ជាតិ
សង្គមជាតិ
តម្លាភាពកម្ពុជា៖ អំពើពុករលួយនៅតែមានក្នុងវិស័យធុរកិច្ច
×
ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា លោក ឱក សេរីសោភក្ដិ៍ បញ្ជាក់ថា អំពើពុករលួយនៅក្នុងវិស័យធុរកិច្ចនៅតែកើតមានឡើង ខណៈដែលអាជីករមួយចំនួននៅមិនទាន់យល់ដឹងពីផលប៉ះពាល់នៃអំពើពុករលួយ។ លោក ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម បានបដិសេធថា ក្រសួងពាណិជ្ជកម្មមិនប្រព្រឹត្តិខុស ដូចការលើកឡើងនោះទេ។ ហើយក្រសួងពាណិជ្ជកម្មក៏កំពុងកំណែទម្រង់ថ្មី ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។អង្គការតម្លាភាពកម្ពុជា បានរៀបចំសន្និសីទថ្នាក់ជាតិ ស្ដីពី សុចរិតភាពធុរកិច្ច នៅព្រឹកថ្ងៃទី២៧ ឧសភានេះ នៅសណ្ឋាគារIntercontinental។
លោក ឱក សេរីសោភក្តិ៍ បានពន្យល់ថា កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍នៅប្រទេសកម្ពុជាកំពុងដំណើរការល្អសមរម្យតែបញ្ហាវិស័យរកស៊ីឯកជននៅតែមានបញ្ហាអំពើពុករលួយកើតឡើងដោយមានមន្ត្រីមួយចំនួន នៅតែយកការបង់ថ្លៃសេវាខុសពីតម្លៃដើម ពីអ្នកប្រកបរបរអាជីវកម្ម។ជាមួយគ្នានេះលោកក៏ជំរុញ ឲ្យក្រសួងពាណិជ្ជកម្មរៀបចំទិសដៅកាត់បន្ថយអំពើពុករលួយនេះដែរដើម្បីកំណើនសេដ្ឋកិច្ចជាតិ។
តាមរបាយការណ៍ថ្មី ចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជា បង្ហាញថា«ប្រាក់ទឹកតែ» ជាបញ្ហាមួយមិនអាចចៀសរួចសម្រាប់សហគ្រាសធន តូច និងមធ្យមនៅប្រទេសកម្ពុជា។ របាយការណ៍នោះបង្ហាញថា នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅសហគ្រាសធនតូច និងមធ្យមជាង១០០ មិនសូវយល់ដឹងពីសុចរិតភាពអាជីវកម្មទេ ហើយក៏គ្មានវិធីណាជាងការងាកទៅរក ការសូកប៉ាន់ដើម្បីទ្រទង់អាជីវកម្មរបស់ពួកគេ។
របាយការណ៍បានបន្ដថា រដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់និងបទប្បញ្ញត្តិជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ប៉ុន្ដែការអនុវត្តច្បាប់នៅមានកម្រិតទាបនៅឡើយ។ អ្នកដែលត្រូវបានសម្ភាសជាច្រើន មានការយល់ដឹងតិចតួចអំពីការអនុវត្តច្បាប់នេះ។
ជុំវិញបញ្ហានេះលោក ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម បានបដិសេធថាមូលហេតុដែលអ្នកប្រកបអាជីវកម្មទាំងនោះបង់ថ្លៃខុសតម្លៃដើម ឬសូកប៉ាន់នោះ គឺអាចបណ្ដាលមកពីពួកគេពឹងពាក់អ្នកដទៃឲ្យរត់ឯកសារជូនពួកគេ ដោយបង់តម្លៃសេវាក្រៅផ្លូវការ នៅពេលចុះបញ្ជីនៅក្រសួងមហាពាណិជ្ជកម្មដោយខ្លួនឯងទេ។ ប្រធាននាយកដ្ឋានរូបនេះអះអាងថា ក្រសួងពាណិជ្ជកម្មរបស់លោក មានការបិទផ្សាយតម្លៃសេវាយ៉ាងត្រឹមត្រូវ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពីតម្លៃដើម «អ្នកដែលបើកក្រុមហ៊ុនគាត់អត់ទៅក្រសួងខ្លួនឯង ហើយគាត់ទៅពឹងគេ គេអ្នកយកលុយហ្នឹងអ្នកផ្សេងទេ អ៊ីចឹងគាត់អត់ដែរមកក្រសួងពាណិជ្ជកម្មផង ហើយគាត់ថាអស់ប៉ុណ្ណឹងបើកក្រុមហ៊ុន តាមពិតគាត់អត់បានមកទទួលសេវាពីក្រសួងពាណិជ្ជកម្មផង »។ នេះជាការបញ្ជាក់របស់លោក ឱម តារាឫទ្ធិ។
ទន្ទឹមនឹងនេះលោក ឱម តារាឫទ្ធិ ក៍បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មកំពុងកំណែទម្រង់ថ្មីនៃការរៀបចំចុះបញ្ជីពាណិជ្ជកម្មតាមបែបអេឡិចត្រូនិច ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ ពោលគឺបានន័យថា ការចុះបញ្ជីក្រុមហ៊ុនប្រជាពលរដ្ឋអាចចុះតាមអនឡាញ វេបសាយរបស់ក្រសួង និងការបង់ថ្លៃសេវាតាមកុងធនាគារ ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យធុរកិច្ចនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com