ជាតិ
លោក សុខ សង្វារ កូនលោក សុខ អាន ទទួលបាន​តំណែង​ខ្ពស់​ក្នុង​អាជ្ញាធរ​ជាតិ​អប្សរា
29, May 2015 , 2:06 pm        
រូបភាព
លោក សុខ សង្វារ និង​លោក ប៊ុន ណារិទ្ធ នា​ពិធី​ឡើង​កាន់​តំណែង​ជាផ្លូវការ​។ រូបថត អាជ្ញាធរអប្សរា
លោក សុខ សង្វារ និង​លោក ប៊ុន ណារិទ្ធ នា​ពិធី​ឡើង​កាន់​តំណែង​ជាផ្លូវការ​។ រូបថត អាជ្ញាធរអប្សរា
ភ្នំពេញ៖ លោក សុខ សង្វារ កូនប្រុស​របស់លោក សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​តែងតាំង​ជា​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែលមាន​ឋានៈ​ស្មើនឹង​អនុរដ្ឋលេខាធិការ។



ការតែងតាំង​នេះ បានធ្វើ​ឡើង​កាលពី​ម្សិលមិញ​នៅ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ដោយមាន​វត្តមាន​លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

រហូតមកដល់​ពេលនេះ អាជ្ញាធរ​ជាតិ​អប្សរា​មាន​អគ្គនាយករង​ជិត១០នាក់​ដើម្បី​ដឹកនាំ​ស្ថាប័ន​មួយ​នេះ។ សូមបញ្ជាក់ថា មុននឹង​ទទួលបាន​តំណែង​ជា​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ សង្វារ មាន​តួនាទី​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​ផែនការ​ទេសចរណ៍​នៅក្នុង​អាជ្ញាធរ​ជាតិ​អប្សរា។ ជាការ​កត់សម្គាល់ គេ​សង្កេតឃើញថា កូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួលបាន​តំណែង​ក្នុង​រដ្ឋាភិបាល​កាន់តែច្រើនឡើងៗ ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ជ្រុន សុផល និង​លោក គង់ មរកត ត្រូវ​បាន​តែងតាំងជាឧបការី​អាជ្ញាធរអប្សរា ដែលមានឋានៈ​ស្មើអគ្គនាយក​រង ខណៈ​លោក ឡុង កុសល ទទួល​តំណែង​ជា​ប្រធាននាយក​ដ្ឋាន​ផ្សព្វផ្សាយ៕




© រក្សាសិទ្ធិដោយ thmeythmey.com