ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម​បន្ត​ផ្សព្វផ្សាយ​និង​ចែក​សៀវភៅ​ដល់​សិស្ស​ជិត១ពាន់​នាក់
29, May 2015 , 1:33 pm        
រូបភាព
 
នៅ​ព្រឹក​ថ្ងៃទី២៩ ខែឧសភា​នេះ មន្ត្រី​សាលាក្តី​ខ្មែរក្រហម​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​កិច្ចការ​តុលាការ​ក្នុងការ​ជំនុំជម្រះ​ក្តី​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជូន​ដល់​សិស្សានុសិស្ស​ជិត១ពាន់​នាក់​នៅ​វិទ្យាល័យ ហ៊ុន សែន​កោះអណ្តែត ក្នុងស្រុក​កោះអណ្តែត ខេត្តតាកែវ។



លោក នេត្រ ភក្ត្រា ដែល​បាន​ដឹកនាំ​ការងារ​នេះ​បាន​ថ្លែងថា​ការចុះ​ផ្សព្វផ្សាយ​នេះ សាលាក្តី​ខ្មែរក្រហម​បាន​ចែក​សៀវភៅ​សំណួរចម្លើយ​ទាក់ទង​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា  កិច្ច​ការដែល​តុលាការ​បានធ្វើ​ក្នុងការ​នាំយក​អតីត​មេដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មក​ជំនុំ​ជម្រះក្តី។ សៀវភៅ​នេះ​បាន​បំពេញបន្ថែម​ទៅលើ​ការសិក្សា​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​សិស្សានុសិស្ស​នៅក្នុង​កម្មវិធីសិក្សា​រប​ស់រ​ដ្ឋ។

បើតាម​លោក នេត្រ ភក្ត្រា​ដដែល បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​ដោយ​មន្ត្រី​សាលាក្តី​ខ្មែរក្រហម សិស្សានុសិស្ស​មួយចំនួន​ក៏បាន​សួរ​សំណួរ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ផងដែរ ដែល​សំណួរ​ភាគច្រើន​គឺ​ផ្តោត​ថា​ហេតុអ្វី​បានជា​របប​ខ្មែរក្រហម​សម្លាប់​មនុស្ស​បំបាត់​វត្ត​អារាម ជំនឿ​សាសនា និង​បំបាត់​សាលារៀន​ជាដើម។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​ពង្រឹង​ការយល់ដឹង​របស់​សិស្សានុសិស្ស​ដែលជា​យុវជន​ជំនាន់​ក្រោយ​បាន​យល់ច្បាស់​ពី​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ការជំនុំជម្រះ​ក្តី​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម។ ការផ្សព្វផ្សាយ​នេះ​ក៏​ធ្វើឡើង​ដើម្បី​ការចងចាំ ពី​ឧក្រិដ្ឋកម្ម​ដែល​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com