អន្តរជាតិ
នយោបាយអន្តរជាតិ
ថៃរៀបចំការជជែកថ្នាក់តំបន់ ដោយគ្មានវិធានការបញ្ចប់វិបត្តិជនភៀសខ្លួន
×
នៅថ្ងៃសុក្រនេះកិច្ចប្រជុំថ្នាក់តំបន់មានតំណាងប្រទេស១៧ចូលរួមត្រូវរៀបចំឡើងនៅក្នុងក្រុងបាងកក ជជែគ្នាពីបញ្ហាជនភៀសខ្លួនតាមសមុទ្រ។ កិច្ចប្រជុំថ្នាក់តំបន់តែមិនមែនថ្នាក់រដ្ឋមន្ត្រីនោះត្រូវរៀបចំឡើងក្រោយពេលដែលបញ្ហាជនភៀសខ្លួនក្លាយជាបញ្ហាក្តៅនិងអាម៉ាសសម្រាប់តំបន់។ ប៉ុន្តែកិច្ចប្រជុំថ្នាក់ទាប ហើយធ្វើឡើងមួយថ្ងៃបែបនេះច្រើនតែជជែកគ្នាច្រើនជាងរកដំណោះស្រាយបញ្ចប់បញ្ហាប្រឈម។
លោក មុំ ពិទូរ្យលម្អិតព័ត៌មាននេះ
ប្រតិភូតំណាងប្រទេស១៧ នាំគ្នាចូលរួមក្នុងកិច្ចប្រជុំនៅក្នុងទីក្រុងបាងកក ដើម្បីជជែកពិភាក្សាគ្នារកដំណោះស្រាយបញ្ចប់វិបត្តិជនភៀសខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ ជំនួបពិភាក្សានេះរៀបចំឡើងលំដាប់ថ្នាក់ទាបប៉ុណ្ណោះ មិនមែនលំដាប់ថ្នាក់រដ្ឋមន្ត្រីឡើយ។
ក្នុងចំណោមតំណាងប្រទេសដែលចូលរួមទាំងនោះ មានអ្នកតំណាងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បង់ក្លាដែស និងមីយ៉ាន់ម៉ាផងដែរ។ យ៉ាងណាមិញការដោះស្រាយបញ្ហាជនភៀសខ្លួននេះមិនមែនអាចធ្វើទៅបានត្រឹមប្រជុំគ្នាមួយថ្ងៃនោះទេ។ វាចាំបាច់ត្រូវមានការចូលរួមនិងសហការគ្នាឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយឬសគល់បញ្ហាជនភៀសខ្លួនទាំងនោះ។
ជុំវិញការរៀបចំកិច្ចប្រជុំនេះដែរ គេដឹងថា បណ្តាប្រទេសពាក់ព័ន្ធនឹងផ្តោតការពិភាក្សាលើវិធានការឆ្លើយតបការបន្តកើនឡើងជនភៀសខ្លួនតាមទូក ជាពិសេសចំណាត់ការបញ្ចប់ការជួញដូរមនុស្សតាមសមុទ្រនេះតែម្តង។ ការជួញដូរមនុស្សតាមសមុទ្រនេះហើយត្រូវបានប្រទេសថៃ និងប្រទេសពាក់ព័ន្ធចាត់ទុកថាជាមូលហេតុចម្បងនៃការកើនឡើងនៃចំនួនអ្នករត់ភៀសខ្លួន។ សូមរំលឹកបន្តិចថា កន្លងមក វិបត្តិជនភៀសខ្លួនផ្ទុះឡើងនិងកាន់តែធ្ងន់ធ្ងរក្រោយពេលដែលអាជ្ញាធរថៃ ចាត់វិធានការកម្ចាត់រាល់រូបភាពជួញដូរមនុស្សតាមទូកដែលឆ្លងកាត់តាមសមុទ្ររបស់ខ្លួន។
យ៉ាងណាមិញ ការជួញដូរមនុស្សជាបញ្ហាមួយ ប៉ុន្តែជនភៀសខ្លួនបង្ខំចិត្ត បន្តរត់ចាកចេញពីប្រទេស ក៏ដើម្បីចង់ស្វែងរកជីវិតថ្មីនិងគេចពីគ្រោះភ័យ ទុក្ខលំបាកវេទនាជាដើម។
ជាក់ស្តែង ចំនួនជនភៀសខ្លួនភាគច្រើនចាកចេញពីប្រទេសមីយ៉ាន់ម៉ាដើម្បីរត់គេចចេញពីគ្រោះថ្នាក់និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា។ បើសិនជាចង់ដោះស្រាយបញ្ហានេះ មីយ៉ាន់ម៉ាត្រូវដោះស្រាយនិងបញ្ចប់គោលនយោបាយរើសអើងនិងធ្វើបាបជនជាតិភាគតិច។
ស្ថាប័នអង្គការសិទ្ធិមនុស្សសាទរចំពោះការរៀបចំកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហាជនភៀសខ្លួននេះ ប៉ុន្តែស្ថាប័ននិងអង្គការទទួលបន្ទុកសិទ្ធិមនុស្សនាំគ្នារិះគន់សមាជិកនិងស្ថាប័នអាស៊ានទាំងមូលដែលព្រងើយកន្តើយ និងធ្វើគថ្លង់ចំពោះបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ គេរិះគន់ការជ្រើសរើសយកគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរដ្ឋជាសមាជិករបស់អាស៊ាននេះ ដែលបណ្តែតបណ្តោយឲ្យមីយ៉ាន់ម៉ាធ្វើតាមអំពើចិត្ត ដោយរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យតំបន់ទាំងមូលឈឺក្បាលព្រោះជនភៀសខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com