កីឡាជាតិ
ជាតិ
ទ្រីយ៉ាត្លុងកម្ពុជាមិនហ៊ានរំពឹងខ្ពស់ ប៉ុន្តែនឹងខំប្រឹងប្រែងនាឱកាសបង្ហាញខ្លួនលើកដំបូង ពីឆ្វេងទៅស្តាំ៖ កីឡាករ ចេង ចាន់តារា លោក ងិន សុបញ្ញា អ្នកស្រី សូ រ៉ាន់ដេត និងកីឡាករ នាង ពេជ្រពិសិដ្ឋ
× សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បញ្ជូនកីឡាករ២នាក់ គឺ ចេង ចាន់តារា និង នាង ពេជ្រពិសិដ្ឋ ឲ្យទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូង ដោយមានអ្នកស្រី សូ រ៉ាន់ដេត ជាគ្រូបង្វឹក។ សម្រាប់ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដំណើរទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសសឹង្ហបុរីនេះ គឺជាដំណាក់កាលនៃការបង្ហាញវត្តមានក្នុងតំបន់របស់កីឡាទ្រីយ៉ាត្លុងកម្ពុជា ដូច្នេះលោកមិនហ៊ានដាក់ក្តីរំពឹងខ្ពស់ថា ទទួលបានមេដាយកម្រិតណានោះឡើយ។
ទ្រីយ៉ាត្លុងដែលបណ្តុំដោយការប្រកួតប្រជែងលើកីឡាបីប្រភេទ (ហែលទឹក១៥០០ម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់ប្រណាំង១០គីឡូម៉ែត្រ) ស្ថិតក្នុងចំណោមកីឡា៣៦ប្រភេទដែលម្ចាស់ផ្ទះសិង្ហបុរីដាក់ឲ្យប្រកួតប្រជែងដណ្តើមយកមេដាយ ដែលក្នុងមានវិញ្ញាសាផ្នែកបុរស និងផ្នែកនារី។
«ដោយសារតែយើងមិនមានធនធានកីឡាការិនីប្រកបដោយសក្តានុពលនោះ យើងសម្រេចបញ្ចូលតែកីឡាករ២នាក់ឲ្យចូលរួម»។ នេះជាការអះអាងរបស់លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ លោកបានបញ្ជាក់ថា កីឡាករ ចេង ចាន់តារា និង នាង ពេជ្រពិសិដ្ឋ គឺជាកីឡាករដែលមានស្នាដៃល្អក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ហើយត្រូវបានជ្រើសរើសចេញពីក្នុងចំណោមកីឡាករ៤នាក់ដែលបានប្រមូលផ្តុំហ្វឹកហាត់ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងភាពលេចធ្លោនាអំឡុងពេលហ្វឹកហាត់នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ រយៈពេល១ខែ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅមុនការចេញទៅចូលរួមកីឡាស៊ីហ្គេម កីឡាករ ចេង ចាន់ដារ៉ា ដណ្ដើមបានមេដាយសំរឹទ្ធ១ពីព្រឹត្តិការណ៍ប្រកួតពាន រង្វាន់ទ្រីយ៉ាត្លុងអន្តរជាតិ LMP international Triathlon Championship 2015 នៅប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែ មីនា។
សម្រាប់វិញ្ញាសាផ្នែកបុរសដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅតំបន់ East Coast Park កីឡាករកម្ពុជា ចេង ចាន់តារា និង នាង ពេជ្រពិសិដ្ឋ ត្រូវប្រកួតប្រជែងជាមួយកីឡាករជើងខ្លាំងមកពី៥ប្រទេសផ្សេងទៀត ដោយមាន ម៉ាឡេស៊ី២នាក់ (Lee CheinWernនិងSHINOZUKA Rikigoro) មីយ៉ាន់ម៉ារ២នាក់ (AUNG KyawHtetនិងNAING Ye Wint) ហ្វីលីពីន២នាក់ (HUELGAS Nikko Bryanនិង SAIM Jonard) ម្ចាស់ផ្ទះសឹង្ហបុរី២នាក់ (CHOW Sheng Renនិង LOO ChuanRong) និងថៃ២នាក់ (HEMWET Wutthiwat និង MANCHAI Thanongsak)។
អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាទទួលស្គាល់ថា៖ «កីឡាកររបស់យើងបានហាត់ជាប់លាប់ និងមានលក្ខណៈស្តង់ដារតែក្នុងរយៈពេល៣ខែចុងក្រោយប៉ុណ្ណោះ ខណៈកីឡាករនៃប្រទេសផ្សេងទៀតមានការត្រៀមខ្លួនរាប់ឆ្នាំមកហើយ»។ ទោះបីជាយ៉ាងណាក៏ដោយ លោក បញ្ញា ជឿជាក់ថា អត្តពលិកកម្ពុជានឹងមានការប្រឹងប្រែងខ្ពស់ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
ដោយមានលោក គង់ ឫទ្ធីជព្វ ជាប្រធាន សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាផ្លូវការនាអំឡុងឆ្នាំ២០០៩ ខណៈកីឡាបែបទំនើបនេះ មានវត្តមាន២លើករួចទៅហើយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយកាលពីឆ្នាំ២០០៥ ដែលរៀបចំនៅប្រទេសហ្វីលីពីននោះ កីឡាករសឹង្ហបុរីឈ្នះមេដាយមាស កីឡាករម៉ាឡេស៊ីឈ្នះមេដាយប្រាក់ និងកីឡាករហ្វីលីពីនបានមេដាយសំរឹទ្ធ ហើយ២ឆ្នាំក្រោយមក សឹង្ហបុរីទទួលបានមេដាយមាសបន្ថែមទៀត ខណៈហ្វីលីពីនបានមេដាយប្រាក់ និងសំរឹទ្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com