ជាតិ
GMAC ប្ដេជ្ញា​លុបបំបាត់​ពលកម្ម​កុមារ​ឲ្យ​អស់ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា
29, May 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្ដេជ្ញាចិត្ត​អនុលោម​តាមច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​ឲ្យ​អស់ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។ ហើយ​សមាជិក​GMAC ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ដល់​ការគោរព​ច្បាប់។



លិខិត​ចុះផ្សាយ​របស់ GMAC ចុះ​នៅ​ថ្ងៃទី២៨ ឧសភា បាន​បញ្ជាក់ថា ក្នុងករណី​រកឃើញ​ក​ម្មករ​មិនទាន់​គ្រប់​អាយុ​ធ្វើការ កម្មក​នោះ​ត្រូវយក​ចេញពី​រោងចក្រ ហើយ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សមស្រប​ណាមួយ។ ហើយ​រោងចក្រ​នឹង​ចេញថ្លៃ​ចំណាយ​សម្រាប់​ការបណ្ដុះបណ្ដាល ក៏ដូចជា​បន្ដ​ផ្ដល់​ប្រាក់ខែ​រហូតដល់​ពួកគេ​គ្រប់​អាយុ ១៥ឆ្នាំ។ នៅពេល​ពួកគេ​គ្រប់​អាយុ១៥ឆ្នាំ រោងចក្រ​ក៏​នឹង​រក្សា​ឱកាស​ការងារ​សម្រាប់​ពួកគេ បើសិនជា​ពួកគេ​សម្រេច​ចិត​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​វិញ។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បន្ថែមថា ខ្លួន​មាន​មោទនភាព​ក្នុងការ​សហការ​ជាមួយនឹង​អង្គការ​អន្តរជាតិ ដើម្បី​ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ។ ជាមួយគ្នានេះ​GMAC ក៏​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល អង្គការ​ILO សង្គម​ស៊ីវិល និង​កម្មករ​ខ្លួនឯង​ផ្ទាល់ ខិតខំ​រួមគ្នា​លុបបំបាត់​ពលកម្ម​កុមារ ដើម្បី​ធានាថា កុមារ​អាច​បន្ដ​ការសិក្សា​នៅ​សាលារៀន មិនមែន​ចូលមក​ធ្វើការ​នោះទេ។

កាលពី​ឆ្នាំ២០១៤ការត្រួតពិនិត្យ​របស់​អង្គការ ILO បាន​រកឃើញថា កម្មករ​មិនទាន់​គ្រប់​អាយុ​មាន​ចំនួន៣៤នាក់ នៅក្នុង​រោងចក្រ​ចំនួន១៥កន្លែង ដែល​បាន​ធ្លាក់ចុះ​ពី៦៥នាក់ នៅក្នុង​រោងចក្រ​ចំនួន២៤កន្លែង កាលពី​ឆ្នាំ២០១៥។ នៅក្នុង​ករណី​ភាគច្រើន កម្មករ​ទាំងនោះ​បាន​កុ​ហុ​ស​តាមរយៈ​ការប្រើប្រាស់​ឯកសារ​ក្លែងបន្លំ ឬ​គូស​លុប​ប្ដូរ ឬ​ក្លែង​ជា​អ្នកដទៃ ដែលមាន​អាយុ​ច្រើនជាង​ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ទទួលបាន​ការ​ងារ​ធ្វើ។ ពួកគេ​ធ្វើយ៉ាងណា ត្រូវ​រកប្រាក់​ចំណូល​ដើម្បី​ជួយ​គ្រួសារ។

ពិភពលោក​នឹង​ប្រារព្វ​ទិវា​កុមារ​អន្តរជាតិ នៅ​ថ្ងៃទី១ មិថុនា ហើយ​នៅ​ថ្ងៃទី១២ មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដើម្បី​លើកកម្ពស់ ការយល់ដឹង​អំពី​កុមារ​ប្រមាណ​ជា១២០លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុងតែ​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ៕


© រក្សាសិទ្ធិដោយ thmeythmey.com