អន្តរជាតិ
នយោបាយអន្តរជាតិ
ចុងក្រោយរុស្ស៊ីកាត់ចិត្តលះបង់នាវាចម្បាំងបារាំង Mistral
×
រុស្ស៊ីសុខចិត្តបោះបង់ចោលកិច្ចសន្យាទិញលក់នាវាចម្បាំងពីរគ្រឿងទំហំ ១.២ពាន់លានអឺរ៉ូ ក្រោយបារាំងប្តូរចិត្តឈប់លក់នាវារបស់ខ្លួនវិញ។ បើតាមរបាយការណ៍កន្លងមក រដ្ឋាភិបាលបារាំងអាចត្រូវចេញលុយសងរុស្ស៊ីដល់ ៥.៧ពាន់លានដុល្លារអាមេរិក ដោយសារតែលុបចោលកិច្ចសន្យាលក់នាវាដឹកយន្តហោះពីរគ្រឿងទៅឲ្យរុស្ស៊ី។ ការសម្រេចលុបកិច្ចសន្យានេះ ក៏ដោយសារបារាំងរងសម្ពាធពីបញ្ហាដែលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រោយចំណាយពេលសម្រេចចិត្តអស់ជាច្រើនថ្ងៃមកនោះ រុស្ស៊ីកាត់ចិត្តលះបង់ចោលកិច្ចព្រមព្រៀងទិញនាវាពីបារាំងទំហំ ១.២ពាន់លានដុល្លារអាមេរិក។ រុស្ស៊ីបង្ខំចិត្តលះបង់នាវាពីរគ្រឿងដែលបញ្ជាទិញពីបារាំងសម្រាប់ដឹកយន្តហោះនោះ ក្រោយពេលបារាំងផ្លាស់ប្តូរចិត្តឈប់លក់នាវានោះវិញកន្លងមកនេះ។
ដោយសារលុបចោលកិច្ចសន្យាលក់នាវាពីរគ្រឿងទៅរុស្ស៊ី បារាំងប្រហែលត្រូវចំណាយលុយ ៥.៧ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍ថ្មី បារាំងបានលុបចោលកិច្ចសន្យាលក់នាវាដែលខ្លួនចុះជាមួយរុស្ស៊ី ដោយសារតែវត្តមានកងទ័ពរុស្ស៊ី និងការអន្តរាគមន៍របស់រុស្ស៊ីក្នុងបញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនកន្លងមក។
យោងតាមកិច្ចសន្យារវាងភាគីទាំងពីរដែលបានចុះកាលពីឆ្នាំ ២០១១ បារាំងមានកាតព្វកិច្ចបញ្ជូននាវាដឹកឧទ្ធម្ភាគចក្រដំបូងមកឲ្យរុស្ស៊ីនៅចុងឆ្នាំ ២០១៤ និងមួយគ្រឿងទៀតនៅឆ្នាំ ២០១៥នេះ។ ប៉ុន្តែបារាំងមិនបានបំពេញកាតព្វកិច្ចតាមអ្វីដែលមានកំណត់ក្នុងកិច្ចសន្យានេះឡើយ។ បើយោងតាមទស្សនាវដ្តីរបស់បារាំងដែលចុះផ្សាយប៉ុន្មានសប្តាហ៍មុន រដ្ឋាភិបាលបារាំងប្រហែលជាមានកាតព្វកិច្ចត្រូវសងលុយរុស្ស៊ីដែលបង់ឲ្យបារាំងហើយ បូកការចំណាយលើថ្លៃសាងសង់នាវា និងសំណងផ្សេងទៀតរួមបញ្ចូលគ្នារហូតដល់ ៥.៧ពាន់លានដុល្លារអាមេរិកឯណោះ។ ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ ធ្លាប់ថ្លែងថា បើរុស្ស៊ីមិនបានទទួលនាវាចម្បាំងពីរគ្រឿងពីបារាំង លុយរុស្ស៊ីបានបង់ឲ្យបារាំងត្រូវផ្ទេរត្រលប់វិញ។ តាំងពីកិច្ចសន្យាភាគីទាំងពីរបង្កើតោះឡើងមក រុស្ស៊ីបានបង់លុយឲ្យបារាំងប្រហែល ៩៨០លានអឺរ៉ូ ដែលលុយនេះត្រូវផ្ទេរទៅរុស្ស៊ីវិញ។
យ៉ាងណាក៏ដោយជុំវិញការលុបកិច្ចសន្យាលក់នាវានេះកើតឡើង ក្រោយពេលដែលប្រទេសនេះព្យួរការបញ្ជូននាវាទៅកាន់រុស្ស៊ីកាលពីចុងឆ្នាំមុន ដោយចាំមើលស្ថានការនៅក្នុងប្រទេសអ៊ុយក្រែនសិន។ រដ្ឋាភិបាលបារាំងឈឺក្បាលកាន់តែខ្លាំង ដោយសាររឿងលក់នាវាច្បាំងឲ្យរុស្ស៊ី ព្រោះសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបព្រួតដៃគ្នាដាក់សម្ពាធលើបារាំងបង្ខំមិនឲ្យបារាំងលក់នាវាឲ្យរុស្ស៊ី។
យ៉ាងណាក៏ដោយភាគីបារាំងប្រហែលជាព្យាយាមខ្លាំងដែរដើម្បីពន្យល់ភាគីរុស្ស៊ ពីគោលជំហរនិងមូលហេតុរបស់ខ្លួនដែលលុបកិច្ចសន្យានេះ។ បើតាមច្បាប់ បារាំងមិនអាចលក់នាវាចម្បាំងទាំងនេះទៅឲ្យភាគីណាផ្សេងទៀតឡើយ បើរុស្ស៊ីមិនអនុញ្ញាតឲ្យលក់។ ប៉ុន្តែបញ្ហាសំខាន់នាពេលបច្ចុប្បន្ននេះ គឺ បារាំងមិនដឹងជានឹងលក់ឲ្យអ្នកណាជំនួសរុស្ស៊ីឡើយ ហើយបារាំងមិនអាចយកនាវាទាំងនោះមកប្រើប្រាស់បានឡើយ ព្រោះនាវាផលិតឡើងតម្រូវការប្រើប្រាស់ក្នុងក្របខណ្ឌវិស័យការពារជាតិរុស្ស៊ីប៉ុណ្ណោះ។ ដោយឡែកក្រោយបារាំងប្រកាសឈប់លក់នាវាឲ្យរុស្ស៊ី បណ្តាប្រទេសសមាជិកបក្សសម្ព័ន្ធយោធាណាតូ បង្ហាញចំណាប់អារម្មណ៍ចង់ទិញនាវាចម្បាំងរបស់បារាំង ក្រោយពេលបារាំងឈប់លក់នាវានេះអោយរុស្ស៊ី។
© រក្សាសិទ្ធិដោយ thmeythmey.com