អន្តរជាតិ
សម្ដេច Pope Francis ៖ ខ្ញុំ​មិនដែល​បាន​មើល​ទូរទស្សន៍​តាំងពី​ឆ្នាំ ១៩៩០ មក​ម្លេះ
27, May 2015 , 7:59 pm        
រូបភាព
ដោយ:

នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​អា​ហ្ស​ង់​ទីន សម្ដេច​សង្ឃ​កាតូលិក Pope Francis បាន​បង្ហើប​ឲ្យ​ដឹងថា ព្រះអង្គ​មិនដែល​បាន​មើល​ទូរទស្សន៍​អស់​រយៈពេល ២៥ ឆ្នាំ​មកហើយ​ពោលគឺ​ចាប់តាំងពី​ឆ្នាំ ១៩៩០ មក​ម្លេះ។ នេះ​បើ​យោងតាម​កាសែត New York Daily News ។



កាសែត​ខាងលើ​ក៏បាន​រាយការណ៍​ថា បុព្វ​ជិត​សាសនា​អង្គ​នេះ​បាន​ស្បថ​ថា ព្រះអង្គ​នឹងមិន​បើក​ទូរទស្សន៍​មើល​ជាដាច់ខាត ចាប់តាំងពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ១៩៩០ ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អា​ហ្ស​ង់​ទីន​នោះ សម្ដេច Pope បាន​បញ្ជាក់ថា គ្មាន​មូលហេតុ​ច្បាស់លាស់​ណាមួយ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ សម្រេចចិត្ត​ឈប់​បើក​ទូរទស្សន៍​មើល​នោះទេ។

ប៉ុន្តែ​នេះ​គឺ​គ្រាន់តែ​ជាការ​ចៃដន្យ​មួយ ក្រោយពេល​បុព្វ​ជិត​សាសនា​ដែលជា​អ្នកគាំទ្រ​បាល់ទាត់​រូបនេះ បាន​បោះ​ទូរទស្សន៍​ចោល​កាលពី​ថ្ងៃអាទិត្យ​ទី១៥ ខែកក្កដា ឆ្នាំ ១៩៩០ បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ជាទី​ស្រលាញ់​របស់គាត់​បា​ន​ចាញ់​ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់ ១ ទល់ ០ ក្នុងការ​ប្រកួត World Cup នៅពេលនោះ។

ទោះជា​យ៉ាងណាក៏ដោយ មកដល់​បច្ចុប្បន្ននេះ​សម្ដេច Pope នៅតែ​ចូលចិត្ត​កីឡាបាល់ទាត់​ដដែល ប៉ុន្តែ​ព្រះអង្គ​ត្រូវ​ពឹង​លើ​អង្គរក្ស​ជនជាតិ​ស្វ៊ី​ស​របស់​ទ្រង់ ដើម្បី​ផ្ដល់​លទ្ធផល​លម្អិត​ពី​លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់ផ្សេងៗ ។

សម្ដេច Pope ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ការមិន​មើល​ទូរទស្សន៍ គឺ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់ពេល​វេលា​សម្រាក​ប្រចាំថ្ងៃ​របស់​ទ្រង់​នោះទេ។ ជា​រៀងរាល់​យប់​សម្ដេច Pope ឡើងលើ​គ្រែ​គេង​នៅ​ម៉ោង ៩ ហើយ​អាន​សៀវភៅ​មួយ​ម៉ោង បន្ទាប់មក​ទ្រង់​នឹង​ចូល​គេង​យ៉ាងយូរបំផុត ត្រឹម​ម៉ោង ១០ យប់ ហើយ​ទ្រង់​នឹង​ក្រោក​ពី​គេង​នៅ​ម៉ោង ៤ ព្រឹក៕



© រក្សាសិទ្ធិដោយ thmeythmey.com