ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​CNRPទាមទារ​ឲ្យ​លោក ហោ ណាំហុង បង្ហាញ​ផែនទី​កម្ពុជា
29, May 2015 , 3:55 pm        
រូបភាព
 
លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​មានប្រសាសន៍​ថា រូបលោក និង​តំណាងរាស្ត្រ​ជាច្រើនរូប​ទៀត បាន​សរសេរ​លិខិត​បញ្ជូន​ទៅកាន់​លោក ហេង សំរិន ប្រធានរដ្ឋសភា​រួចរាល់​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បង្ហាញ​ផែនទី​ខ្នាត១លើ១០០០០០ ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។



លោក ម៉ៅ មុនី​វណ្ណ បាន​បញ្ជាក់ថា ការស្នើ​ទៅកាន់​ប្រធានរដ្ឋសភា​នេះ ដោយសារតែ​លោក​ចង់ដឹង និង​ចង់ឃើញ​ផែនទី​ខ្នាត១លើ១០០០០០ ដែល​លោក ហោ ណាំហុង អះអាង​កន្លងមក​ថា ខ្លួន​បាន​អនុវត្តតាម​ផែនទី​នេះ។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅ​ថ្ងៃ​សុក្រ​នេះ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​រូបនេះ បាន​បញ្ជាក់ថា៖« ខ្ញុំ​និង​តំណាងរាស្ត្រ​មួយចំនួនទៀត បានរៀបចំ​លិខិត​បញ្ជូន​ទៅកាន់​ប្រធានរដ្ឋសភា​រួចរាល់​ហើយ ដើម្បី​ស្នើ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បង្ហាញ​ផែនទី ១លើ១០០០០០ ជា​សាធារណៈ។ លិខិត​នេះ​យើង​នឹង​បញ្ជូនទៅ​ថ្ងៃនេះ​ហើយ តែ​យ៉ាងណា​យើង​ក៏​នៅ​រងចាំ​ចំណារ​ចា​ពី​លោក​ប្រធានរដ្ឋសភា​សិន ក្នុង​សំណើរ​នេះដែរ»។

នៅក្នុង​វីដេអូ​វេទិកា​តុមូល ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម ដោយមាន​វត្តមាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក ឡុង វិ​សា​លោ អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោក កែវ រ៉េមី អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួម​ផងដែរ​នោះ សុទ្ធតែ​អះអាង​រដ្ឋាភិបាល​បាន​អនុវត្តតាម​ផែនទី​ខ្នាត១លើ១០០០០០ ក្នុងការ​គ្រប់គ្រង​ព្រំដែន។

លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់ថា រដ្ឋាភិបាល​មាន​ផែនទី​ចំលង​មួយច្បាប់​ចេញពី​ផែនទី​ដែល​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ។ ហើយ​ផែនទី​ចំលង​នោះ បាន​តម្កល់ទុក​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។

តែ​យ៉ាងណា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បានបញ្ជាក់​កន្លងមក​ថា រូបលោក​បានទទួលរ​បាយ​ការណ៍​ពី​អ្នកស្នេហាជាតិ​ម្នាក់ ដែល​បានផ្ដល់​ឯកសារ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ ដោយ​ក្នុង​ឯកសារ​បង្ហាញថា លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អនុវត្ត​កិច្ចការងារ​កន្លងមក​តាម​ឯកសារ​ព្រំដែន ដែល​លោក វ៉ា គីម​ហុង បានស្នើ​សុំ​ឯកសារ​ចំលង​ពី​ប្រទេស​វៀតណាម ដែលជា​គូប​ដិ​បក្ស​ព្រំដែន​ជាមួយ​កម្ពុជា​ទៅវិញ​ទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com