី​ការពារ​មិន​ឲ្យ​សហភាព​អឺរ៉ុប​ជួប​វិបត្តិ។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ផែនការ​នេះ​ជា​អ្វីដែល​លោក ខេ​មេ​រ៉ូ​ន​ជំទាស់។ ម្យ៉ាង​អឺរ៉ុប​បច្ចុប្បន្ន​ហាក់​មិនទាន់​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​អង់គ្លេស​ឡើយ ពួកគេ​កំពុង​រវល់ និង​វិលមុខ​ដោះស្រាយ​បញ្ហា​ក្រិ​ក​ឯណោះ។

៣. អង់គ្លេស​ត្រៀមខ្លួន​កម្រិតណា​ដើម្បី​ចាកចេញ​ពី​អឺរ៉ុប?
មកទល់ពេលនេះ អង់គ្លេស​ហាក់​ចិត្ត​មិនសូវ​សឿង​ដូច​មាត់​ខ្លួន​និយាយ​ឡើយ។ ថ្វី​ត្បិត​ថា រដ្ឋាភិបាល​លោក ខេ​មេ​រ៉ូ​ន​ស្រែក​ក្តែ​ង​រឿង​ធ្វើ​ប្រជាមតិ​នាពេលខាងមុខ បើ​អឺរ៉ុប​មិន​ស្តាប់​ការចង់បាន​របស់ខ្លួន​ក៏ពិតមែន តែ​មិនមែន​រាល់​ប្រជាជន​អង់គ្លេស​គាំទ្រ​គោលនយោបាយ​លោក​ខេ​មេ​រ៉ូ​ន។ សូម្បីតែ​អ្នកនយោបាយ​ក្នុង​បក្ស​អភិរក្ស​នេះ ក៏​មិនទាន់​ស្រុះស្រួល​គ្នា​នៅឡើយ​ដែរ​ក្នុងការ​រៀបចំ​ពី​គោលជំហរ និង​ការទាមទារ​របស់ខ្លួន​ពី​សហភាព​អឺរ៉ុប។ បើ​ទារ​អ្វីដែល​ខ្លួន​ចង់បាន​មិនបាន​ទេ អង់គ្លេស​ប្រក​ដ​ជា​នឹងត្រូវ​បង្ខំចិត្ត​ធ្វើ​ប្រជាមតិ ប៉ុន្តែ​រឿង​បានទទួល​សំឡេងគាំទ្រ​គ្រប់​ល្មម​អាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​នោះ​ជា​រឿង​ពិបាក។ ប្រជាជន​អង់គ្លេស​ពិតជា​មិន​ពេញ​ចិត្តនឹង​លំហូរ​ប្រជាជន​ថ្មី​ចូលមកក្នុង​ទឹកដី​ខ្លួន​មែន ប៉ុន្តែ​ពួកគេ​ក៏​ឃើញ​ពី​ប្រយោជន៍​ដែល​ពួកគេ​អាច​រកបាន​ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប​ដូចគ្នា។ ចំណែក​អ្នកជំនួញ អ្នកវិនិយោគ​វិញ ប្រាកដ​ណាស់​ថា ពួកគេ​ជំទាស់​ដាច់​ខា​ចការ​ចាក​ចេញពី​សហភាព​អឺរ៉ុប៕


© រក្សាសិទ្ធិដោយ thmeythmey.com