ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខុមហ្វ្រែល៖ ការចុះ​មូលដ្ឋាន​របស់​អ្នកតំណាងរាស្ត្រ​មួយចំនួនធំ គឺ​ទៅ​ពង្រឹង​ផ្ទៃក្នុង​បក្ស
28, May 2015 , 8:59 pm        
រូបភាព
ដោយ:
 តាមរយៈ​ការប្រមូល​ព័ត៌មាន​របស់​អង្គការ​ខុមហ្វ្រែល តំណាងរាស្ត្រ​ដែលមាន អាសនៈ​ក្នុង រដ្ឋសភា​ចំនួន៩៦រូប ចំណោម ១២៣រូប បាន​ចុះ​ធ្វើ​ការងារ​មូលដ្ឋាន ចំនួន ១២៧៤លើក ក្នុងនោះ​រួមមាន សកម្មភាព​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន ៦៦៤លើក និង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ចំនួន ៦១០លើក ។ នេះ​បើតាម របាយការណ៍​សង្កេតរ​ដ្ឋ​សភា និង​តំណាងរាស្ត្រ​នីតិកាល​ទី៥ ចាប់ពី​ខែកញ្ញា ២០១៣ ដល់​ខែតុលា ឆ្នាំ២០១៤។



ដើម​នីតិកាល​ទី៥នេះ CPP ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន ៦៨រូប ខុម​ហ្រែ្វ​ល​សង្កេត ឃើញ​មាន​តំណាងរាស្ត្រ​ចំនួន ៥០រូប បាន​ចុះ​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​បាន​ចំនួន ៦១០លើក គិត​ជា​មធ្យម​តំណាងរាស្ត្រ១រូប ចុះ​មូលដ្ឋាន​បាន​ចំនួន ១២លើក។ ដោយឡែក​ចំពោះ​CNRP ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន ៥៥រូប​វិញ តំណាងរាស្ត្រ​ចំនួន ៤៦រូប បាន​ចុះ​ធ្វើ​សកម្មភាព​មូលដ្ឋាន​របស់គេ​ចំនួន ៦៦៤លើក គិត​ជា​មធ្យម​តំណាងរាស្ត្រ១ រូប ចុះ​ធ្វើ​សកម្មភាព​ការងារ​ក្នុង​មូលដ្ឋាន​បាន​ចំនួន ១៤លើក។

មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​អង្កេត​ខុមហ្វ្រែល លោក កន សាវា​ង្ស បាន​និយាយថា ក្នុងចំណោម​សកម្ម​ភាពចុះ​មូល​ដ្ឋា​នា​សរុប​ទាំងអស់ ១២៧៤លើក តំណាងរាស្ត្រ​CPP និង​CNRP បានធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ចំនួន៥ រួមមាន ការចុះពង្រឹង​បណ្តាញ​ផ្ទៃក្នុង​បក្ស ចុះសួរសុខទុក្ខ​ប្រជាជន ចុះ​អមដំណើរ​ថ្នាក់ដឹកនាំ និង​ការ​ចុះជួយ​ដោះស្រាយ​បញ្ហា នានា​ក្នុង​មូលដ្ឋាន។

បើតាម​មន្ត្រី​អង្កេត​ខុមហ្វ្រែល ការចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ CPP គឺ​បាន​ផ្តោតលើ​ការចុះ សំណេះសំណាល​សួរសុខទុក្ខ​ពលរដ្ឋ និង​សម្ពោធ​សមិទ្ធិផល​នានា​បាន​ចំនួន៣៥៩លើក និង​អមដំណើរ​ថ្នាក់ដឹកនាំ​បាន​ចំនួន ១៦៨លើក។ ហើយ​ថា ការចុះពង្រឹង​ផ្ទៃក្នុង​គណបក្ស ចំនួន ៥៧លើក ចូលរួម​វេទិកាសាធារណៈ​ចំនួន៥លើក និង​ដោះស្រាយ​បញ្ហា​នានា ចំនួន២១លើក។ ចំពោះ​តំណាងរាស្ត្រ CNRP គឺ​បាន​ផ្តោតលើ​ការចុះ សំណេះសំណាល​សួរ សុខទុក្ខ​ពលរដ្ឋ និង​ចែក​អំណោយ​ចំនួន៣៤៨លើក និង​គោលបំណង​ទី២ CNRP បាន​ផ្តោតទៅលើ​ការចុះពង្រឹង​ផ្ទៃក្នុង​គណបក្ស​បាន​ចំនួន២០៩លើក និង​អមដំណើរ​ថ្នាក់ ដឹកនាំ​គណបក្ស​ចំនួន៧៧លើក។

ព័ត៌មាន​អំពី​ការចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​នេះ អ្នកសង្កេតការណ៍​ខុមហ្វ្រែល​បាន​ប្រមូល ពី​ការិយាល័យ​តំណាងរាស្ត្រ​ទូទាំងប្រទេស ពី​ទីស្នាក់ការ​គណបក្ស ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ទោះជា​យ៉ាងណា លោក កន សាវា​ង្ស បាន​និយាយថា របាយការណ៍​ការចុះ​ក្នុង​មូលដ្ឋាន​ទាំង​CPP និង​CNRP នេះ អាច​តិចជាង​ចំនួន​ចុះ​ជាក់ស្តែង ដោយ​លោក​លើកឡើងថា៖«ការចុះ មូលដ្ឋាន​របស់​អ្នកតំណាងរាស្ត្រ​ភាគច្រើន គឺ​មិន​បានផ្តល់​សកម្មភាព​ព័ត៌មាន​ជាក់លាក់ ទៅ​ឲ្យ​មន្ត្រី​ការិយាល័យ​តំណាងរាស្ត្រ​នៅតាម​មណ្ឌល​នោះទេ»៕


© រក្សាសិទ្ធិដោយ thmeythmey.com