ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍ដាក់ចេញនូវគម្រោង «ស្តង់ដាផ្ទះស្នាក់» សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ
× ស្តង់ដាផ្ទះស្នាក់កម្ពុជា គឺជាសេវាកម្មផ្ទះស្នាក់ ក្នុងវិស័យទេសចរណ៍មួយប្រភេទដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ ដើម្បីផ្តល់កន្លែងស្នាក់នៅជាលក្ខណៈគ្រួសារ តាមសហគមន៍ ជនបទនិងទីក្រុង ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ក្រសួងទេសចរណ៍ បានរៀបចំឡើងនូវ ស្តង់ដាផ្ទះស្នាក់ ដើម្បីពង្រឹងគុណភាពសេវាកម្មផ្ទះស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់នូវសេវាកម្មគុណភាពខ្ពស់ និងភាពកក់ក្តៅដល់ភ្លៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ការអនុវត្តស្តង់ដាផ្ទះស្នាក់នេះ គឺមានគោលបំណងទទួលបានប្រាក់ចំណួលបន្ថែមដល់សហគមន៍ និងម្ចាស់ផ្ទះស្នាក់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់វប្បធម៌ ប្រពៃណី អត្តសញ្ញាណ និងរបៀបរបបរស់នៅរបស់ប្រជាសហគមន៍ ប្រជាកសិករ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះស្នាក់ទូទាំងប្រទេសកម្ពុជា។
ការរៀបចំស្តង់ដាផ្ទះស្នាក់នេះ មានបីប្រភេទ គឺ ១. ផ្ទះស្នាក់សហគមន៍ ដែលបម្រើដល់សកម្មភាពទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍។ ២. ផ្ទះស្នាក់ជនបទ ដែលបម្រើដល់សកម្មភាពទេសចរណ៍ជនបទ ពិសេសគឺទេសចរណ៍ខាងវិស័យកសិកម្ម។ ៣. ផ្ទះស្នាក់ទីក្រុង ដែលបម្រើដល់សកម្មភាពទេសចរណ៍ស្មគ្រចិត្ត ទេសចរណ៍យុវវ័យ និងទេសចរណ៍ទីក្រុង។
ដើម្បីជំរុញការអនុវត្តស្តង់ដាផ្ទះស្នាក់ ក្រសួងទេសចរណ៍គ្រោងនឹងដាក់ចេញនូវ យុទ្ធនាការផ្ទះខ្មែរ ក្នុងគោលបំណងជំរុញឲ្យមានការរៀបចំសេវាកម្មផ្ទះស្នាក់ ឲ្យកាត់តែទូលំទូលាយ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com