ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖CNRPនៅតែ​រិះគន់ តែ​មិន​ជេរប្រមាថ​ទេ
27, May 2015 , 8:19 pm        
រូបភាព
 
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​បានបញ្ជាក់​ជាថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក នៅតែ​បន្ដ​ការរិះគន់ ទិតៀន​រដ្ឋាភិបាល​ដដែល ខណៈ​រូប​កំពុង​អនុវត្ត​វប្បធម៌​សន្ទនា​ក៏ដោយ ប៉ុន្ដែ​ការរិះគន់​នោះ​មិនមាន​ការជេរប្រមាថ​នោះទេ។



ក្នុង​វីដេអូ​ឃ្លី​បប្រមាណ​ជាង៣នាទី លោក សម រង្ស៊ី ក៏បាន​បញ្ជាក់​ពី​វប្បធម៌​សន្ទនា​ផងដែរ ទៅកាន់​អ្នកគាំទ្រ ដែល​ខ្លះ​មាន​ពាក់អាវ​គាំទ្រ​គណបក្ស​ប្រជាជន​ផង​នោះ លោក សម រង្ស៊ី បាន​ពន្យល់ថា​ការជេរប្រមាថ ការប្រើ​ពាក្យ​មិន​សមរម្យ គឺ​នាំ​ឲ្យ​មាន​ការខឹង ដែល​នាំមក​នៅ​អំពើហិង្សា និង​ការគំរាមកំហែង ចាប់​ដាក់ពន្ធនាគារ​ប៉ុណ្ណោះ ។

ថ្លែង​ក្នុង​វេទិការ​សាធារណៈ នៅ​ក្រុង​lowell រដ្ឋ​Massachusetts កាលពី​ថ្ងៃទី២៤ ខែឧសភា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ដៃគូរ​សន្ទនា​ជាមួយ​រដ្ឋាភិបាល​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«វប្បធម៌​សន្ទនា​នេះ​មិនមែន​ថា យើង​ឈប់​តវ៉ា យើង​ឈប់​ទិតៀន យើង​ឈប់​រិះគន់​ហើយ អត់​ទេ​បងប្អូន។ វប្បធម៌​សន្ទនា វប្បធម៌​ប្រជាធិបតេយ្យ យើង​ត្រូវមាន​សេរីភាព​តវ៉ា​រិះគន់ ទិតៀន​ដោយ​សេរី ប៉ុន្ដែ​ចៀសវាង​ការប្រើ​ពាក្យ​មិន​សមរម្យ ចៀសវាង​ការជេរប្រមាថ ប្រទេច​បណ្ដាសា ចោទប្រកាន់​ហួសហេតុ វា​ខាត​យើង​ទេ….។ យើង​នៅតែ​និយាយ យើង​នៅតែ​តវ៉ា យើង​នៅតែមាន​សំណើ​ជា​វិជ្ជមាន​ប៉ិន​មិនចាំបាច់​ជេរ​គេ​ដូច​មុន​ទៀត​ទេ»។

កន្លងមក​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប្រាប់​សារព័ត៌មានថ្មីៗថា គណបក្ស​របស់លោក នៅតែ​បើកទូលាយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ក្នុងន័យ ស្ថាបនា ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ប៉ុន្ដែ​ការរិះគន់​នោះ​មិន​ត្រូវមាន​ការជេរប្រមាថ​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com