កីឡាជាតិ
ល្ងាចនេះជម្រើសជាតិ ប៉ះ African Selection Team មុនជួបឡាវដើមខែក្រោយ
× ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈុតជម្រុះ FIFA World Cup នឹងប្រកួតមិត្តភាពជាមួយក្រុមកីឡាករមកពីទ្វីបអាហ្វ្រិចដែលលេងនៅលីកកម្ពុជា (African Selection Team) នៅវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៥ នេះនៅទីលានស្មៅសប្បនិមិត្តពហុកីឡដ្ឋានជាតិ។
លោកគ្រូបង្គោលបណ្ដោះអាសន្នជនជាតិជប៉ុន Ohara Kazunori នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិឡាវ លើវាលស្មៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី ២ ខែ មិថុនា ផងដែរ មុនចេញដំណើរទៅប្រកួតមិត្តភាពអន្តរជាតិចុងក្រោយនៅប្រទេសថៃ ប៉ះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៥។
ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ប្រកួតឈ្នះក្រុម Tiger Cambodia (អតីតត្រាយអាស៊ីភ្នំពេញ) កាលពីថ្ងៃទី ៩ ខែ ឧសភា នៅទីលានរបស់ក្រុមវេស្ទើន ម្ដុំទួលគោក ដោយលទ្ធផល ២ ទល់ ១ ហើយនៅថ្ងៃទី ១៣ ខែ ឧសភា ក្រុមកម្ពុជា ប្រកួតចាញ់ក្រុមជើងឯក Hun Sen Cup 2015 ខេត្តស្វាយរៀង ៣ ទល់ ០ នៅមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី។ នៅថ្ងៃទី ១៧ ខែ ឧសភា ប្រកួតឈ្នះក្រុម Japan Seletion Team ដោយលទ្ធផល ៤ ទល់ ១ តែប្រកួតស្មើឈុត U23 ដោយលទ្ធផល ២ ទល់ ២ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥។
សម្រាប់ប្រកួតផ្លូវការវិញ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលភ្ញៀវក្រុមសិង្ហបុរី ក្នុងការប្រកួតបើកឆាកពានរង្វាន់ 2018 FIFA World Cup Russia ក្នុងពូល E នៅថ្ងៃទី ១១ ខែ មិថុនា និងបន្តធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមអាហ្វហ្គានីស្ថាន នៅ ៤ ថ្ងៃបន្ទាប់ពោលគឺចំថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com